កំពង់ធំៈ រដ្ឋបាលខេត្តកំពង់ធំ គ្រោងដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតទឹកស្អាតថ្មី ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន នៅពាក់កណ្តាលខែមេសាខាងមុខនេះ ដែលគម្រោងផលិតទឹកស្អាតនេះនឹងបម្រើឱ្យប្រជាពលរដ្ឋមូលដ្ឋានប្រមាណ ៦ ម៉ឺននាក់។
អំឡុងពេលដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងចក្រទឹកស្អាតថ្មី នៅសង្កាត់ព្រៃតាហ៊ូ កាលពីថ្ងៃទី ១៦ ខែមីនានេះ អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានថ្លែងថា គម្រោងនេះមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបាន ១០០ ភាគរយ ជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែន និងពង្រីកវិសាលភាពចែកចាយទឹកស្អាតដល់ស្រុកកំពង់ស្វាយថែមទៀតផង។
លោកបានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តនេះនឹងរួមចំណែកលើកស្ទួយវិស័យទឹកស្អាតនៅកម្ពុជា ដែលអាចធានាបាននូវនិរន្តរភាពនៃការប្រើប្រាស់សេវាទឹកស្អាត ធានាផ្ដល់សេវាទឹកស្អាតប្រកបដោយគុណភាព មិនមានក្លិន ល្អក់កករ ឬមានជាតិពុល និងធានាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យសាលាខេត្តកំពង់ធំលោក យ៉ូវ សេងគុណ បានថ្លែងថា បន្ទាប់ពីពិនិត្យឃើញថាសម្រេចការសងសង់ ១០០ ភាគរយ រដ្ឋបាលខេត្ត គ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២។ លោកបានបន្តថា រោងចក្រថ្មីនេះ អាចផលិតទឹកស្អាត ៧ ៥០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ ហើយមានបណ្តាញចែកចាយប្រមាណ ១៥២ គីឡូម៉ែត្រ។ លោកបន្តទៀតថា រោងចក្រថ្មីនេះ បម្រើឱ្យក្រុងស្ទឹងសែនចំនួន ៨ សង្កាត់ និងបម្រើឱ្យស្រុកកំពង់ស្វាយចំនួន ២ ឃុំ ដែលផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋប្រមាណជា ៦ ម៉ឺននាក់ រស់នៅ ៤២ ភូមិ។
លោកថា៖ «កន្លងមករដ្ឋាករទឹកផ្គត់ផ្គង់បានត្រឹម ៧ សង្កាត់ អ៊ីចឹងគម្រោងរបស់ជប៉ុននេះនឹងជួយផ្គត់ផ្គង់បាន ៨ សង្កាត់ និងបន្ថែមទៅ ២ ឃុំទៀតនៅស្រុកកំពង់ស្វាយ ហើយកន្លងមកយើងផ្គត់ផ្គង់បាន ២២ ភូមិប៉ុន្តែឥឡូវនេះ ពង្រីកវិសាលភាពបានដល់ ៤២ ភូមិ»។
លោក ថា រោងចក្រផលិតទឹកស្អាតដែលជាជំនួយរបស់ជប៉ុននេះ បានប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយគេ ដែលធ្វើឱ្យកម្រិតទឹកស្អាតកាន់តែមានគុណភាពបន្ថែមមួយកម្រិតទៀត។ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួនជាង ២៨ លានដុល្លារអាមេរិក ជូនដល់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្រាប់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពង់ធំ។ រោងចក្រនេះបានចាប់ផ្តើមសាងសង់ឆ្នាំ ២០២០ និងបញ្ចប់នៅខែមីនាឆ្នាំនេះ៕