ព្រះសីហុនៈ កងទ័ពស្វ័យការពារជើងទឹកជប៉ុន នាថ្ងៃទី ១៦ ខែមីនា បានធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពសមុទ្ររាម នាខេត្តព្រះសីហនុ ដើម្បីពង្រឹងការយល់ដឹងពីគ្នា និងទំនាក់ទំនងទៅវិញទៅមក ផ្អែកលើទំនុកចិត្ត ជាមួយកងទ័ពជើងទឹកកម្ពុជា។
នាវាកងស្វ័យការពារជើងទឹកជប៉ុន ២ គ្រឿង URAGA និង HIRADO ដែលមាននាវិក១៨០នាក់បានចូលសុំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី១៥-១៧ ខែមីនា ដើម្បីលើកកម្ពស់មិត្តភាព ពង្រឹងការយល់ដឹងពីគ្នា ជាមួយកងទ័ពជើងទឹកកម្ពុជា និងសម្រេចបាននូវ «ឥណ្ឌូប៉ាស៊ីហ្វិក សេរីនិងបើកចំហ»។
យោងតាមទំព័រហ្វេសប៊ុកលេខាធិការដ្ឋានមូលដ្ឋានសមុទ្រ នាថ្ងៃទី ១៦ ខែមីនា បានឱ្យដឹងថាលោកអ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បានទទួលស្វាគមន៍ គណៈប្រតិភូនាវាជប៉ុន ដែលដឹកនាំដោយលោកមិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោកណូហ្ស៊ូឈី យ៉ាស៊ូស៊ី (Nogochi Yasushi) មេបញ្ជាការកងពលធំទី១ បោសសម្អាតមីនប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងដំណើរបំពេញទស្សនកិច្ច នៅមូលដ្ឋានសមុទ្រ។
ហ្វេសប៊ុកដដែល បញ្ជាក់ថា៖ «នាឱកាសនេះ ឧត្តមនាវីឯក អ៊ុក សីហា ក្នុងនាមមេបញ្ជាការមានក្តីសោមនស្សយ៉ាងក្រៃលែង ចំពោះវត្តមានគណៈប្រតិភូនាវាកងស្វ័យការពារជប៉ុនបានមកបំពេញទស្សកិច្ចនាពេលនេះ ហើយមាននាវាជប៉ុនចំនួន២៧គ្រឿងកន្លងមកដែលបានមកបំពេញទស្សនកិច្ច នៅមូលដ្ឋានសមុទ្រ។ ការទស្សនកិច្ចនេះក្នុងបំណងដើម្បីរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ជប៉ុន»។
សារព័ត៌មាន Fresh News បានរាយការណ៍ថា លោកអ៊ុក សីហា បានអនុញ្ញាតឱ្យលោកMikami និងលោក Nogochi ធ្វើដំណើរដោយថ្មើរជើង ដើម្បីបានផ្តល់ឱកាសអាចពិនិត្យទិដ្ឋភាព នៅបញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម។
Fresh News រាយការណ៍ថា៖ «លោកឧត្តមនាវីឯកអ៊ុក សីហា ក៏បាននាំលោកឯកអគ្គរាជទូតនិងមេបញ្ជាការស្វ័យការពារជើងទឹកជប៉ុន ទៅត្រួតពិនិត្យរោងជាងដែលកងទ័ពជើងទឹកកំពុងធ្វើសកម្មភាពជួសជុលនាវា»។
នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននាថ្ងៃទី១៥ ខែមីនាលោក Nogochi ប្រាប់លោក ហ៊ុន សែនថា បេសកកម្មករបស់លោក គឺដើម្បីរក្សាសុវត្ថិភាព សន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិច ដែលបើកចំហ និងសេរី ដោយលោកប្តេជ្ញាថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើយ៉ាងណា រក្សានូវសន្តិភាព និងសន្តិសុខក្នុងតំបន់។ នេះបើយោងតាមហ្វេសប៊ុកលោក ហ៊ុន សែននាថ្ងៃទី១៥ ខែមីនា។
លោក ហ៊ុន សែន បានធ្វើការស្វាគមន៍ ដែលនាវាជប៉ុន បានចូលចតនៅកម្ពុជាហើយការចូលចតនេះ គឺចំខួប៣០ឆ្នាំ របស់ប្រតិបត្តិការរក្សាសន្តិភាព (PKO)ដោយលោកបញ្ជាក់ថា ការចូលចតនេះ គឺមកឃើញនូវភាពជោគជ័យ នៃប្រតិបត្តិការ PKO កាលពីរយៈពេល៣០ឆ្នាំកន្លងទៅ។
តាមប្រតិបត្តិការរក្សាសន្តិភាព PKO រយៈពេល៣០ឆ្នាំកន្លងមកនេះ លោកហ៊ុន សែនថ្លែងថាតួនាទីរបស់ជប៉ុន នៅក្នុងឆាកអន្តរជាតិ ក្នុងការស្វែងរកសន្តិភាពកាន់តែមានការីកចម្រើនឡើង ហើយប្រតិបត្តិការ PKO ដែលបានមកកាន់កម្ពុជាកន្លងមក មិនត្រឹមតែបានជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ និងបានជួយជំរុញការអភិវឌ្ឍកម្ពុជាថែមទៀតផង។
ចំពោះកិច្ចប្រតិបត្តិការ PKO លោកហ៊ុន សែនលើកទឹកចិត្ត ឱ្យបន្តកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណា ជំរុញតំបន់ឱ្យមានសន្តិសុខ និងសុវត្ថិភាព និងគោរពច្បាប់ឱ្យបានត្រឹមត្រូវ។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងថា ការចូលសុំចតនាវាកងស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នេះ គឺជាការលើកកម្ពស់កម្រិតនៃការផ្លាស់ប្តូរ ជាមួយកម្ពុជា ក្នុងរូបភាពនៃការធ្វើសមយុទ្ធរួមគ្នា។ វាគឺជាការលើកកម្ពស់នៃវិស័យការពារជាតិ នៃប្រទេសទាំង២ ក្នុងគោលដៅមនុស្សធម៌ និងគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ។
លោកថ្លែងថា៖ «វាជាមុខមាត់ វាជារូបភាពល្អមួយ របស់កម្ពុជា ក្នុងឆាកតំបន់និងអន្តរជាតិផងដែរ»៕