ភ្នំពេញៈ អ្នកសារព័ត៌មានចំនួន ១៤ រូប នៅ ៥ សម័យកាលផ្សេងគ្នាត្រូវបានជ្រើសរើសក្នុងការផ្តល់នូវ «ពានរង្វាន់ដឹងគុណ» សម្រាប់ការចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ដែលការផ្តល់ពានរង្វាន់នេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២។
កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមគំនិតរៀបចំឡើង ដោយក្រសួងព័ត៌មាន ដើម្បីជាការរំឭកដល់ការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដល់អ្នកសារព័ត៌មាន ដែលបានចូលរួមលើកកម្ពស់វិស័យសារព័ត៌មាន នៅកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់បច្ចុប្បន្ន។
នេះជាលើកទី ១ និងជាឆ្នាំទី ១ ដែលក្រសួងព័ត៌មានបានបង្កើតកម្មវិធីនេះឡើង ដោយក្នុងនោះគណៈកម្មការរៀបចំកម្មវិធី មានការជ្រើសរើសអ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានជើងចាស់ ដើម្បីសិក្សាអំពីប្រវត្តិ ស្នាដៃការងារ និងលក្ខណសម្បត្តិ ដាក់ជូនគណៈកម្មការវាយតម្លៃពិនិត្យ។ នេះជាការថ្លែងរបស់លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាប្រធានគណៈកម្មការ វាយតម្លៃពិនិត្យអ្នកសារព័ត៌មាន។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៦ មីនា ថា ការបង្កើតកម្មវិធីផ្តល់ពានរង្វាន់នេះឡើង គឺដើម្បីជាការថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានជើងចាស់ទាំងអស់ ដែលនៅតែបន្តចូលរួមការងារជាមួយនឹងវិស័យសារព័ត៌មាននេះ។ លោកថា៖ «ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មានផ្ដល់ជូនដល់អ្នកសារព័ត៌មាននៅក្នុងឆ្នាំ ១៩៧០ ឆ្នាំ ១៩៨០ ឆ្នាំ ១៩៩០ ឆ្នាំ ២០០០ និងឆ្នាំ ២០១០។ ក្នុងនោះយើងផ្តល់ពានជូនអ្នកសារព័ត៌មានជើងចាស់ទាំងនោះ ដែលបានធ្វើជាអ្នកព័ត៌មានតាំងពីទសវត្សរ៍ទី ៧០ រហូតមកទល់នឹងបច្ចុប្បន្ននេះទើបនឹងធ្វើការជ្រើសរើសពួកគាត់សម្រាប់ទទួលពាននេះ»។ លោក ផុស សុវណ្ណ បានបន្តថា អ្នកសារព័ត៌មានជើងចាស់ទាំងនេះបានចូលរួមជួយវិស័យសារព័ត៌មានជាច្រើន ហើយវិស័យនេះក៏បានជួយសង្គមច្រើន និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ទើបមានការបង្កើតឱ្យមាននូវកម្មវិធីផ្តល់ពានដឹងគុណនេះឡើង។
បើតាម លោក ផុស សុវណ្ណ គោលបំណងថ្នាក់ដឹកនាំក្រសួងព័ត៌មាននឹងមានការរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ទៀត ប៉ុន្តែអាស្រ័យលើថា តើឆ្នាំខាងមុខទៀត មានអ្នកឧបត្ថម្ភ គាំទ្រកម្រិតណា ប៉ុន្តែឆន្ទៈរបស់ក្រសួងគឺចង់ធ្វើជារៀងរាល់ឆ្នាំតែម្តងដោយជ្រើសរើសផ្តល់ពានឱ្យចំនឹងព្រឹត្តិការណ៍របស់ជាតិផងដែរ ដូចជាថ្ងៃជំនួបអ្នកសារព័ត៌មានជាមួយនឹងនាយករដ្ឋមន្ត្រី ឬថ្ងៃទិវាសេរីភាពសារព័ត៌មានជាដើម។
អ្នកសារព័ត៌មានចំនួន ១៤ រូប ដែលត្រូវបានជ្រើសរើសផ្តល់ពានរង្វាន់លើកទឹកចិត្តនេះរួមមាន សម្រាប់ទសវត្សរ៍ឆ្នាំ ១៩៧០ មានលោក ជេត សន និពន្ធនាយកកាសែត ភ្នំពេញថ្មី និងជាប្រធានរដ្ឋបាលក្លិបអ្នកកាសែតកម្ពុជា និងលោក ព្រហ្ម សាយ និពន្ធនាយកអរិយធម៌ខ្មែរ។ សម្រាប់ទសវត្សរ៍ឆ្នាំ ១៩៨០ មាន លោក ទាវ សារៈមុន្នី និពន្ធនាយកកាសែតរស្មីកម្ពុជា លោក ពេជ ប៊ុនរ៉ា និពន្ធនាយកទូរទស្សន៍ហង្សមាស និងលោកស្រី ជា ស៊ុនដាណែត អគ្គនាយិកាវិទ្យុ FM102។
សម្រាប់ទសវត្សរ៍ឆ្នាំ ១៩៩០ មានលោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអំពិល លោក មឿន ឈានណារិទ្ធ បណ្ណាធិការរង និងជាអ្នកសរសេរអត្ថបទបែបពណ៌នានៅកាសែតខ្មែរ-ថាមស៍ និងជាសាស្ត្រាចារ្យសារព័ត៌មាន នៃវិទ្យាស្ថានសារព័ត៌មាន និងលោក ជុន សុផល អ្នកយកព័ត៌មាននៃទស្សនាវដ្តីអង្គរធំ។
សម្រាប់ទសវត្សរ៍ឆ្នាំ ២០០០ មាន លោក ម៉ៃ ទិត្យថារ៉ា មន្ត្រីជំនាញផ្នែកសារព័ត៌មាននៃ Internews ប្រចាំកម្ពុជា និងលោក លី ម៉េងហួរ អ្នកសារព័ត៌មាននៃទូរទស្សន៍ PNN។ សម្រាប់ទសវត្សរ៍ឆ្នាំ ២០១០ មាន លោក ផាក់ ស៊ាងលី អ្នកសារព័ត៌មាន ផ្នែកបរិស្ថាន និងសង្គម នៅកាសែតភ្នំពេញប៉ុស្តិ៍ លោក វ៉ាន់ សារាយ អគ្គនាយករងផ្នែកផ្សព្វផ្សាយព័ត៌មាននៅអង្គភាព Fresh News លោក មិន ម៉ៅ- សំណាង អ្នកសារព័ត៌មានទូរ-ទស្សន៍ PNN និងជាតំណាងបណ្តាញអ្នកសារព័ត៌មានផ្នែកទឹក និងអនាម័យកម្ពុជា និងអ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកាសារព័ត៌មានថ្មីៗ ២៥ រាជធានី-ខេត្ត។
លោក មឿន ឈានណារិទ្ធ បានប្រាប់ភ្នំពេញប៉ុស្តិ៍ដោយសម្តែងនូវការរីករាយ និងស្វាគមន៍មិនត្រឹមតែសម្រាប់ខ្លួនលោកផ្ទាល់ទេ តែក៏សម្រាប់សហការីរួមការងារតាំងពីទសវត្សរ៍ទី ៩០ មកហើយលោកក៏មិនដែលរំពឹងថា បានរង្វាន់ ឬការទទួលបានការលើកសរសើរណាមួយឡើយ ជាពិសេសអ្នកសារព័ត៌មានជំនាន់របស់លោកដែលបានធ្វើព័ត៌មានរយៈពេល ៣០ ឆ្នាំមកហើយនេះ។ លោកថ្លែងថា៖ «យើងរីករាយដោយសារក្រសួងព័ត៌មានដែលតាងនាមឱ្យរដ្ឋាភិបាលបានស្វាគមន៍ និងទទួលស្គាល់នូវការប្រឹងប្រែងរបស់អ្នកសារព័ត៌មានជើងចាស់កន្លងមក ហើយយើងសង្ឃឹមថា ការទទួលស្គាល់នេះនឹងជួយលើកទឹកចិត្តឱ្យស្ថាប័ននានាកាន់តែផ្តល់តម្លៃ គោរពវិជ្ជាជីវៈសារព័ត៌មាន និងជាការលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយឱ្យចាប់យកអាជីពអ្នកសារព័ត៌មាននេះ»។
អ្នកសារព័ត៌មានវ័យក្មេង ១ រូប ដែលត្រូវបានមហាជនទូទៅ ពិសេសក្នុងវិស័យសារព័ត៌មានស្គាល់រហស្សនាមថា «នាងថ្មីៗ» ដែលហៅដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ញឹក ស្រីល័ក្ខ អាយុ ២៤ ឆ្នាំបានប្រាប់ថា អ្នកស្រីសប្បាយចិត្ត ដែលត្រូវបានជ្រើសរើសផ្តល់ពានរង្វាន់នេះដែរ។ អ្នកស្រីថា៖ «ទោះបីជាខ្ញុំទទួលបានពានរង្វាន់លើកទឹកចិត្ត ឬរង្វាន់កិត្តិយសក៏ដោយ ក៏ខ្ញុំសប្បាយចិត្តដែលខ្ញុំជាបុគ្គល ១ រូប ត្រូវបានជ្រើសរើសហើយខ្ញុំចង់ឱ្យក្រសួងព័ត៌មាន ឬដៃគូផ្សេងៗទៀត បន្តលើកទឹកចិត្ត និងផ្តល់នូវពានរង្វាន់បែបនេះជាបន្តទៀត ដើម្បីលើកទឹកចិត្តដល់អ្នកសារព័ត៌មានវ័យក្មេង ឬអ្នកសារព័ត៌មានដែលបានលះបង់ពេលវេលាច្រើនសម្រាប់ធ្វើការងាររបស់ពួកគាត់»។
អ្នកស្រី ញឹក ស្រីល័ក្ខ បានចាប់ផ្តើមចូលធ្វើការនៅសារព័ត៌មានថ្មីៗ ពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ បានចូលប្រឡូកវិស័យនេះតាំងពីអាយុ ១៨ ឆ្នាំ ខណៈដែលអ្នកស្រីទើបចូលរៀនឆ្នាំទី ១ ប៉ុណ្ណោះ ដែលជាអ្នកសារព័ត៌មានវ័យក្មេងជាងគេផងដែរ ក្នុងទសវត្សរ៍ឆ្នាំ ២០១០។
កម្មវិធីផ្តល់ «ពានរង្វាន់ដឹងគុណ» នេះ បង្កើតឡើងដោយក្រសួងព័ត៌មាន ដោយមានការសហការរៀបចំ និងឧបត្ថម្ភដោយសារព័ត៌មានត្នោត និងសារព័ត៌មានថ្មីៗ។
នាយកមាតិកាភាសាខ្មែរនៃសារព័ត៌មានត្នោត លោក ព្រំ សិលា ប្រាប់ថា គោលបំណងរបស់ត្នោតក្នុងការសហការគាំទ្រកម្មវិធីនេះឱ្យលេចជារូបរាងឡើងដោយសារតែចង់លើកកម្ពស់វិស័យសារព័ត៌មាន និងភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយអ្នកសារព័ត៌មាន ក្នុងស្រុកដើម្បីបង្កើនឱ្យមានមាតិកាចម្រុះ និងមានវិជ្ជាជីវៈដល់ប្រជាជនកម្ពុជា។ លោកឱ្យដឹងថា៖ «ការលើកកម្ពស់តាមរយៈកម្មវិធីពានរង្វាន់នេះ ដោយផ្តល់ការទទួលស្គាល់ជាផ្លូវការនៅសម័យកាលនីមួយៗ ដែលអ្នកសារព័ត៌មាន បានខិតខំឈ្មុសឈ្មុល និងវិភាគទានទាំងកម្លាំងកាយចិត្តប្រាជ្ញាស្មារតីដល់ការយកព័ត៌មាន និងដល់វិស័យនេះទាំងស្រុង ពោលគឺពួកគាត់ជាបុគ្គលឈានមុខ ដើម្បីជំរុញឱ្យវិស័យនេះកាន់តែរីកចម្រើន»៕