ភ្នំពេញៈ ថ្នាក់ដឹកនាំចារកម្មយោធានៃបណ្តាប្រទេសអាស៊ានបានឯកភាពគ្នាជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវសហគមន៍ចារកម្មយោធាអាស៊ានដ៏រឹងមាំ ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ខណៈមេដឹកនាំទាំងនេះ ប្តេជ្ញាដោះស្រាយបញ្ហាដែលកំពុងគំរាមកំហែងដល់វិស័យសន្តិសុខ។
ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន លោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិបានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំចារកម្មយោធាអាស៊ាន លើកទី ១៩(AMIM-19) ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព ប្រកបដោយភាពសុខដុម» នៅក្រសួងការពារជាតិ កាលពីថ្ងៃទី ១៥ ខែមីនា។
ថ្លែងក្នុងកិច្ចប្រជុំនេះលោក ហ៊ុន ម៉ានិត បានអរគុណដល់គណៈប្រតិភូស្ថាប័នចារកម្មយោធានៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលបានចូលរួមក្នុងកិច្ចប្រជុំផ្ទាល់នេះ បើទោះបីបញ្ហាជំងឺកូវីដ ១៩ បានរីករាលដាលជាសកលក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះក្តី។
លោកថ្លែងថា៖ «សកម្មភាពនេះ គឺជាសក្ខីកម្ម ដែលបានបង្ហាញពីស្មារតីកិច្ចសហប្រតិបត្តិការល្អសាមគ្គីភាព និងមិត្តភាពនៃបណ្តាប្រទេសជាសមាជិកអាស៊ាន»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ កាលពីថ្ងៃទី ១៥ ខែមីនា។
មេដឹកនាំចារកម្មយោធាអាស៊ានបានពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ ការវិវឌ្ឍនៃសភាពការណ៍ថ្មី បញ្ហាប្រកួតប្រជែងផ្នែកសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី ពិសេសគឺបញ្ហាភេរវកម្ម និងបញ្ហាជំងឺកូវីដ ១៩ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងវិស័យសេដ្ឋកិច្ច។ មេដឹកនាំចារកម្មយោធាអាស៊ាន បានធ្វើការពិភាក្សាគ្នាដើម្បីរួមគ្នាដោះស្រាយបញ្ហាសន្តិសុខរួមនៅក្នុងតំបន់ និងបានឯកភាពបន្តជំរុញ និងលើកកម្ពស់មជ្ឈភាពសាមគ្គីភាព និងឯកភាពរបស់អាស៊ាន។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «អង្គប្រជុំបានសម្រេចជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្តចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា និងរួមគ្នាដោះស្រាយបញ្ហាផ្សេងៗដែលកំពុងគំរាមកំហែងដល់វិស័យសន្តិសុខ ដើម្បីសម្រេចបាននូវសហគមន៍ចារកម្មយោធាអាស៊ានដ៏រឹងមាំដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព»។
លោក ហ៊ុន ម៉ានិត បានប្រគល់តួនាទីជាប្រធានកិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី ១៩(AMIM-19) ឆ្នាំ ២០២២ ដល់ប្រធានគណៈប្រតិភូចារកម្មយោធាអាស៊ានកងទ័ពជាតិឥណ្ឌូនេស៊ី ដែលនឹងធ្វើជាប្រធានកិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី ២០ (AMIM-20) ឆ្នាំ ២០២៣។
ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមីនា កងយោធពលខេមរភូមិន្ទបានបើកកិច្ចប្រជុំចំនួន ២ គឺកិច្ចប្រជុំចារកិច្ចយោធាអាស៊ាន (AMIM-19) និងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ាន លើកទី ១២ (AMOM-12) ដែលធ្វើឡើងតាមទម្រង់ចូលរួមដោយផ្ទាល់នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំទាំង ២ នេះ ធ្វើឡើងក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ ២០២២ និងការឈានទៅរកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នាពេលខាងមុខនៅទីស្តីការក្រសួងការពារជាតិដែលទទួលខុសត្រូវក្នុងការរៀបចំឯកសារសម្រាប់បម្រើឱ្យកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី ១៩ (ACDFM-19) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៧ ខែមីនា ក្រោមមូលបទ «សាមគ្គីដើម្បីសេចក្តីសុខប្រកបដោយភាពសុខដុម»។
គោលបំណងនៃមូលបទនេះ គឺដើម្បីបង្កើនឱកាសសម្រាប់សន្តិភាព និងស្ថិរភាពដែលអាចទទួលយកបានសម្រាប់ទាំងអស់គ្នា និងរកដំណោះស្រាយចំពោះបញ្ហាក្នុងតំបន់ សម្រាប់ផ្តល់ផលប្រយោជន៍ដល់ប្រទេសនីមួយៗ និងតំបន់ទាំងមូលផងដែរ។ មូលបទនេះក៏មានគោលបំណងចៀសវាងការអាត្មានិយម និងការកេងប្រវ័ញ្ចគ្នាទៅវិញទៅមកនៅក្នុងតំបន់ ខណៈពេលប្រឈមមុខនឹងកាលៈទេសៈផ្សេងៗ។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៦ ខែមីនាថា ការពង្រឹងកិច្ចសហប្រតិបត្តិការការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ ទប់ស្កាត់បទល្មើសឆ្លងដែន បង្ការភេរវកម្ម ការរត់ពន្ធមនុស្ស និងការលាងលុយ ជាបញ្ហាអាទិភាពដែលអាស៊ានត្រូវយកចិត្តទុកដាក់ខ្ពស់ដើម្បីលើកកម្ពស់មុខមាត់ និងរក្សាផលប្រយោជន៍របស់ប្រទេសនីមួយៗក្នុងបរិបទនយោបាយតំបន់ដែលកំពុងតែផ្លាស់ប្តូរ។
លោកថ្លែងថា៖ «យ៉ាងណាមិញ ការប្រឈមផ្សេងៗគ្នានៃសមាជិកនីមួយៗនៃអង្គការតំបន់ [អាស៊ាន] ក៏អាចជាឧបសគ្គក្នុងការពន្លឿនការងារចារកម្មនេះផងដែរ»៕