ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រាប់មន្ត្រីអង្គការសហប្រជាជាតិ (UN) ថា លោកនឹងបន្តជំរុញឱ្យមានការចរចាក្នុងចំណោមភាគីវិវាទការងាររវាងអតីតបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីឈានទៅបញ្ចប់វិវាទនេះឱ្យបានឆាប់។
នៅក្នុងជំនួបកាលពីថ្ងៃទី ១៥ ខែមីនា ជាមួយលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់ UN តាមប្រព័ន្ធវីដេអូ លោក ស ខេង បានប្រាប់អ្នករាយការណ៍ពិសេសរូបនេះថា លោកតែងអំពាវនាវ និងជំរុញឱ្យភាគីវិវាទការងាររវាងអតីតបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ប្រកាន់យកការចរចាដើម្បីឈានទៅរកដំណោះស្រាយ។
ហ្វេសប៊ុករដ្ឋមន្ត្រីមហាផ្ទៃបញ្ជាក់ថា៖ «ពេលនេះមានការដោះលែងអ្នកពាក់ព័ន្ធមួយចំនួនឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នដើម្បីស្វែងរកការចរចាបន្តក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយសម្ដេចក៏នៅតែបន្តលើកទឹកចិត្ត និងជំរុញឱ្យមានការចរចា ដើម្បីឈានទៅបញ្ចប់បញ្ហានេះឱ្យបានឆាប់ដែរ»។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៤ ខែមីនា មន្ត្រីពន្ធនាគារបានដោះលែងមេដឹកនាំ និងសមាជិកសហជីពនៅកាស៊ីណូណាហ្គាវើលដ៍ចំនួន ៨ នាក់ក្នុងចំណោម ១១ នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នតាមការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ។
ការដោះលែងនេះធ្វើឡើង បន្ទាប់ពីអ្នកជាប់ឃុំទាំង ៨ នាក់នោះ បានដាក់លិខិតទៅក្រសួងការងារឱ្យជួយអន្តរាគមន៍តាមផ្លូវច្បាប់ឱ្យពួកគេបាននៅក្រៅឃុំ ដើម្បីធ្វើជាប្រតិភូតំណាងបុគ្គលិកក្នុងការចរចាដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ និងសន្យាមិនឱ្យមានការប្រមូលផ្តុំទៀតឡើយ។
សូមជម្រាបថា ក្រុមកូដករណាហ្គាវើលដ៍បានចាប់ផ្តើមធ្វើកូដកម្មកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកប្រមាណ ៣៦០ នាក់ ចូលធ្វើការវិញ ដែលរហូតមកទល់ពេលនេះមានរយៈពេលប្រមាណ ៣ ខែមកហើយ។
កាលពីដើមខែមករា ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិចំនួន ៤ រូប ដែលក្នុងនោះមានលោក វិទិត មុនតាប៊ន ដែរនោះបានចេញសេចក្តីថ្លែងការណ៍ពីទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយលើកឡើងថា ការចាប់ និងឃុំខ្លួនអ្នកដឹកនាំ និងសកម្មជនសហជីពកាស៊ីណូក្នុងអំឡុងពេលធ្វើកូដកម្មជាបន្តបន្ទាប់អាចជាការរំលោភបំពានលើច្បាប់សិទ្ធិមនុស្ស។
ពាក់ព័ន្ធនឹងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ ២០២២ នៅក្នុងជំនួបនេះលោក ស ខេង ប្រាប់អ្នករាយការណ៍ពិសេសរូបនេះថា ការបោះឆ្នោតនេះគឺស្របតាមរដ្ឋធម្មនុញ្ញ និងជាការបង្ហាញពីឆន្ទៈរដ្ឋាភិបាលក្នុងការខិតខំអនុវត្តកំណែទម្រង់ ដើម្បីផ្ទេរសិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ខណៈមានគណបក្សចំនួន ១៧ បានចុះឈ្មោះបេក្ខជនចូលរួមបោះឆ្នោត។
លោកថ្លែងថា លោកតែងណែនាំជារឿយៗឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលការធ្វើសកម្មភាពរបស់គណបក្សនយោបាយទាំងនោះដោយលោកប្រកាសស្វាគមន៍ទទួលយកព័ត៌មានពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងដំណើរការបោះឆ្នោតនេះដែរ។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៤ ខែមីនា បានបើកកិច្ចប្រជុំក្រើនរំឭកដល់បណ្តារាជធានី-ខេត្តនៅទូទាំងប្រទេសឱ្យបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីតាមការណែនាំពីលោក ស ខេង ក្រោយពីឃើញមានភាពមិនប្រក្រតីកើតឡើងក្នុងរាជធានី-ខេត្តមួយចំនួន។
លោក ស ខេង បានប្រាប់អ្នករាយការណ៍រូបនេះថា គណបក្សដែលត្រូវបានលុបចេញពីបញ្ជីគណបក្សនយោបាយ គឺច្បាប់បានបើកសិទ្ធិឱ្យប្ដឹងជំទាស់ទៅនឹងការសម្រេចលុបនោះហើយចំពោះអ្នកអនុវត្តផ្ទុយនឹងច្បាប់ ក្រសួងមហាផ្ទៃបានចាត់តាំងអនុវត្តតាមនីតិវិធី ដោយបានប្ដឹងទៅស្ថាប័នតុលាការដើម្បីចាត់វិធានការបន្តតាមច្បាប់។
ពាក់ព័ន្ធនឹងស្ថានភាពក្នុងពន្ធនាគារ លោក ស ខេង ប្រាប់ លោក វិទិត មុនតាប៊ន ថា ចំនួនអ្នកជាប់ឃុំនៅកម្ពុជាមានប្រមាណជាង ៣ ម៉ឺននាក់ ដែលក្នុងនោះជាង ៥០ ភាគរយជាអ្នកជាប់ឃុំពាក់ព័ន្ធករណីគ្រឿងញៀន។
ហ្វេសប៊ុករដ្ឋមន្ត្រីមហាផ្ទៃបញ្ជាក់ថា៖ «បញ្ហាប្រឈមមួយគឺបញ្ហាចង្អៀតណែន ហើយថា ក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីដោះស្រាយបញ្ហានេះ និងកំពុងតែគិតគូរការលើកលែងនូវការឃុំខ្លួន រង់ចាំនីតិវិធីតុលាការចំពោះបទល្មើសស្រាលៗមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយភាពចង្អៀតណែនបានមួយផ្នែក»។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហាជនភៀសខ្លួន លោក ស ខេង ប្រាប់អ្នករាយការណ៍ពិសេសថា ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួន កម្ពុជាអនុវត្ត «យ៉ាងខ្ជាប់ខ្ជួន» នូវកាតព្វកិច្ចរបស់ខ្លួនចំពោះជនជាតិម៉ុងតាញ៉ាដែលឆ្លងដែនចូលកម្ពុជាដោយខិតខំដោះស្រាយបញ្ហានេះចំពោះអ្នកស្វែងរកប្រទេសទី ៣ ដើម្បីជ្រកកោន។
លោកថ្លែងថា៖ «ចំណែកអ្នកចង់ត្រឡប់ទៅវិញក្រសួងមហាផ្ទៃក៏បានសហការជាមួយអង្គការ UNHCR [ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន] ដើម្បីជួយសម្របសម្រួលការងារនេះដែរ រាប់ទាំងជនភៀសខ្លួនដទៃទៀត ដែលកំពុងមានវត្តមាននៅកម្ពុជា»។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៦ ខែមីនាថា ជនជាតិម៉ុងតាញ៉ាត្រូវបានធ្វើទុក្ខបុកម្នេញពីអាជ្ញាធររដ្ឋដែលធ្វើឱ្យពួកគាត់អាចនឹងមានការភិតភ័យ និងពិបាករស់នៅក្នុងទឹកដីកំណើតដែលធ្វើឱ្យពួកគាត់ទៅជ្រកកោននៅប្រទេសដទៃ។
លោកថ្លែងថា៖ «ចំពោះកិច្ចសហប្រត្តិបត្តិការដែលក្រសួង [មហាផ្ទៃ] នឹងធ្វើឡើងជាមួយនឹង UNHCR ជារឿងមួយចាំបាច់ ព្រោះប្រទេសកម្ពុជាក៏ជាហត្ថលេខីនៃ UNHCR ហ្នឹងដែរ»។
លោកបានថ្លែងថា៖ «ខ្ញុំយល់ថា អង្គការសហប្រជាជាតិក៏ដូចជាកម្ពុជានឹងសហការគ្នាបានល្អ ហើយនិងជួយការពារដល់សិទ្ធិរស់រានមានជីវិត ហើយនិងសន្តិសុខ ក៏ដូចជាសិទ្ធិចាំបាច់ផ្សេងៗរបស់ជនជាតិម៉ុងតាញ៉ាទាំងអស់នេះដែលគាត់កំពុងតែខ្វល់ខ្វាយនៅក្នុងការរកនូវទីជម្រកដែលមានសុវត្ថិភាព ហើយនិងប្រទេសទី ៣ ដែលគាត់ចង់ទៅកាន់ ដើម្បីសុវត្ថិភាពដើម្បីប្រើប្រាស់សិទ្ធិរបស់គាត់ទៅថ្ងៃអនាគតទៀត»៕