លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាកាលពីឆ្នាំ ២០២១ បានចុះទៅសិក្សាស្រាវជ្រាវពីបញ្ហាប្រឈម និងផលប៉ះពាល់នៅបឹងទន្លេសាបដែលមានផ្ទៃដីរបស់រដ្ឋប្រមាណ ៦៤ ម៉ឺនហិកតា។ លោកបានរកឃើញករណីការទន្ទ្រានយកដីរដ្ឋពីអ្នកមានអំណាច និងប្រជាពលរដ្ឋមួយចំនួន ទើបធ្វើរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាល ដើម្បីស្នើចាត់វិធានការច្បាប់ ដកហូតដីរដ្ឋទាំងនោះមកវិញ និងចាត់វិធានការបន្ថែមទៀត ចំពោះបទល្មើសនេសាទនានា ដើម្បីការពារធនធានធម្មជាតិត្រីទឹកសាប។
កាលពីថ្ងៃទី ១០ មីនា កិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីត្រួតពិនិត្យលទ្ធផលនៃការអនុវត្តវិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកបឹងទន្លេសាប ជារួមលទ្ធផលសម្រេចបានក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប គឺខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង និងខេត្ដសៀមរាបមានពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន ១៥ ០០២ គ្រួសារ ស្មើ ៦៣ ១៩០,៨០ ហិកតា និងធ្វើការវាស់វែងជាក់ស្តែងបានចំនួន ៨ ៨៦០ គ្រួសារ ស្មើ ១០ ៨៣៧ ក្បាលដី និងមានទំហំ ៨៧ ០៤២,៤៥ ហិកតា។
ភ្នំពេញប៉ុស្ដិ៍បានជួបសម្ភាសផ្ទាល់ជាមួយ លោក សុខ ទូច ដើម្បីបញ្ជាក់បន្ថែមពីសមិទ្ធផលដែលក្រុមការងារសម្រេចបានខាងលើ និងផ្ដល់ជាអនុសាសន៍បន្ថែមទៀតសម្រាប់ការការពារ និងអភិរក្ស បឹងទន្លេសាប ដែលមានខ្លឹមសារ ដូចខាងក្រោម៖
លោកបានចុះធ្វើការសិក្សាស្រាវជ្រាវលើបឹងទន្លេសាប សូមលោកបង្ហាញពីដំណើរដើមទងខ្លះនៃការធ្វើការងារនេះ?
ការសិក្សាស្រាវជ្រាវនេះ យើងចែកចេញជា ៣ ដំណាក់កាល ដំណាក់កាលទី ១ យើងសិក្សាទៅលើឯកសារដែលមាននៅតាមស្ថាប័នដែលពាក់ព័ន្ធក៏ដូចជាអ្វីដែលមានជាប្រវត្ដិសាស្ដ្រ។ ក្រោយពីយើងសិក្សាលើឯកសារចប់សព្វគ្រប់យើងចាប់ផ្ដើមផ្ទៀងផ្ទាត់រវាងឯកសារ និងវត្ថុតាងជាក់ស្ដែងនៃបឹងទន្លេសាប។ តាមឯកសារ បឹងទន្លេសាបមានផ្ទៃដីរហូតទៅដល់ ៦៤ ម៉ឺនហិកតា ដែលគ្របដណ្ដប់លើខេត្ដចំនួន ៦។ ប៉ុន្ដែក្នុងនោះខេត្ដបន្ទាយមានជ័យ គ្រាន់តែមានចំណុចមួយ ដែលជាស្ទឹងហូរចូលពីបឹងទន្លេសាបប៉ុណ្ណោះហើយខេត្ដដែលមានផ្ទៃដីបឹងទន្លេសាបធំជាងគេគឺខេត្ដកំពង់ធំ។ បឹងទន្លេសាបនេះ បានបែងចែកជា ៣ ដោយយកអ័ក្សផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ ៦ ក្នុងនោះយកផ្លូវជាតិលេខ ៥ ជាចំណុចទី១ នៃខេត្តចំនួន ៣ គឺខេត្ដបាត់ដំបង ពោធិ៍សាត់ និងខេត្ដកំពង់ឆ្នាំង ហើយបានបែងចែកជា ៣ តំបន់ គឺតំបន់ប្រជាជនរស់នៅ តំបន់អាស្រ័យផល និងតំបន់អភិរក្ស។
តំបន់អភិរក្សនេះ យើងបានបញ្ជាក់ទៀតទៅកាន់ស្ថាប័នដែលពាក់ព័ន្ធបូកទៅនឹងឯកសារដែលយើងមាន ដែលគ្រាន់តែយើងចុះទៅដំណាក់កាលទី ១ ទៅមើលឃើញភ្លាម យើងឃើញហាក់បីដូចជាត្រូវតែប្រកាសអាសន្ន ក្រោយពីយើងបានសិក្សាទៅលើឯកសារ និងចុះទៅពិនិត្យ សិក្សាស្រាវជ្រាវជាក់ស្ដែង។
ពេលយើងចុះទៅសិក្សាស្រាវជ្រាវជាក់ស្ដែង យើងបានស្នើទៅកាន់រាជរដ្ឋាភិបាលថា បើយើងទុកដល់ឥឡូវនេះ គឺខ្ទេចតែម្ដង ព្រោះគេចូលទៅកាប់ទន្ទ្រានយកដីនៅពេលណា គឺនៅពេលទឹកស្រកអស់ គឺគេចូលទៅកាប់ទន្ទ្រានយកតែម្ដង។
តើដីដែលត្រូវបានគេកាប់ទន្ទ្រានវាតយកនោះ ត្រូវបានដកហូតមកវិញអស់ហើយឬនៅ?
យើងជម្រាបជូនទៅរដ្ឋាភិបាល ហើយរដ្ឋាភិបាលចាប់ផ្ដើមបង្កើតក្រុមការងារអន្តរក្រសួង ដោយសហការជាមួយអាជ្ញាធរជុំវិញបឹងទន្លេសាបចុះទៅស្រាវជ្រាវ និងដកហូតដីរដ្ឋមកវិញ។ ឥឡូវនេះយើងឃើញថា រដ្ឋាភិបាលបានដកហូតដីដែលត្រូវបានគេទន្ទ្រានយកនោះមកវិញហើយ។ ទោះបីក្នុងករណីណាក៏ដោយ ក្នុងតំបន់ ៣ ដែលបានបោះបង្គោល ហើយនឹងមិនទាន់បានបោះបង្គោល គឺយើងឃើញថា រដ្ឋាភិបាលបានរឹបអូសដីដែលត្រូវគេទន្ទ្រានយកនោះមកវិញអស់ហើយ។
តើបច្ចុប្បន្នស្ថានភាពទឹកនៅបឹងទន្លេសាប មានសភាពយ៉ាងដូចម្តេចដែរ?
នៅរដូវវស្សា ធារបឹងទន្លេសាបមានជម្រៅ ៥,៥ ម៉ែត្រ សម្រាប់ខេត្ដសៀមរាប បាត់ដំបង និងពោធិ៍សាត់។ ប៉ុន្តែបើនៅតាមព្រែក ធារទឹកមានដល់ ៧ ម៉ែត្រ។ ចំណែកនៅតំបន់ឆ្នុកទ្រូធារទឹកមាន ១៣ ម៉ែត្រហើយនៅមុខព្រះបរមរាជវាំងធារទឹកមានជម្រៅ ២៣ ម៉ែត្រ។ ប៉ុន្ដែឥឡូវធារទឹកត្រង់ទីតាំង ៥,៥ ម៉ែត្រនោះគឺនៅសល់តែ ១ ម៉ែត្រប៉ុន្ដែបរិមាណនេះ មិនទាន់កំណត់បានច្បាស់ទាំងស្រុងទេពីព្រោះទឹកដែលនៅរាក់បំផុត គឺនៅខែមេសាខាងមុខ។ ដូច្នេះនៅខែមេសាយើងនឹងបន្តចុះទៅពិនិត្យមើលម្ដងទៀត។
ហេតុអ្វីបានជាលោកធ្វើការសិក្សាពីទឹក សិក្សាពីព្រៃឈើនៅបឹងទន្លេសាប?
ការដែលយើងសិក្សា ពីព្រោះទឹកគឺជាផ្ទះរបស់ត្រី និងជាជម្រករបស់សត្វលើគោក ចំណែកព្រៃ គឺជាចំណីរបស់សត្វទាំងនេះ។ ត្រីមានស្រកា វាស៊ីរុក្ខជាតិ ស្លែ ចំណែកត្រីគ្មានស្រកា វាស៊ីសាច់ ឬស៊ីត្រីគ្នាវា។ កាលពីសប្ដាហ៍មុន ខ្ញុំបានចុះទៅដល់បឹងទន្លេសាប ទឹកនៅសល់រាក់មែនទែនហើយត្រីក៏ខ្សត់ដែរ។ ការខ្សត់ត្រីនេះដោយសារការនេសាទខុសច្បាប់ ដូចដែលខ្ញុំបានបង្ហាញហើយ រួមមានការធ្វើនេសាទគ្រប់រដូវ ការនេសាទដោយប្រើឧបករណ៍លបស្បៃមុង ដែលមានប្រវែងរាប់គីឡូម៉ែត្រ និងការនេសាទប្រើប្រាស់ឧបករណ៍ឆក់ជាដើម។
ចំណែក ការចូលទៅទន្ទ្រានយកដីព្រៃលិចទឹកនៅបឹងទន្លេសាបមកធ្វើស្រែ ក៏ជាកត្ដាបង្កឱ្យមានការប៉ះពាល់ដល់ជម្រកត្រីទឹកសាបដែរ។ ត្រីទឹកសាប ប្រភេទត្រីស្រកា វាស៊ីរុក្ខជាតិជាចំណី ដូច្នេះនៅពេលពលរដ្ឋទន្ទ្រានយកដីជាប់បឹងទន្លេសាបទៅធ្វើស្រែនឹងប្រើប្រាស់ថ្នាំគីមីក៏នាំឱ្យប៉ះពាល់ដល់ចំណីត្រីបណ្ដាលឱ្យបាត់បង់ត្រីដែរ។
ចំណុចនេះហើយជាបញ្ហា ដូច្នេះហើយបានជាយើងសុំឱ្យបញ្ឈប់ការនេសាទត្រីខុសច្បាប់ ប៉ុន្ដែខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជាខឹងខ្ញុំនៅពេលនេះ។ ប៉ុន្ដែគាត់នឹងនឹកឃើញនៅពេលក្រោយថា យើងអស់ហើយលក្ខណៈធម្មជាតិ។ ខ្មែរមិនទាន់ប្រកាសអាសន្ននឹងខ្វះដីធ្វើស្រែទៅប្រើប្រាស់ដីបឹងទន្លេសាប ៦៤ ម៉ឺនហិកតានឹងទេ ប្រជាជនយើងមានតែ ១៦ លាននាក់ទេ មានផ្ទៃដីធំជាងប្រទេសកូរ៉េខាងត្បូងដែលគេមានប្រជាជនដល់ទៅ ៥២ លាននាក់ ប៉ុន្ដែគេរក្សាធនធានធម្មជាតិរបស់គេ។
ហេតុអ្វីបានជាធារទឹកនៅបឹងទន្លេសាបរួមតូច?
ធារទឹកតូចនេះគឺទី ១ ដោយសារភ្លៀងធ្លាក់មិនទៀងទាត់ ទី ២ ដោយសារតែវារីអគ្គិសនីច្រើន ទី ៣ គឺយើងអត់ចេះសន្សំសំចៃទឹក។ អ៊ីចឹងយើងត្រូវធ្វើម៉េច គឺមានជម្រើសត្រង់ចំណុចនេះ។ ជម្រើសទី ១ គឺជម្រើសធ្វើទំនប់ ការធ្វើទំនប់នេះមាន ៣ ប្រភេទ តើយើងធ្វើជាទំនប់បង្ហៀរ ទំនប់ទ្វារទឹក ឬទំនប់បែបនៅប៉ាណាម៉ា។
ការរក្សាធារទឹក គឺបានផ្ដល់ផលចំណេញ អត់អាចមានអ្នកកាប់ព្រៃឈើលិចទឹក។ កសិករអាចធ្វើស្រែបានពីព្រោះរាល់ប្រព័ន្ធប្រឡាយទឹក ស្ទឹងឬអូរ ដែលហូរចូលមកទន្លេសាបធ្វើឱ្យនីវ៉ូទឹកស្មើគ្នា ដូច្នេះនៅពេលនីវ៉ូទឹកស្នើគ្នាយើងរក្សាបានទឹកតាមស្ទឹងបានទាំងអស់ដែលអាចឱ្យធ្វើកសិកម្មបាន។
តើការធ្វើទំនប់ទប់ទឹកផ្ដល់ផលប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះ?
ការធ្វើទំនប់ទប់ទឹកបែបនេះច្បាស់ជាគេចោទសួរយើងហើយថា ចុះបើទប់ទឹកបែបនេះ ត្រីបំផ្លាស់ទីម្ដេចកើត? អ៊ីចឹងមើល ធនធាន នៅពេលខែវស្សាមកដល់ យើងមានលំបាកអី គឺយើងបើកទ្វារទឹកទាំងអស់ ព្រោះយើងលែងត្រូវការទឹកហើយទឹកបានហូរបុកចូលពីទន្លេមេគង្គទៅហើយ។ ចាំពេលខែប្រាំងចាំបិទទ្វារទឹកទៅ។ ប៉ុន្ដែបើធ្វើទំនប់បង្ហៀរទឹក ឧបមាថា យើងចង់បានទឹកនៅទន្លេសាបនៅរដូវប្រាំង ៣ ម៉ែត្រ អ៊ីចឹងយើងលើកទំនប់នឹង ៣ ម៉ែត្របើទឹកផុតពី ៣ ម៉ែត្រឱ្យហូរចេញទៅ លើសពី ៣ ម៉ែត្រហូរចូលមក ធ្វើបែបនេះក៏បានដែរ។ ពីព្រោះមិនមែនដូចមុនទៀតទេ គេធ្វើវារីអគ្គិសនីបាន ហេតុអីយើងធ្វើអាហ្នឹងមិនបានអាហ្នឹងហើយដែលយើងត្រូវគួរគិតពិចារណា។
មួយទៀតក្នុងករណីត្រីមិនបំផ្លាស់ទី បើសិនត្រីបំផ្លាស់ទីមិនបានយើងមានក្រពះបឹងទន្លេសាប គឺទន្លេឆ្មារដែលមានទំហំជាង ១១ ០០០ ហិកតា យកកន្លែងនេះជាកន្លែងត្រីភ្ញាស់ ហើយលែងត្រីនោះមកបឹងទន្លេសាបមក មិនបាច់លែងផង វាហែលខ្លួនវាធម្មជាតិ។
ចំណុចមួយទៀតចំណុចដែលយើងត្រូវរក្សាឱ្យបាននោះគឺត្រូវតែម៉ឺងម៉ាត់ ការអនុវត្ដច្បាប់ជលផល។ រដូវត្រីពងហាមដាច់ខាតមិនឱ្យនេសាទ បើចាប់បានត្រូវអនុវត្ដច្បាប់។ ក្រោយពីបើកឱ្យនេសាទ តើត្រូវធ្វើរបៀបម៉េច ឧទាហរណ៍ គេឱ្យដាក់លបត្រឹម ៦០០ ម៉ែត្រ គឺត្រូវដាក់តែ ៦០០ ម៉ែត្របានហើយ កុំទៅដាក់រាប់គីឡូម៉ែត្រ។ កុំឱ្យឆក់ត្រី បើឆក់ចាប់បានត្រូវធ្វើម៉េច។ បទល្មើសនេសាទនេះ អ្នកល្មើសច្បាប់រស់តែម្នាក់ ២ នាក់ប៉ុន្ដែក្រនៅទូទាំងប្រទេសរឿងនេះ គឺមិនត្រឹមត្រូវទេ។ គេថា យើងស្អប់ជាតិសាសន៍ យើងអត់ស្អប់ទេ។ ឥឡូវប្អូនឯងទៅប្រទេសកូរ៉េ បើប្អូនឯងធ្វើខុសច្បាប់គេចាប់ដាក់គុកបាត់ឥឡូវ។ ទៅថៃ វៀតណាមបើយើងធ្វើខុសច្បាប់គេចាប់ដាក់គុកឥឡូវ។ រឿងនេះហើយដែលយើងត្រូវជួយទាំងអស់គ្នា។ ពលរដ្ឋកុំគិតថាជារឿងស្អីៗ នេះជារឿងជាតិទាំងមូល មនុស្សទៅបាត់ (ស្លាប់) ប៉ុន្ដែ កូន ចៅ យើងនៅ។ ចៅនោះជាស្អី គឺជាឈាមរបស់យើង។
តើបទល្មើសនេសាទចម្បងមានអ្វីខ្លះហើយត្រូវទប់ស្កាត់បែបណា?
បទល្មើសនេសាទនៅបឹងទន្លេសាបនេះ គឺមានច្រើនប្រភេទ វាសឹងតែការនេសាទនៅទីនោះ គឺល្មើសទាំងអស់ទាំងអ្នកនេសាទក្នុងស្រុក និងអ្នកនេសាទមកពីក្រៅស្រុក គ្រាន់តែបទល្មើសនោះ មានខ្លះធ្ងន់ ខ្លះស្រាល ទៅតាមឧបករណ៍នេសាទរបស់ពួកគេ។
ចំណុចនេះ យើងកុំបន្ទោសជលផលគឺយើងត្រូវដឹងទាំងអស់គ្នាថា ពីមុនអំណាចបានផ្ដល់វិមជ្ឈការទៅថ្នាក់ក្រោមជាតិ អ៊ីចឹង ខេត្ដគឺជាអំណាចធំណាស់ ខ្ញុំចង់ឃើញលោកអភិបាលខេត្ដ ខ្ញុំមិនដឹងខេត្ដណា ខ្ញុំអត់និយាយទេ ប៉ុន្ដែបើនិយាយពីបឹងទន្លេសាបនេះបើធ្វើកន្លែងនឹងមិនកើតសូមលាលែងទៅ មិនមែនដូរពីខេត្តមួយទៅខេត្តមួយអ៊ីចឹងទេ។ អត់ចេះខ្មាសអៀនសោះ។ ខ្ញុំបើធ្វើមិនកើត នៅមុខនាយករដ្ឋមន្ដ្រី ថ្ងៃខ្ញុំទៅទទួលត្រា ៣ ឆ្នាំខ្ញុំធ្វើមិនកើតខ្ញុំដើរចេញ ព្រោះយកមកធ្វើអី។ អ៊ីចឹងអ្នកធ្វើនីមួយៗត្រូវបង្ហាញអ្វី? ធ្វើដើម្បីអ្វី គឺធ្វើដើម្បីជួយសង្គមនេះ ព្រោះជាប្រទេសរបស់យើងទាំងអស់គ្នា។ ធ្វើមកដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា អ៊ីចឹងយើងត្រូវតែហ៊ានមានឆន្ទៈហ្នឹង។
តើលោកមានអនុសាសន៍អ្វី ដើម្បីរក្សាសម្បត្ដិធម្មជាតិនៅបឹងទន្លេសាបឱ្យបានគង់វង្ស?
ចំណុចនេះធ្វើម៉េចយើងត្រូវពន្យល់ប្រជាជនយើងឱ្យយល់សិន ដើម្បីឱ្យពួកគាត់ចូលរួម កាលណាពួកគាត់អត់យល់ ពិបាកណាស់ ដូចចាប់ក្ដាមដាក់ចង្អេរអ៊ីចឹង។ អ៊ីចឹង ចំណុចនេះ សួរថា ហេតុអ្វីយើងអាចលើកស្លាកផ្សព្វផ្សាយពីស្រាបៀរបាន ដូច្នេះហេតុអ្វីយើងមិនអាចលើកស្លាកពន្យល់ប្រជាជនយើងឱ្យចូលរួមអភិរក្សបឹងទន្លេសាបបាន។ យើងត្រូវពន្យល់ប្រជាជនឱ្យពួកគាត់យល់នេះជាចំណុចទី ១ ចំណែកទី ២ គឺការអនុវត្ដច្បាប់ក្រោយពីការពន្យល់រួចហើយគឺយើងត្រូវអនុវត្ដច្បាប់។ ចំណុចមួយទៀត គឺយើងត្រូវបង្កើតពូជត្រីដែលជិតផុតពូជនោះឡើងវិញ ហើយយើងនាំគ្នាអភិរក្សអភិវឌ្ឍវាទាំងអស់គ្នា។ យើងត្រូវតែ រៀបចំធ្វើយ៉ាងណាកុំឱ្យមានការនេសាទហួសដែនកំណត់ បើមានការនេសាទហួសដែនកំណត់ គឺត្រូវអនុវត្ដច្បាប់។ យើងត្រូវដឹងថា បើយើងមិនធ្វើ វាអស់ តែបើយើងធ្វើហើយវាមិនបានជោគជ័យ វាក៏បានបន្សល់ទុកនៅក្នុងប្រវត្ដិសាស្ដ្រដែរថា មិនមែនគ្មានអ្នកណាធ្វើទេ មានគេធ្វើ ប៉ុន្ដែទប់វាមិនបាន។
អ៊ីចឹង ខ្ញុំគ្រាន់តែចង់ជម្រាបជូនថា ការធ្វើកិច្ចការងារនេះ ហានិភ័យរបស់ខ្ញុំខ្ពស់ប៉ុន្ដែហេតុអ្វីខ្ញុំធ្វើ? បើខ្ញុំមិនធ្វើរឿងដែលរាជរដ្ឋាភិបាលបានផ្ដល់ទំនុកចិត្ដមកលើខ្ញុំ ប្រគល់ភារកិច្ចមកឱ្យយើង ហើយបើយើងធ្វើដូចតែគេតើយើងយកតំណែងមកធ្វើអី? ព្រោះតំណែងទាំងអស់ហ្នឹង មិនមែនជាតំណែងសម្រាប់ឱ្យគេគោរពទេ ប៉ុន្ដែជាតំណែងសម្រាប់យកមកអនុវត្ដ៕
វីដេអូ៖