រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលការធ្វើតេស្តរហ័ស និងលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោង សម្រាប់អ្នកដំណើរមកពីក្រៅនៅពេលមកដល់ប្រទេសកម្ពុជា។
ការសម្រេចនេះត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ លោក ម៉ម ប៊ុនហេង ចេញសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២ នេះ។
លោក ម៉ម ប៊ុន ហេង បានលើកឡើងថា យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានសម្រេចលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោង មុនពេលមកដល់កម្ពុជា។
លោកបានបន្តថា៖ «យើងក៏សម្រេចលុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក»។
ទោះបីមានការលុបចោលលក្ខខណ្ឌទាំងនេះក៏ដោយ ក្រសួងសុខាភិបាលនៅតែលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ ជាមួយគ្នានេះអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ ១៩ នៅពេលមកដល់កម្ពុជា។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ ១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច៕
វីដេអូ៖