ទិដ្ឋភាពវប្បធម៌របស់ជនជាតិដើមភាគតិចព្នង ត្រូវបានដាក់បញ្ចូលឈ្មោះទៅក្នុងកម្មវិធី WORLD MONUMENTS WATCH ឆ្នាំ ២០២២ ដែលជាការជ្រើសរើសតំបន់បេតិកភណ្ឌសំខាន់ៗនៅលើពិភពលោកចំនួន ២០ ទីតាំង ដែលជាទីតាំងចាំបាច់ត្រូវមានការអភិរក្សជាបន្ទាន់ និងមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសហគមន៍នៅជុំវិញនោះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ បានឱ្យដឹងថា តាមរយៈកម្មវិធី World Monuments Watch ឆ្នាំ ២០២២ នេះ អង្គកា World Monuments Watch (WMF) បានអំពាវនាវឱ្យមាននូវកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹង និងការគាំទ្រកាន់តែច្រើនថែមទៀត ដើម្បីប្រើប្រាស់ការអភិរក្សបេតិកភណ្ឌជាឧបករណ៍សម្រាប់ការពង្រឹងសិទ្ធិជនជាតិដើមភាគតិច។
ជនជាតិព្នង គឺជាសហគមន៍ជនជាតិដើមភាគតិចមួយនៅក្នុងខេត្តមណ្ឌលគិរី ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ហើយជីវភាពរស់នៅរបស់ជនជាតិនេះ គឺផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងទឹកដីដូនតារបស់ពួកគាត់។ ក្រៅពីរចនាសម្ព័ន្ធភាសាតាមតំបន់ មានភាពពិសេសខុសប្លែកពីគេ ទិដ្ឋភាពវប្បធម៌របស់ជនជាតិដើមភាគតិចព្នងក៏រួមមាននូវដីកសិកម្ម ព្រៃអារក្ស និងដីបញ្ចុះសព ពោល គឺគ្រប់កន្លែងរស់នៅក្នុងសង្គម វិញ្ញាណអារក្ស និងចំណុចសំខាន់ផ្នែកប្រវត្តិសាស្ត្រត្រូវបានផ្សារភ្ជាប់ដោយទម្លាប់សាសនា និងចំណេះដឹងប្រពៃណី។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា៖ «ជនជាតិដើមភាគតិចព្នងត្រូវបានចាត់ទុកថាជាក្រុមប្រជាជនដ៏សំខាន់នៃទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែប តាមរយៈការដាំដុះជាបន្តបន្ទាប់ និងការអនុវត្តគ្រប់គ្រងព្រៃឈើតាមបែបប្រពៃណី។ សហគមន៍ជនជាតិដើមភាគតិចព្នងនៅទូទាំងតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជាកំពុងព្យាយាមការពារទីតាំង និងទម្លាប់អនុវត្តដែលមានសារៈសំខាន់ចំពោះការរស់នៅប្រចាំថ្ងៃ និងអត្តសញ្ញាណរបស់ពួកគាត់»។
លោក ប្រាក់ ណែត ប្រធានសមាគមជនជាតិដើមភាគតិចព្នងបានលើកឡើងថា ការមានឈ្មោះនៅក្នុងបញ្ជីរបស់កម្មវិធី Watch គឺជួយឱ្យពិភពលោកស្គាល់ពីតំបន់នេះ។
លោកថា៖ «យើងគឺជាក្រុមតូច។ នៅពេលមានមនុស្សកាន់តែច្រើនបានស្គាល់ទីតាំងនេះ នឹងជួយយើងក្នុងការការពារតំបន់នេះ។ ជាការសំខាន់គឺយើងត្រូវតែផ្ទេរចំណេះដឹងទៅកាន់អ្នកជំនាន់ក្រោយដើម្បីឱ្យកូនៗ និងចៅៗរបស់យើងមានមោទនភាពចំពោះប្រវត្តិសាស្ត្ររបស់ពួកគេ»។
លោក ប្រាក់ ណែត បានបន្ថែមថា សកម្មភាពនេះគឺធ្វើឱ្យប្រវត្តិរបស់ជនជាតិដើមភាគតិចព្នងមានភាពរស់រវើក។
លោកបានថ្លែងថា៖ «ខ្ញុំក៏មានអារម្មណ៍ថាមានសំណាងដែលស្ថាបត្យកម្មរបស់យើងជាប់ឈ្មោះនៅក្នុងបញ្ជីរបស់អង្គការ Watch ដូច្នេះអ្នកដទៃអាចនឹងមើលឃើញតំបន់នេះ ហើយយុវជនវ័យ ក្មេងអាចនឹងរក្សាតំបន់នេះ និងការពារតំបន់នេះកុំឱ្យបាត់បង់»។
ចំណែក លោកស្រី Bénédicte de Montlaur ប្រធាន និងអគ្គនាយកអង្គការ WMF មានប្រសាសន៍ថា៖ «ការជួយសង្គ្រោះតំបន់បេតិកភណ្ឌវប្បធម៌ដែលមិនអាចជំនួសបានទាំងនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់»។
លោកស្រី បានបន្ថែមទៀតថា បញ្ហាប្រឈមសកលដ៏គួរឱ្យព្រួយបារម្ភ ដែលកំពុងប្រឈម ដោយបេតិកភណ្ឌនានានៅក្នុងសតវត្សរ៍ទី ២១ នេះគឺតម្រូវឱ្យមានដំណោះស្រាយប្រកបដោយភាពប្រឌិត ចីរភាព និងអាចផលិតឡើងវិញបាន។ តាមរយៈការគាំទ្រសហគមន៍ក្នុងការអភិរក្សទីតាំងមានតម្លៃសម្រាប់ពួកគេបំផុតនោះ ការពង្រឹងទំនាក់ទំនងសង្គមនឹងជំរុញឱ្យមានការយល់ដឹងឱ្យកាន់តែទូលំទូលាយដែលថាអនាគតក្នុងនាមជាពលរដ្ឋសកល គឺមានជាប់ពាក់ព័ន្ធគ្នាដោយមិនអាចកាន់ផ្ដាច់បាន។
ដោយបានបើកដំណើរការនៅក្នុងឆ្នាំ ១៩៩៦ ក្រោមជំនួយឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន American Express កម្មវិធី Watch នេះតែងតែធ្វើការប្រកាសដំណើរការរៀងរាល់ ២ ឆ្នាំម្ដង ហើយរួមបញ្ចូលទាំងនូវទីតាំងដែលបានកំណត់ដោយប្រជាជន និងអង្គការតាមសហគមន៍នៅទូទាំងសកលលោក។ កម្មវិធីនេះ គឺជាឧបករណ៍ដែលមានការបញ្ជាក់ពីប្រសិទ្ធភាពសម្រាប់ការលើកកម្ពស់ការយល់ដឹងអំពីទីតាំង ដែលត្រូវការការពារ, ការបង្កើនសកម្មភាព និងការគាំទ្រសម្រាប់ការអភិរក្សរបស់ពួកគេ។
រហូតមកដល់ពេលនេះ អង្គការ WMF បានរួមចំណែកជាង ១១០ លានដុល្លារ ចំពោះគម្រោងនានាដែលមានជាង ៣០០ ទីតាំងនៃកម្មវិធី Watch ដែលកម្មវិធី Watch បានជួយផ្សព្វផ្សាយឱ្យមានការមើលឃើញ ដើម្បីជួយបង្កើនថវិកាសហគមន៍ ៣០០ លានដុល្លារបន្ថែមទៀតពីប្រភពផ្សេងៗ៕