ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ប្រើប្រាស់​សេវា​រថយន្តក្រុង​សាធារណៈ​ឡើងវិញ​ដើម្បី​កាត់​​បន្ថយថ្លៃ​ចំណាយ ស្របពេល​តម្លៃ​សាំង​លើ​ទីផ្សារ​មានការ​កើនឡើង​ខ្ពស់ ហើយ​ការប្រើប្រាស់​តាម​មធ្យោបាយ​មួយ​នេះ​ក៏​ផ្តល់​សុវត្ថិភាព​ដល់​អ្នកធ្វើដំណើរ​ផងដែរ​។

លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៥ មីនា​ថា រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ និង​បានដាក់​ដំណើរការ​សេវា​រថយន្ត​ក្រុង​នេះ​ឡើងវិញ​ផងដែរ​​ក្រោយ​ប្រកាស​បញ្ចប់​ព្រឹត្តិការណ៍​ ២០ កុម្ភៈ​។

លោក​បាន​បន្តថា កាលពីមុន​អ្នកចូលរួម​ប្រើប្រាស់​រថយន្តក្រុង​របស់​រដ្ឋ​គឺមាន​ទៅ​​ដល់​ជិត​ ៣ ​ម៉ឺន​នាក់ ក្នុង ​១ ​ថ្ងៃ​ ​ប៉ុន្តែ​លោក​អះអាងថា ក្នុង​ពេលនេះ​ចំនួន​អ្នកប្រើប្រាស់​គឺមាន​ការធ្លាក់​ចុះ​ខ្លាំង​មែនទែន​ដោយ​ក្នុង​ ១ ​ថ្ងៃ មាន​ប្រមាណ​ ៧ ០០០ ​នាក់​ប៉ុណ្ណោះ​។

លោក កើត ឆែ បាន​បញ្ជាក់ថា​៖ «​ដោយសារតែ​បែបនេះហើយ បានជា​យើង​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​រថយន្តក្រុង​វិញ​កុំឱ្យ​ខ្លាច​នឹង​ការឆ្លង​កូវីដ​ ១៩ ព្រោះ​យើង​បាន​រក្សា​ ៣ ​កុំ ៣​ ការពារ តាម​វិធាន​សុខាភិបាល​បានល្អ​ប្រសើរ​​ណាស់​។ ​មួយទៀត​ក្នុង​ស្ថានភាព​ពេលនេះ ពិភពលោក​ឡើងថ្លៃ​ប្រេង បើកាលណា​យើង​ជិះ​រថយន្តក្រុង​គឺ​ជួយ​សម្រាល​បន្ទុក​បងប្អូន​យើង​»​។

បន្ថែម​ពីនេះ លោក​ក៏បាន​អះអាង​ដែរ​ថា ការងាក​មក​គាំទ្រ​សេវា​រថយន្តក្រុង​របស់​រដ្ឋ​ក៏បាន​ចូលរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ធានា​សុវត្ថិភាព​ដល់​ការធ្វើដំណើរ​ផងដែរ ខណៈ​សាលា​រាជធានី​-​ភ្នំពេញ​បន្ត​ខិតខំ​ប្រឹងប្រែង​ដោយ​ធ្វើយ៉ាងណា បង្ខិត​សេវា​ទាំងនេះ​ឱ្យ​កៀក​ជាមួយ​ពលរដ្ឋ​។

លោក​បាន​បន្តថា​៖ «​ការចូលរួម​ប្រើប្រាស់​រថយន្តក្រុង​គឺ​ចូលរួម​ថែរក្សា​បរិស្ថាន​ទីក្រុង​យើង​ដោយ​យើង​បាន​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​មធ្យោបាយ​ច្រើន ហើយ​មួយទៀត​យើង​​ក៏​ជា​បុគ្គល​ម្នាក់​បាន​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ព្រោះ​យើង​គិត​មើល​បើ​មនុស្ស​ជាង​ ៣ ​ម៉ឺន​នាក់ ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ តើ​យើង​គិតថា មាន​មធ្យោបាយ​លើ​ដងផ្លូវ​ប៉ុន្មាន​? ដូច្នេះ​យើង​សុំឱ្យ​គាត់​ប្រើប្រាស់​ដើម្បី​ចូលរួម​ទាំងអស់គ្នា​»​។

សូមជម្រាបថា សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ (City Bus) រាជធានី​ភ្នំពេញ គឺ​ចាប់ផ្តើម​ដំណើរការ​ពី​ម៉ោង​ ៥​ កន្លះ​ព្រឹក​ដល់​ម៉ោង ៨ ​កន្លះ​យប់​ដោយ​តម្លៃ​សំបុត្រ​ ១ ៥០០ ​រៀល ក្នុង​ម្នាក់​ ឬ​ ១ ​លើក ហើយ​តម្លៃ​នេះ​ត្រូវ​បាន​លើកលែង​ចំពោះ​ព្រះសង្ឃ ចាស់ជរា ជនពិការ កម្មករ កម្មការិនី សិស្ស និស្សិត និង​កុមារ​កម្ពស់​ក្រោម​ ១ ​ម៉ែត្រ​។

លោក ឃ្លី នរៈ ប្រធាន​ការិយាល័យ​រដ្ឋបាល​រដ្ឋាករ​ស្វយ័ត​​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ មីនា​ថា ក្រោយ​ប្រកាស​ដាក់​ដំណើរការ​សេវា​រថយន្ត​ក្រុង​នេះ​ឡើងវិញ ក្រោយ​ផ្អាក​សកម្មភាព​មួយរយៈ​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បាន​ដំណើរការ​រថយន្តក្រុង​ចំនួន ៦០ ​គ្រៀង​ ដើម្បី​បម្រើ​សេវេកម្ម​ដល់​អតិថិជន​លើផ្លូវ​សំខាន់ៗ​មួយ​ចំនួន​វិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ពេល​​នេះ យើង​ដាក់​ដំណើរការ​ផ្លូវ​​រថយន្តក្រុង​ចំនួន ​៤ ​ខ្សែ ឬ​ប្រមាណ​ ៣០ ភាគរយ គឺមាន​ផ្លូវ​ខ្សែ លេខ ​១ រហូតដល់​ខ្សែ​លេខ ​៤ ដែលជា​ផ្លូវ​សំខាន់​។ ​យើង​​ក៏​កំពុង​ប្រជុំ​គិតគូរ​ដែរ​ហើយ ដើម្បី​គិតគូរ​បើក​ខ្សែ​ថ្មីៗ​បន្តទៀត​ឱ្យបាន​គ្រប់​ ១៣ ​ខ្សែ​ឡើងវិញ ហើយ​កិច្ចការងារ​នេះ ពេល​ចូលឆ្នាំ​ខ្មែរ​ហើយ យើង​នឹង​ប្រជុំ​ពិភាក្សាគ្នា​ម្តងទៀត​»​។

បើតាម​លោក​ ឃ្លី នរៈ ក្នុង​​ពេលបច្ចុប្បន្ន​នេះ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុងមាន​អ្នកបើកបរ​ជាង​ ២០០​ នាក់ ដើម្បី​រង់ចាំ​បម្រើសេវា​ដល់​អតិថិជន ខណៈ​រដ្ឋាករ​ស្វយ័ត​ក៏​កំពុង​ធ្វើការ​ជួសជុល​ចំណតរថយន្ត​មួយចំនួន​ដែល​រង​ការខូចខាត​ឡើងវិញ​ផងដែរ​៕

វីដេអូ៖