កែបៈ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានស្នើដល់រដ្ឋបាលឃុំ-សង្កាត់ រដ្ឋបាលស្រុកឱ្យបញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលិខិតទិញលក់ដីរដ្ឋជាដើមនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន ខណៈក្រសួងកំពុងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថានដល់មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីដែលពាក់ព័ន្ធ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើបែបនេះកាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ នៅពេលធ្វើជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិនៅរដ្ឋបាលខេត្តកែប។ សិក្ខាសាលាដែលមានរយៈពេល ២ ថ្ងៃត្រូវបានរៀបចំឡើងដោយក្រុមមេធាវីក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដល់មន្ត្រីនៃស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធដែលមកពីខេត្តកែប និងខេត្តកំពតសរុបប្រមាណ ១៦០ នាក់។
លោកបានថ្លែងថា៖ «ខ្ញុំសូមស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក បញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន»។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា គ្មានជនណាម្នាក់មានសិទ្ធិទិញ ឬលក់ដីធ្លីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះនៅតាមបណ្ដាខេត្តនានាបានឡើយ។ ក្រសួងបរិស្ថានស្នើឱ្យពលរដ្ឋឈប់ចាញ់ បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិពីព្រោះគ្មានការទទួលស្គាល់ឡើយ ហើយថែមទាំងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង។
លោកបានឱ្យដឹងថា កន្លងមកមានក្រុមជនខិលខូចមួយចំនួនបានជួលពលរដ្ឋឱ្យទន្ទ្រានដីឱ្យខ្លួនលក់ក្នុងតម្លៃថោកៗ និងពេលខ្លះជនទាំងនេះបានប្រើប្រាស់ពលរដ្ឋជាខែលក្នុងការតវ៉ាជាមួយអាជ្ញាធរ ដើម្បីស្នើសុំកាត់ឆ្វៀលដីឱ្យខ្លួនទៀតផង។
លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ក្រុមជនខិលខូចឱ្យបញ្ឈប់វប្បធម៌ចូលទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ ហើយពេលខ្លះប្រើប្រាស់ឯកសារក្លែងក្លាយ ដើម្បីទាមទារកាត់ឆ្វៀលដីមកធ្វើកម្មសិទ្ធិ។ លោកថ្លែងថា៖ «មានករណីមិនប្រក្រតីជាច្រើន ត្រូវបានរកឃើញហើយសមត្ថកិច្ចបាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់»។
បើតាមក្រសួងបរិស្ថានសិក្ខាសាលានេះធ្វើឡើង ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់ភាគីពាក់ព័ន្ធអំពីទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ និងដើម្បីចូលរួមចំណែកការពារអភិរក្សនិងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។
លោកបានថ្លែងថា ដើម្បីការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព គឺតម្រូវឱ្យមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទើបអាចសម្រេចតាមផែនការ និងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ និងគិតគូរដល់ការការពារ និងអភិរក្សធនធានធម្មជាតិ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក នៃ គង់ អភិបាលរងខេត្តកំពតបានលើកឡើងស្រដៀងគ្នាថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបញ្ជ្រាបការយល់ដឹងដល់ភាគីពាក់ព័ន្ធអំពីទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។
លោកបានក្រើនរំឭកថា៖ «សិក្ខាកាមទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់ស្តាប់បទបង្ហាញ ដើម្បីទទួលយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលទៅអនុវត្តតួនាទីភារកិច្ចតាមជំនាញរៀងៗខ្លួនក្នុងការរួមចំណែកទប់ស្កាត់បទល្មើសព្រៃឈើ ធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថានប្រកបដោយប្រសិទ្ធភាពខ្ពស់»។
បើតាមក្រសួងបរិស្ថាន តាមរយៈសិក្ខាសាលានេះ សិក្ខាកាមត្រូវបានរំពឹងថានឹងទទួលបាននូវចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ពាក់ព័ន្ធនានាដែលត្រូវអនុវត្ត ។
ក្រៅពីនេះ សិក្ខាកាមក៏អាចទទួលនូវចំណេះដឹងនិងបទពិសោធទាក់ទងនឹងដំណើរវិវត្ដនៃបទប្បញ្ញត្តិច្បាប់ដែលពាក់ព័ន្ធកាន់តែច្បាស់បន្ថែមទៀតអំពីអំពើដែលត្រូវបានហាមឃាត់ និងចាត់ជាបទល្មើសក្នុងតំបន់ការពារធម្មជាតិ ក៏ដូចជាទោសទណ្ឌ និងជាពិសេសគឺ ការអនុវត្តនីតិវិធីរៀបចំសំណុំរឿងដាក់ជូនតុលាការ ដើម្បីផ្តន្ទាទោសជនលើ្មស ។
ក្រៅពីនេះ លោក នេត្រ ភក្ត្រា បានសំណូមពរដល់សិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ និងត្រងត្រាប់ឱ្យបានសកម្ម និងពេញលេញ។ លោកសង្ឃឹមថា សិក្ខាសាលានេះនឹងផ្តល់ជូនសិក្ខាកាមនូវធាតុចូលបន្ថែមអំពីច្បាប់ដែលអនុវត្តលើតំបន់ការពារធម្មជាតិ ការត្រៀមលក្ខណៈដើម្បីបង្ការ និងបង្ក្រាបបទល្មើសក្នុងតំបន់ការពារធម្មជាតិ និងការរៀបចំសំណុំរឿងប្រកបដោយប្រសិទ្ធភាព និងអនុលោមភាពផ្លូវច្បាប់ដើម្បីដាក់ជូនតុលាការ៕