ភ្នំពេញៈ សហមេធាវី​របស់លោក កឹម សុខា ស្នើសុំ​ចៅក្រម​ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ពន្យារពេល​សវនាការ​បន្ត​ទៀត ក្រោយពី​ត្រូវបាន​ពន្យារពេល​ចំនួន ២ ​លើក​ក្រោម​ហេតុផល តំណាង​អយ្យការ ឬ​អ្នកផ្សេង​មាន​វិជ្ជមាន​កូវីដ​ ១៩ ដោយ​លើកឡើងថា ការពន្យារ​ពេលនេះ វា​នឹង​ធ្វើ​ឱ្យ​មាន​ការអូសបន្លាយ​ពេលវេលា​កាន់តែ​យូរ និង​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​ជនជាប់ចោទ​។

ក្រោយ​បញ្ចប់​សវនាការ​ពេញ​ ១​ ព្រឹក​នា​ថ្ងៃទី​ ១៦ ខែមីនា លោក អាង ឧត្តម សហ​មេធាវី​លោក កឹម សុខា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា លោក​បានលើកឡើង​ពី​ការកត់សម្គាល់​ចំពោះ​សវនាការ​នាពេល​កន្លងមក ជាពិសេស​ករណី​លើក​ពេល​សវនាការ​ ២ ​ដង​ចុងក្រោយ​នេះ ដែល​មិន​សមហេតុ​សមផល និង​មិន​ត្រឹមត្រូវ ដោយសារ​តែ បុគ្គល​ម្នាក់​មាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ បែរជា​ផ្អាក​សវនាការ​ទាំងមូល ដែល​នេះ​វា​បាន​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជនជាប់ចោទ ដែល​ត្រូវ​ទទួលបាន​ការកាត់ក្តី​ដោយ​ឆាប់រហ័ស​។

លោក​បន្តថា ទោះជា​យ៉ាងណា​លោក ថា វិធានការ​សុខាភិបាល វា​មិនធំ​ជាង​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​នោះទេ ដែល​លោក​ ហ៊ុន សែន ​ថា អ្នកណា​មាន​វិជ្ជមាន ត្រូវយក​អ្នកនោះ​ទៅ​ពេទ្យ ដើម្បី​ព្យាបាល ហើយ​អ្នកដទៃ​ទៀត ដែល​មិនមាន​វិជ្ជមាន​ទេ គឺ​នៅតែ​បន្ត​ធ្វើការ ហើយ​ស្ថាប័ន គឺ​នៅតែ​មាន​ដំណើរការ​ដដែល​។

លោក​បាន​បញ្ជាក់ថា​៖ «​សហមេធាវី​របស់ខ្ញុំ ស្នើសុំ​កុំឱ្យ​ករណី​នេះ​បន្ត​កើតឡើង​បន្ថែមទៀត ព្រោះ​ថ្ងៃក្រោយ​អាច​មាន​អ្នក​ផ្សេងទៀត​ជា​ក្រឡាបញ្ជី ចៅក្រម និង​បុគ្គលិក​នៅក្នុង​សវនាការ​ផ្សេងទៀត​មាន​វិជ្ជមាន​។ យើង​មាន​សវនាការ ១ ​អាទិត្យ តែ ១ ​ព្រឹក និង ១​ ព្រឹក​បានតែ ៣​ ម៉ោង​ទៀត មិន​ដូច​លើក​មុន​ (​លើក​មុន​សវនាការ ៣ ​ដង​ក្នុង​ ១ ​សប្តាហ៍​)»​។

លោក​បន្តថា សវនាការ​លើក​នេះ​ក៏បាន​ផ្តោតលើ​សេចក្តី​សន្និដ្ឋាន លើ​ភ័ស្តុតាង​បន្ថែម​ថ្មី​ចំនួន​ ២ ដែល​ភាគី​តំណាង​អយ្យការ​បានដាក់​ជូនទៅ​តុលាការ ខណៈ​ភ័ស្តុតាង​ទាំង​ ២ ​នេះ ក្រុម​មេធាវី​របស់លោក​បាន​ពិភាក្សា ពន្យល់​រួចរាល់​ហើយ​កាលពី​សវនាការ​មុនៗ​។ ទោះជា​យ៉ាងណា តុលាការ​បានអនុញ្ញាត​ឱ្យ​តំណាង​អយ្យការ​ធ្វើ​សេចក្តី​សន្និដ្ឋាន និង​ច្រានចោល​នូវ​ភ័ស្តុតាង​ដែល​ក្រុម​សហមេធាវី​របស់លោក​បាន​ដាក់​មួយចំនួន​ដោយ​សំអាងថា គ្មាន​កាលបរិច្ឆេទ​ច្បាស់លាស់​។

បើតាម​លោក អាង ឧត្តម ជាមួយ​គ្នា​នេះ សហមេធាវី​របស់លោក​ក៏បាន​ស្នើសុំ​តុលាការ​ច្រានចោល​ភ័ស្តុតាង​ថ្មី​ដែល​តំណាង​អយ្យការ​បានដាក់ ដោយសារ​វា​ខុស​គោលការណ៍​ច្បាប់ និង​ខុស​នីតិវិធី ព្រោះ​តំណាង​អយ្យការ​មិនអាច​ដាក់​ភ័ស្តុតាង​នៅ​គ្រប់​ដំណាក់កាល​បានទេ​។

លោក​ថ្លែងថា​៖ «​មេធាវី​យើង ដាក់​ភ័ស្តុតាង​ថ្មី ដើម្បី​បញ្ជាក់ គេ​សង្កត់​ថា យើង​មាន​ភារកិច្ច​ដោះ​បន្ទុក ហើយ​គេ​ដាក់​ភ័ស្តុតាង​ថ្មី​របស់គេ​ចំនួន​ ៧ ដើម្បី​បញ្ជា​ក់លើ​ភ័ស្តុតាង​ដែល​យើង​បានដាក់​ចុងក្រោយ​ចំនួន ២៨ ​ភ័ស្តុតាង​ថ្មី គេ​ច្រានចោល​។ នៅ​សប្តាហ៍​ក្រោយ​ថ្ងៃទី​ ២៣ ​មីនា តុលាការ​នឹង​ប្រកាស​សាលដីកា​ទទួលយក​ភ័ស្តុតាង​ណាខ្លះ និង​ភ័ស្តុតាង​ណាខ្លះ​ច្រានចោល​»​។

លោក ផ្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​ថា សវនាការ​លោក​ កឹម សុខា នៅ​ថ្ងៃទី​ ២៦ ខែមីនា គឺ​បាន​ប្រព្រឹត្តទៅ​ជាធម្មតា ហើយ​សវនាការ​នឹង​បន្ត​នៅ​ថ្ងៃទី​ ២៣ ខែមីនា​ទៀត​។

លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​ចូលរួម​ស្តាប់ និង​តាមដាន​នៅក្នុង​បន្ទប់​សវនាការ​របស់​លោក​ កឹម សុខា បាន​កត់សម្គាល់ថា បញ្ហា​ពន្យារពេល​ដំណើរការ​ក្តី និង​ហេតុផល​ឆ្លង​កូវីដ​ ១៩ ត្រូវបាន​ដេញដោល​គ្នា​ដោយ​ភាគី​មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា បាន​ស្នើសុំ​តុលាការ គួរ​ពិចារណា មិន​ពន្យារពេល​សវនាការ​នាពេល​ខាងមុខ​ទៀត​ដោយសារ​សវនាការ​តែ ១ ​ដង​ក្នុង ​១ ​សប្តាហ៍ និង​ទទូច​ឱ្យមាន​ការដាក់​កាលវិភាគ​បន្ថែម ដែល​កន្លងមក ធ្លាប់​ដាក់​រហូត ៣ ​ដង​ក្នុង ១ ​សប្តាហ៍ ហើយ​ប្រការ​ដែល​បន្ត​អូសបន្លាយ​ពេលវេលា​នៃ​ការបើក​សវនាការ​នោះ នឹង​ប៉ះពាល់​សិទ្ធិ​របស់​កូនក្តី​ដែល​ត្រូវ​ទទួលបាន​ការជំនុំជម្រះ​ដោយ​មិន​ពន្យារពេល​។

លោកស្រី​បន្តថា ទាំង​ចៅក្រម ព្រះរាជអាជ្ញា និង​មេធាវី​ដើមបណ្តឹង​បាន​អះអាង​ពី​ភាពចាំបាច់​នៃ​ការអនុលោម​តាម​វិធាន​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​ផង និង​ជា​បទល្មើស​ផង បើ​មិន​អនុលោម​ត្រឹមត្រូវ ដូចជា​ការតម្រូវ​ឱ្យធ្វើ​ចត្តាឡីស័ក​ជាដើម ចំពោះ​អ្នកពាក់ព័ន្ធ​ដែល​ធ្វើឱ្យ​ត្រូវ​លើក​ពេល​ថ្មីៗ​នេះ ពេល​មាន​ករណី​វិជ្ជមាន​។ អយ្យការ​បាន​ថ្លែង​ពី​ភាពចាំបាច់​ផងដែរ​នៃ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ ដោយ​ឥត​ពន្យារពេល​របស់​ជនជាប់ចោទ​ដទៃទៀត ជាពិសេស​អ្នក​ដែល​ជាប់ឃុំ​ក្រៅពី​លោក​ កឹម សុខា ដូចនេះ​មិនអាច​ជំនុំជម្រះ​តែ​ករណី​លោក កឹម សុខា នោះទេ​។

លោកស្រី​ថ្លែងថា​៖ «​ត្រង់ចំណុច​នេះ ខ្ញុំ​យល់ស្រប​ថា សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ដោយ​ឥត​ពន្យារពេល​របស់​ជនជាប់ចោទ​គ្រប់រូប គួរ​ត្រូវបាន​ធានា ប៉ុន្តែ​មិនគួរ​បន្ទុក​ត្រូវ​រង​ទៅ​ជន​ជាប់ចោទ​ណា​ម្នាក់ ដែល​ត្រូវ​ដកហូត​សិទ្ធិ​របស់​បុគ្គល​នោះ ដើម្បី​ជនជាប់ចោទ​ដទៃ​នោះទេ​។ បន្ទុក​គឺ​តុលាការ​ត្រូវ​ធានា​ពន្លឿន​ដំណើរការ​ក្តី​ទាំងឡាយ ហើយ​ចំណោទ​ចំពោះ​ការឃុំខ្លួន​រង់ចាំ​សវនាការ​នោះ គឺជា​អ្វីដែល​តុលាការ​មិនគួរ​ប្រើ​ជា​វិធាន​ដំបូង​នោះឡើយ ហើយ​គួរ​ជា​វិធាន​ចុងក្រោយ និង​ចាំបាច់​ខ្លាំង​តែប៉ុណ្ណោះ​»៕

វីដេអូ៖