ព្រះសីហនុៈ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុ និងអាជ្ញាធរស្រុកកំពង់សិលាបានចូលរួមអភិរក្សថែរក្សាទីតាំងព្រះរាជដំណាក់ចាស់ ១ កន្លែងស្ថិតក្នុងភូមិបឹងត្រាចឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ប៉ុន្តែសម្រាប់ការរៀបចំទាក់ទាញភ្ញៀវទេសចរយ៉ាងណានោះគឺជាតួនាទីរបស់ក្រសួងព្រះបរមរាជវាំង ។
លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី ១៧ ខែមីនាថា កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២ មន្ត្រីជំនាញមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានសហការជាមួយរដ្ឋបាលស្រុកកំពង់សីលានិងសាលាឃុំចម្ការហ្លួងចុះពិនិត្យលើទីតាំងអតីតព្រះរាជដំណាក់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៤ និង ១៣៥ ក្នុងភូមិបឹងត្រាច ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
លោកបន្តថា តាមការពិនិត្យជាក់ស្តែងទីតាំងព្រះរាជដំណាក់ដែលព្រះបរមរតនកោដ្ឋធ្លាប់អាស្រ័យពេលចុះមូលដ្ឋានខេត្តកំពតនិងកោះកុងក្នុងអំឡុងឆ្នាំ១៩៥០នោះ ពេលនេះនៅសល់តែកម្ទេចឥដ្ឋនិងខឿនតិចតួច ព្រមទាំងកាំជណ្តើរចុះទឹកប្រមាណជាង ១០ កាំប៉ុណ្ណោះ។ លោកបន្តថា កន្លងមកទីតាំងនោះរដ្ឋបាលខេត្តព្រះសីហនុ មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក៏ដូចជារដ្ឋបាលស្រុកបានចុះធ្វើការជាមួយក្រសួងព្រះបរមរាជវាំងម្តងរួចមកហើយតាំងពីឆ្នាំ ២០១៣ ហើយខាងមន្ទីររៀបចំដែនដីក៏បានចេញលិខិតកម្មសិទ្ធិជូនទៅក្រសួងព្រះបរមរាជវាំងដើម្បីគ្រប់គ្រងហើយដែរ។
លោក ប៊ុត បុប្ផា បានបញ្ជាក់ថា ការចុះទៅពិនិត្យមើលទីតាំងព្រះរាជដំណាក់នេះ ដើម្បីចង់ដឹងថា ទីតាំងនោះមានអ្វីខ្លះដែលត្រូវបំពេញបន្ថែម ប៉ុន្តែតាមការពិនិត្យជាក់ស្តែងយើងគឺអត់មានអ្វីសេសសល់នោះទេ សូម្បីបង្គោលឬប្រាសាទណាមួយដែលមានភាពទាក់ទាញក៏គ្មានដែរ។មួយវិញទៀត ដោយសារតែទីតាំងនេះ បានចុះបញ្ជីត្រឹមត្រូវហើយផងនោះ រាល់ការទាក់ទាញភ្ញៀវទេសចរ លុះត្រាតែមានគោលការណ៍ពីបរមរាជវាំងទើបអាចធ្វើទៅបាន។
លោកថ្លែងថា៖ «ដើម្បីចង់ទាក់ទាញចាំមើលយើងនឹងពិភាក្សាជាមួយខាងព្រះបរមរាជវាំងដោយសារតែគាត់មានបណ្ណកម្មសិទ្ធិបើនិយាយឲ្យចំទៅ ដូចឯកជនអ៊ីចឹង មានន័យថាទីតាំងមានម្ចាស់ហើយហ្នឹង ទាល់តែម្ចាស់គេរៀបចំទើបបាន។អ៊ីចឹងក្នុងនាមមន្ទីរគ្រាន់តែចូលរួមអភិរក្សនិងស្វែងយល់ថាទីតាំងនោះពិតជាព្រះរាជដំណាក់ចាស់មែន» ។
លោក ប៊ុត បុប្ផា ប្រាប់ថា ពីមុនទីតាំងកំពង់សិលាជាអនុខេត្តមួយរវាងខេត្តកំពត និងខេត្តកោះកុង ដែលកាលនោះមិនទាន់មានខេត្តព្រះសីហនុនោះទេ ខណៈកំពង់សោមជាទីតាំងស្រុកមួយរបស់ខេត្តកំពត ហេតុនេះទីនោះជាចំណុចកណ្តាលមួយរវាងខេត្តកោះកុង និងខេត្តកំពត។ ព្រះបាទនរោត្តមសីហនុកាលនោះបានសព្វព្រះរាជហរទ័យក្នុងការចុះពិនិត្យការងារម្តងម្កាលផង ហើយតំបន់នោះធ្លាប់ជាទីប្រជុំជនផង ទើបព្រះអង្គកសាងព្រះរាជដំណាក់មួយសម្រាប់សម្រាកព្រះកាយ ព្រមជាមួយនិងការបំពេញព្រះរាជកិច្ចមួយចំនួនតាមខេត្ត។
លោកថ្លែងថា៖ «ពីមុនក្នុងឆ្នាំ ១៩៨០ ជាង ព្រះរាជដំណាក់ហ្នឹងនៅទេ ប៉ុន្តែមកដល់ឆ្នាំ ១៩៨៥ ប្រជាពលរដ្ឋមិនបានយល់ពីតម្លៃនៃការរក្សាព្រះរាជដំណាក់ហ្នឹងក៏វាយយកដែកយកអីទៅលក់ហើយវាយរាបដល់ដីអស់ហើយអ៊ីចឹងទាំងខឿនទាំងអី គឺខូចអស់ហើយ» ។
លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សិលាបានថ្លែងនៅថ្ងៃទី ១៧ ខែមីនាថា អាជ្ញាធរស្រុកក៏ជាអ្នកដែលត្រូវចូលរួមថែរក្សាទីតាំងនោះផងដែរហើយការចុះទៅពិនិត្យមើលទីតាំងព្រះរាជដំណាក់ចាស់នេះឃើញថាមិនមានការទន្ទ្រានប៉ះពាល់ណាមួយឡើយនៅទីតាំងនោះ។ មួយវិញទៀតអាជ្ញាធរស្រុក ក៏មិនអាចធ្វើការអភិវឌ្ឍកែប្រែឬរៀបចំទីតាំងនោះបានដែរព្រោះអ្នកមានសិទ្ធិលើទីតាំងនោះមានតែព្រះបរមរាជវាំង។
លោកថ្លែងថា៖ «ចំពោះការអភិវឌ្ឍកែសម្រួលធ្វើម៉េចក្នុងការចាត់ចែងទ្រព្យសម្បត្តិហ្នឹងទាល់តែព្រះបរមរាជវាំងជាអ្នកចាត់ចែងខាងខ្ញុំបានតែជួយថែរក្សាទេ»៕