ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសសន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកដល់ប្រទេសកម្ពុជាចំនួនរហូតដល់ ២០ លានដូសបន្ថែមទៀត ដែលក្នុងនោះវ៉ាក់សាំងចំនួន ៥ លានដូសនឹងដឹកមកដល់នៅចុងខែមីនា ឆ្នាំ ២០២២ នេះ ខណៈដែលខាងចិនក៏បានប្រកាសធ្វើការរួមគ្នាជាមួយនឹងភាគីកម្ពុជាក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនាពេលខាងមុខនេះផងដែរ។
ការសន្យាផ្តល់វ៉ាក់សាំងនេះ ត្រូវបានមេដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន លើកឡើងនាជំនួបជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី១៨ ខែមីនានេះ តាមរយៈ Video Conference។ នេះបើតាមការលើកឡើងរបស់លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។
លោកបានប្រាប់ឱ្យដឹងថា ក្នុងជំនួបនេះដែរក៏បានលើកឡើងពីការបន្តជំរុញបង្កើនជើងយន្តហោះរវាងប្រទេសទាំង ២ រួមនឹងគម្រោងមួយចំនួនទៀតក្នុងនោះមានដូចជា ផ្លូវ និងការកសាងសាលារៀនជាដើម។
លោក កៅ គឹមហួន មានប្រសាសន៍ថា៖ «លោក ស៊ី ជិនពីង បានប្រកាសគាំទ្រប្រទេសកម្ពុជាដែលបានធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ហើយជាពិសេសប្រកាសគាំទ្រតួនាទីរបស់អាស៊ាននៅក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក។ ក្នុងនេះ អាស៊ានចិន គាំទ្រក្នុងការចូលរួមចំណែកការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសបន្តពង្រីកកិច្ចសហការអាស៊ានចិន ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ»។
ក្នុងការពិភាក្សានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញលោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមពេលវេលាសមស្រប ហើយជាការឆ្លើយតបតាមសំណើអញ្ជើញនេះ លោក ស៊ី ជិនពីង ក៏បានទទួលយកនិងធ្វើការងារនេះជាមួយនឹងស្ថាប័នពាក់ព័ន្ធក្នុងការទស្សនកិច្ចនេះផងដែរ។
លោក កៅ គឹមហួន បានលើកឡើងទៀតថា ចំណែក លោក ស៊ី ជិនពីង ក៏បានអញ្ជើញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅទស្សនកិច្ចនៅប្រទេសចិនតាមពេលវេលាសមស្របផងដែរ។
លោកបានមានប្រសាសន៍ថា៖ «សម្តេចតេជោបានថ្លែងអំណរគុណដល់ប្រធានាធិបតីចិនចំពោះការគាំទ្រកម្ពុជាជាប្រធានអាស៊ាន ក៏ដូចជាការផ្តល់នូវជំនួយមកដល់ប្រទេសកម្ពុជា ជាពិសេស វ៉ាក់សាំងដែលប្រទេសកម្ពុជាកំពុងតែត្រូវការនាពេលនេះផងដែរ»៕