មណ្ឌលគិរីៈ ក្រសួង​បរិស្ថានរំពឹង​ថា​ ចំនួន​ដំរី​អាស៊ីដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺនឹង​មាន​ចំនួន​កើនឡើង​នៅពេលខាង​មុខ ស្រប​ពេលដែល​មន្ត្រី​ឧទ្យានុរក្សនៅខេត្តមណ្ឌលគិរី និងអ្នកស្រាវជ្រាវរបស់អង្គការ WWF ​ប្រទះ​ឃើ​ញ​ហ្វូងដំរី នៅ​ក្នុង​តំបន់​ដែន​​ជម្រក​សត្វ​ព្រៃ​ស្រែពក ក្នុង​នោះ​មាន​វត្ដមាន​កូនដំរី​ជាច្រើន​ កាលរសៀលថ្ងៃទី ១៦ ខែមីនា អំឡុងពេលពួកគេ​​ដើរល្បាត និង​​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ជីវៈចម្រុះ។ នេះ​បើ​តាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅថ្ងៃទី​១៧ មីនានេះ​ ពាក់ព័ន្ធនឹង​ការ​បាន​ឃើញ​ហ្វូង​ដំរី​នៅ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​កាលពីថ្ងៃទី ១៦ មីនានេះ ជា​ក្ដី​សង្ឃឹម​មួយ​សម្រាប់​ការងារ​អភិរក្សទៅលើ​សត្វ​ដំរី​នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែន​ជម្រក​សត្វព្រៃស្រែពក​ គឺជា​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​ដែល​មាន​ការ​តភ្ជាប់​ទៅ​​​នឹង​ដែនជម្រក​សត្វព្រៃ​ភ្នំព្រិច ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ដែន​ដែន​ជម្រក​សត្វព្រៃកែវ​សីមា ក្នុង​ខេត្ដមណ្ឌលគិរី និង​ខេត្ដ​រតនគិរី​។

លោក​ថ្លែង​ថា ដែន​ជម្រក​សត្វព្រៃ​ទាំង​ ៤ នេះ​ គឺជា​ដែន​ជម្រក​សត្វព្រៃ​ដែល​សំបូរ​ដំរី​រស់នៅ ដែន​ជម្រកនេះ ស្ថិត​នៅ​ភូមិ​ភាគ​​ឥសាន​នៃ​ប្រទេស​កម្ពុជា​។ តាម​ការ​ការ​សិក្សា​ស្រាវជ្រាវ​កាលពីឆ្នាំ​២០២០ ដំរី​ដែល​មាន​វត្ដ​មាន​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ចន្លោះពី ៤០០ ទៅ​ ៦០០ ក្បាល ដែល​កំពុង​តែរស់នៅ​ក្នុង​តំបន់​អភិរក្ស​ក្នុង​ភូមិ​ភាគ​ឥសាន ​និង​នៅ​តំបន់​ជួ​រ​ភ្នំ​ក្រ​វាញ ស្ថិត​នៅ​ក្នុង​ខេត្ដ​ពោធិ៍សាត់ កោះកុង កំពង់​ស្ពឺ​​។

លោកបាន​បញ្ជាក់ថា​៖ «ជា​ការ​កត់​សម្គាល់​យើង តាម​រយៈការ​ថត​រូប​ដំរី​បាន​តាមរយៈ​កាំមេរ៉ា​ស្វ័យ​ប្រវត្ដិ យើង​ឃើញ​មាន​វត្ដ​មាន​​នៃ​កូន​ដំរីច្រើននៅក្នុង​ហ្វូង​ដំរី គឺមាន​កូនដំរី​តូចៗ ដែលនេះ​គឺជាចំណុច​មួយ​ដែលជាផ្នែកនៃ​ការ​បន្ត​ពូជ។ យើង​ឃើញមាន​កូនដំរីច្រើននេះ គឺជាក្ដីសង្ឃឹមសម្រាប់​ការ​បន្ត​ការអភិរក្សទៅមុខ​ទៀត ហើយ​យើង​រំពឹង​ថា​ចំនួន​ដំរី​អាស៊ី​ដែល​​មា​ន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺនឹង​មាន​ចំនួន​កើនឡើង​នៅពេលខាង​មុខ​តាមរយៈរូបភាពនៃកូនដំរីច្រើននេះ»​។

បើតាម​លោក នេត្រ ភក្ត្រា ការដែល​​ឃើញ​វត្ដមាន​សត្វដំរី​​ដើររកស៊ីនៅ​ក្នុង​ព្រៃ​ហើយ ក្នុង​សភាព​មួយ ​ដែល​​មិន​មាន​ការ​ផ្អើល គឺ​បង្ហាញអំពី​ប្រសិទ្ធភាព​នៃ​ការ​ការពារនិង​អភិរក្ស​ធន​ធាន​ធម្មជាតិរបស់​យើងជា​ពិសេស​តំបន់​ការ​ពារ​ធម្មជាតិ​ដែល​ជា​ជម្រក​ ជា​តំបន់​ផ្ដល់​ចំណី និង​ប្រភពទឹក​​ដលហ្វូង​​ដំរី​ទៅរកស៊ី។​

លោក​បាន​ឱ្យដឹងថា ​​នៅក្នុង​តំបន់​ព្រៃឡង់ និង​តំបន់ព្រៃ​ព្រះរកា ក៏​ឃើញមាន​វត្ដមាន​សត្វ​ដំរីដែរ។ វត្ដមាននេះ គឺជា​ផ្នែក​មួយ​ដែល​​បង្ហាញ​អំពីប្រសិទ្ធភាព​នៅក្នុង​ការ​ការពារ ភិរក្ស​ ជាពិសេស​ការ​អនុវត្ដ​ច្បាប់ទៅលើ​បទ​ល្មើស​ផ្សេងៗ ពាក់ព័ន្ធ​ជាមួយ​ការ​​កាប់​បំផ្លាញ​ព្រៃឈើ កា​រទន្រ្ទាន​កាន់​កាប់​ដីព្រៃខុស​ច្បាប់ និង​ការ​ដោះអន្ទាក់​ចេញ​ពី​តំបន់​ការពារ​ធម្មជាតិ។​ ទាំងនេះ​ ជាផ្នែក​សំខាន់​ក្នុងការ​គាំទ្រ​ឱ្យ​តំបន់​ការពារ​ធម្មជាតិ​ឱ្យ​​កាន់​តែមាន​សុវត្ថិភាពថែមទៀត​សម្រាប់​ជីវៈចម្រុះ​ក្នុង​ការ​រស់នៅ​ និង​ការ​រក​ចំណី​របស់​សត្វ​ដំរី ក៏ដូចជាសត្វព្រៃដទៃទៀត​។

លោក​បាន​លើកឡើងថាក្រសួង​បរិស្ថាន​​ក៏ឃើញ​មាន​តំបន់​មួយចំនួន​ មានការ​ចូល​ទៅ​​ទន្រ្ទាន​កាន់​កាប់ដី​ក្នុង​តំបន់​អភិរក្ស ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួនដូច​ជា​តំបន់ អូរយាដាវ ក្នុង​ខេត្ត​រតនគិរី ដែលបញ្ហា​នេះ​​បង្ក​ឱ្យ​មាន​ជម្លោះរវាង​មនុស្ស​នឹង​ដំរី ដោយសារ​ ប្រជាជន​ទៅទន្រ្ទាន​កាន់​កាប់​ដីរដ្ឋ​ ដែល​ជាទីតាំង​ដំរី​រកចំណី​។

កាលពីថ្ងៃទី ​១៦ មីនានេះ ដំរីមួយហ្វូងមានចំនួន ៨ ក្បាល ឈ្មោល ១ ក្បាល ញី ៤ ក្បាល កូនជំទង់ ១ ក្បាល និង​កូន​តូច ២ ក្បាល​ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអ្នកស្រាវជ្រាវរបស់អង្គការ WWF បាន​ប្រទះ​ឃើ​ញ​នៅ​​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែពក ខេត្តមណ្ឌលគិរី អំឡុងពេល​ដើរល្បាត និង​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ជីវៈ​ចម្រុះ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃស្រែពក។សកម្មភាពតាមដាន សិក្សានេះ ជាផ្នែក​មួយ​នៃ​កម្ម​វិធី​ស្រាវជ្រាវអំពីសត្វដំរីអាស៊ីនៃគម្រោងកាំប៉ាស (CAMPAS) ដឹកនាំដោយក្រសួងបរិស្ថាន ហើយ​មាន​ការ​រួម​ថវិកា​បន្ថែម​ពីអង្គការ WWF។

បើតាមក្រសួង​បរិស្ថានស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក ហើយផ្គួបជាមួយនឹងភាពអត់ធ្មត់ខ្ពស់ គំហើញ​នៃសត្វដ៏កម្រមួយប្រភេទនេះ ត្រូវ​បានកត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានប្រមូលលាមក និង​ដាន​​ជើង​រប​ស់​ដំរី​​កាល​ពីអំឡុ​ង​រដូវ​ប្រាំងឆ្នាំ ២០២១​។ ហ្វូងសត្វដំរីទាំងនេះ ក្រសួង​បាន​ឱ្យដឹងថា បច្ចុប្បន្ន​កំពុងរស់នៅដោយសុវត្ថិភាពនៅក្នុង ទីជម្រក ធម្មជាតិរបស់ពួកវា ក្រោម​ការការ​ពារ​យ៉ាង​តឹង​រ៉ឹង​ដោយ​មន្រ្តី​ឧទ្យា​នុរក្ស​នៃ​ដែន​ជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។

ក្រសួង​បញ្ជាក់ថា ដំរីអាស៊ីជាប្រភេទជិតផុតពូជ និងបានចុះបញ្ជីក្រហម IUCN (EN) ជា​ប្រភេ​ទស​ត្វ​ដែល​ជិត​ផុត​ពូជ​នៅ​លើពិ​ភព​លោក។ ដំរីនៅអាស៊ីត្រូវបានគេចាត់ថ្នាក់នៅក្នុងបញ្ជីឧបសម្ព័ន្ធ I នៃអនុសញ្ញាសាយតេស។

បើតាម​លោក ភក្ត្រា «ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៥ ដោយ​មាន​ការ​ចូល​រួម​ពីក្រសួ​ងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាម​រយៈ​ការ​រក្សា​ស្ថិរភាពនិងជំរុញឱ្យមានកំណើនចំនួនប្រភេទនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងថាវត្ដ​មាន​ហ្វូង​ដំរីនេះគឺ​ជា​លទ្ធផល​នៃ​ក្រុម​ការងារ​ពាក់ព័ន្ធ​បាន​ចុះ​អនុវត្ដ​ការងារ សិក្សា​ជា​ប្រចាំ​អំពីរបាយនិង​ដង់ស៊ីតេរបស់​សត្វ​ដំរីក្នុងដែន​ជម្រក​សត្វ​ព្រៃ​តើ​មាន​ចំនួនពិត​ប្រាក​ដមាន​​​ប៉ុន្មានក្បាល​គឺក្រុម​ការងារ​អភិរក្សបាន​តាម​អង្កេត​វត្ដ​មាន​របស់​សត្វ​ដំរី និង​សត្វ​កម្រផ្សេង​ទៀត​បែបនេះ​ជារៀ​ង​រាល់​ឆ្នាំ​។

លោក​ថ្លែង​ថា៖ «ហ្វូង​ដំរី​ដែល​យើង​ឃើញនេះ​វា​ជា​ការ​អង្កេត​ផ្ទាល់។ ហ្វូង​ដំរីនេះ គឺជា​ហ្វូង​មួយ ក្នុង​ចំណោម​ហ្វូង​ដំរី​ជា​ច្រើនទៀត​នៃដំរី​អាស៊ីដែល​មាន​វត្ដ​មាន​ក្នុង​ប្រទេស​កម្ពុជាយើង។ ហ្វូង​ដំរី​នេះ វា​មាន​ការ​ចល័ត​ទៅវិញទៅមក ដូច្នេះ​ទើប​យើង​​ធ្វើការ​អង្កេត​ពីរបាយ​របស់ពួកវា​តាមរយៈ​ការ​ពិនិត្យ​លើ​លាមក​របស់​ពួកវា​ និង​សរុប​លទ្ធផល​ក្នុង​រយៈពេល ២ ឆ្នាំ​ម្ដង ខណៈ​តំបន់​អភិរក្ស​ក្នុង​ខេត្ដ​មណ្ឌលគិរីមាន​វត្ដមាន​ដំរី​អាស៊ីនេះ​ចាប់ពី​ ៣៥០-៤៥០ ក្បាល​ នេះបើតាម​ទិន្នន័យ​រកឃើញ​កាលពីឆ្នាំ ​២០២០​»។

ក្រសួង​បរិស្ថាន​ និង​អង្គការ​ពាក់ព័ន្ធ​បាន​អរគុណដល់​មន្រី្តឧទ្យានុរក្ស មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែល​ខិត​ខំ​ប្រឹង​ប្រែង​ទប់​ស្កាត់​បទល្មើស ធន​ធម្មជាតិ និង​ក្រុមសិក្សាស្រាវជា្រវជីវ:ចម្រុះ ដែល​ការពា​រ​ថែ​រក្សា​ធន​ធាន​ធម្ម​ជាតិ​ជាពិសេសសត្វព្រៃ ដែល​​កម្រនិង​ជិត​ផុត​ពូជឱ្យនៅគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ៕

វីដេអូ៖