កំពតៈ គណៈប្រតិភូ​អាជ្ញាធរ​សវនកម្ម​ជាតិ​គ្រោង​នឹង​ចុះ​ធ្វើ​សវនកម្ម​នៅ​ខេត្តកំពត​សម្រាប់​ការិយបរិច្ឆេទ​ ២០២១ និង​ឆ្នាំ​ពាក់ព័ន្ធ​ទាក់ទង​ទៅនឹង​ការអនុលោម​តាមច្បាប់ និង​បទប្បញ្ញាត្តិ​ស្តីពី​ការគ្រប់គ្រង​ចំណូល ចំណាយ​ថវិកា និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​ខេត្តកំពត​។

គម្រោង​ចុះ​ធ្វើ​សវនកម្ម​នៅ​ខេត្តកំពត​នេះ​ត្រូវបាន​ប្រាប់ឱ្យដឹង​នៅក្នុង​កិច្ចប្រជុំ​ពី​ចម្ងាយ​មួយ​រវាង​លោក ​ឡុង អាទិច្ចបូរា អគ្គលេខាធិការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​លោក​ ចាន់ ថា អភិបាលរង​ខេត្តកំពត​ដែលជា​តំណាង​លោក​ ម៉ៅ ធនិន អភិបាល​ខេត្តកំពត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៧ ខែមីនា ឆ្នាំ​ ២០២២ ​នេះ​។

កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​លោកនាយក​រដ្ឋបាល​ស្តីទី​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត លោក លោកស្រី​នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលា​ខេត្តកំពត​ផងដែរ​។

លោក ​ចាន់ ថា​បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​អាជ្ញាធរ​សវនកម្មជាតិ​ដែល​គ្រោង​នឹង​ចុះ​ធ្វើ​សវនកម្ម​នៅ​ខេត្តកំពត​សម្រាប់​ការិយបរិច្ឆេទ​ ២០២១ និង​ឆ្នាំ​ពាក់ព័ន្ធ​។ លោក​បាន​ថ្លែងថា​រដ្ឋបាលខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​នឹងចូលរួម​សហការ​ល្អ​ជាមួយ​ប្រតិភូ​អាជ្ញាធរ​សវនកម្ម​ជាតិ ដើម្បីឱ្យ​បេសកកម្ម​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​សម្រេច​តាម​ផែនការ និង​គោលបំណង​ដែល​បាន​គ្រោងទុក​។

លោក​ ឡុង អាទិច្ចបូរា អគ្គលេខាធិការ​បាន​ថ្លែងថា អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​កាតព្វកិច្ច​ធ្វើ​សវនកម្ម​លើ​គ្រប់​ក្រសួង ស្ថាប័ន ខេត្ត ក្រុង និង​រដ្ឋបាល​មូលដ្ឋាន ដើម្បី​ធ្វើ​របាយការណ៍​ជូនទៅ​រដ្ឋសភា ព្រឹទ្ធសភា និង​ផ្តល់ព័ត៌មាន​ដល់​រាជរដ្ឋាភិបាល​។

លោក​បាន​បញ្ជាក់ថា​៖ «​អាជ្ញាធរ​សវនកម្ម​ជាតិ​នឹងធ្វើ​សវនកម្ម​លើ​ការអនុលោម​តាមច្បាប់ និង​បទប្បញ្ញាត្តិ​ស្តីពី​ការគ្រប់គ្រង​ចំណូល ចំណាយ​ថវិកា និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​ខេត្តកំពត និង​មន្ទីរជំនាញ​សម្រាប់​ការិយបរិច្ឆេទ​ ២០២១ និង​ឆ្នាំ​ពាក់ព័ន្ធ ព្រមទាំង​ធ្វើការ​តាមដាន​អនុសាសន៍​សវនកម្ម​ដែល​អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​ផ្តល់​ជូន​ក្នុង​របាយការណ៍​សវនកម្ម​កន្លងមក ដោយ​ប្រើប្រាស់​យន្តការ​នៃ​ការធ្វើ​សវនកម្ម​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​ការចុះអនុវត្ត​ជាក់ស្តែង​ក្នុងករណី​ចាំបាច់​»៕