មណ្ឌលគិរីៈ ពលរដ្ឋជាជនជាតិដើមក្នុងសហគមន៍សុខដុមចំនួន ៥០ នាក់បានឃាត់មិនឱ្យមានការឈូសឆាយដីព្រៃស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ កាលពីថ្ងៃទី ១៥ ខែមីនា ដោយសំអាងថា ទីតាំងនោះពួកគាត់រក្សាទុក ដើម្បីចុះបញ្ជីជាដីសមូហភាពជនជាតិដើមភាគតិចព្នងហើយការឈូសឆាយនោះនឹងបណ្តាលឱ្យបាត់បង់ធនធានធម្មជាតិពិសេសកន្លែងអាស្រ័យផលរបស់ជនជាតិដើមភាគតិចព្នង។
អ្នកស្រី ភ្លឹក ភីរុំ តំណាងសហគមន៍សុខដុម នៅភូមិសុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានថ្លែងពីថ្ងៃទី ១៦ ខែមីនា ថា កាលពីថ្ងៃទី ១៥ ខែមីនា អ្នកស្រីនិងប្រជាពលរដ្ឋក្នុងសហគមន៍ផ្សេងទៀតសរុប ៥០ នាក់បានចុះទៅឃាត់ផ្អាកគ្រឿងចក្រចំនួន ២ គ្រឿងកំពុងឈូសឆាយដីព្រៃកាយព្រំឱ្យក្រុមហ៊ុនវីឡាឌីវេឡុបមេន។
អ្នកស្រី បន្តថា ការឈូសឆាយនេះស្ថិតនៅភូមិឡៅកា សង្កាត់សុខដុមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយការឃាត់មិនឱ្យបន្តមានការឈូសឆាយនេះ ព្រោះមានការព្រួយបារម្ភខ្លាចក្រុមហ៊ុនវីឡាឌីវេឡុបមេន ទន្ទ្រានយកដីដែលជនជាតិដើមភាគតិចព្នងខំរក្សាទុកសម្រាប់អាស្រ័យផល បើមានការឈូសឆាយនឹងធ្វើឱ្យបាត់បង់ដើមជ័រទឹកប្រមាណ ១ ០០០ ដើមដែលកំពុងអាស្រ័យផលនៅទីនោះ។ ម្យ៉ាងទៀតដីនោះក៏ជាដីដែលជនជាតិដើមភាគតិចព្នងរក្សាទុកសម្រាប់ចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចផងដែរ។
អ្នកស្រី បញ្ជាក់ថា ក្រុមហ៊ុន វីឡាឌីវេឡុបមេន ធ្លាប់បានអភិវឌ្ឍនៅភូមិឡៅកាម្តងរួចមកហើយដោយបានបំផ្លាញដើមជ័រទឹករបស់ជនជាតិដើមភាគតិចអស់រាប់ពាន់ដើមមិនទាន់បានសងមកសហគមន៍វិញផង។
អ្នកស្រីបានបញ្ជាក់ថា៖ «ពួកខ្ញុំរក្សាទុកមានដើមជ័រទឹក ដើមជ័រចុងមានផ្សិតមានអីនៅក្នុងហ្នឹង រដូវផ្សិតពួកខ្ញុំរកផ្សិត រដូវទឹកឃ្មុំរកទឹកឃ្មុំ ហើយការដងជ័រហ្នឹងគឺអត់មានរដូវទេគឺយករាល់ថ្ងៃតែម្តង បើឈូសឆាយយកកន្លែងហ្នឹងអស់ទៅ ពួកខ្ញុំបានអី»។
លោក គ្រើង តុលា អ្នកប្រឹក្សាយោបល់ក្រុមបណ្តាញសហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីថ្លែងនៅថ្ងៃទី ១៦ ខែមីនាថា ចំពោះរឿងនេះក្រសួងកសិកម្ម និងក្រសួងបរិស្ថានគួរតែបង្កើតគណៈកម្មការមួយដោយសហការជាមួយប្រជាពលរដ្ឋចុះទៅពិនិត្យមើលកុំឱ្យមានការកាយប៉ះពាល់ដល់ព្រៃឈើ។ មួយវិញទៀត ការកាយដែលនាំឱ្យមានការប៉ះពាល់ដល់ដើមជ័រទឹក គឺជារឿងមួយទៀតដែលអ្នកឈូសឆាយ ឬក្រុមហ៊ុនត្រូវទទួលខុសត្រូវសងសំណងទៅតាមតម្លៃទីផ្សារជាក់លាក់មួយជូនដល់ពលរដ្ឋ។
លោកថ្លែងថា៖ «ក្រុមហ៊ុនគួរតែដោះស្រាយសម្រុះសម្រួលដោយសន្តិវិធីក្រៅប្រព័ន្ធតុលាការ មិនមែនធ្វើដោយអត្តនោម័តអ៊ីចឹងទេ មិនមែនអាងតែដីក្រុមហ៊ុន ផែនទីក្រុមហ៊ុន ហើយធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ប៉ះពាល់ដល់ដើមជ័រ ប៉ះពាល់ដល់កន្លែងរកអនុផលរបស់ប្រជាពលរដ្ឋនោះទេ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចស្វែងរកទំនាក់ទំនងសុំការបំភ្លឺពីតំណាងក្រុមហ៊ុន វីឡាឌីវេឡុបមេន បានទេ នៅថ្ងៃទី ១៦ ខែមីនា ប៉ុន្តែលោក សុងឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា លោកបានតាមដានមើលរឿងនេះ ហើយជាក់ស្តែងគឺគ្រឿងចក្រដែលចូលឆូសឆាយនៅទីនោះ ពិតជាបានកាយព្រំដីឱ្យក្រុមហ៊ុន វីឡាឌី-វេឡុបមេនប្រាកដមែន។ លោកថា ក្រុមហ៊ុននេះមានការចុះបញ្ជីត្រឹមត្រូវតាមច្បាប់ធ្វើការវិនិយោគលើវិស័យកសិកម្មដោយដាំកៅស៊ូ និងមានផ្ទៃដីជាង ៧០០ ហិកតា។
លោកថ្លែងថា៖ «តាមពិតគាត់កាយព្រំទេ ដើម្បីសម្គាល់ដីគាត់ត្រឹមណា ហើយកៅស៊ូគាត់ហ្នឹងធំហើយ ប៉ុន្តែគាត់ទើបបានចុះបញ្ជីមានប្លង់ អ៊ីចឹងគាត់កាយដើម្បីកំណត់សម្គាល់ព្រំដីឱ្យបានច្បាស់»។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានថ្លែងកាលពីថ្ងៃទី ១៦ ខែមីនាថា ការឈូសឆាយនោះគឺស្ថិតនៅក្រោមដែនសមត្ថកិច្ចមន្ទីរកសិកម្ម ប៉ុន្តែយ៉ាងណាលោកក៏បានឱ្យមន្ត្រីចុះទៅពិនិត្យផ្ទៀងផ្ទាត់មើលផងដែរខ្លាចក្រែងមានការឈូសឆាយលើសចូលដល់ដីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច។
លោកថ្លែងថា៖ «អាហ្នឹងជារឿងរបស់កសិកម្ម កសិកម្មគាត់តាមមើល ប៉ុន្តែខ្ញុំក៏តាមមើលដែរដើម្បីដឹងថា តើក្រុមហ៊ុនហ្នឹងមានកាយចូលក្នុងដីដែន ឬមួយមិនចូលយើងអត់ទាន់ដឹងដែរ ព្រោះពេលនេះមន្ត្រីបរិស្ថានកំពុងចុះពិនិត្យមិនទាន់ត្រឡប់មកវិញទេប្រហែលល្ងាច ឬក៏ស្អែកបានដឹង»៕