កាកបាទក្រហមកម្ពុជា បានប្រគល់ផ្ទះជាង៣០០ខ្នងបន្ថែមទៀត ទៅដល់អតីតយុទ្ធជនកម្ពុជាក្រីក្រ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលនេះជាការប្រគល់ផ្ទះក្នុងជំហានទី៣។
ពិធីប្រគល់-ទទួលផ្ទះជំហានទី៣នេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ដែលក្នុងនោះមានផ្ទះចំនួន៣២៨ខ្នង ដែលជាការបង្គ្រប់ចំនួន ៦២៨ខ្នង ដោយក្នុងនោះមានព្រះរាជអំណោយរបស់ ហ្លួងម៉ែ ចំនួន១០ខ្នង ដែលបានប្រគល់ជំហានទី២ផងដែរ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ ដែលកំពុងរស់នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹងនេះ។
ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រីពាក់ព័ន្ធ និងសប្បុរសជនជាច្រើនរូបទៀតផងដែរ។
នាឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាបេសកជនពិសេសរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការជួយអភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង បានថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ច ហើយលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនទាំង ៦២៨គ្រួសារនេះ។
លោកបានបន្ថែមថា ក្នុងនោះក៏មានការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ដូចជា ស្ថាបនាផ្លូវថ្នល់, តបណ្តាញអគ្គិសនី, អណ្តូងទឹក, សាងសង់សាលារៀន, អគារស្នាក់នៅគ្រូបង្រៀន, សាងសង់មណ្ឌលសុខភាព, អគារពិនិត្យ និងព្យាបាលជំងឺទូទៅ។ល។
ក្នុងនាមកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី បានសម្តែងនូវក្តីសោមនស្សរីករាយនិងអរគុណចំពោះអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
លោកស្រីបានលើកឡើងថា ៖ «ប្រមុខថ្នាក់ដឹកនាំ និងឥស្សរជនជាតិសំខាន់ៗបានខិតខំដោយលំបាក ក្នុងការស្វែងរកសុខសន្តិភាព និងកសាងប្រទេសឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ដូច្នេះកាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ក៏បានចូលរួមចំណែកគិតគូរអំពីការលំបាក និងលើកស្ទួយជីវភាពរស់នៅរបស់អតីតយុទ្ធជនផងដែរ»។
លោកស្រីបានបញ្ជាក់ថា ឥឡូវនេះនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង មានកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំនួន២៥នាក់ ដែលមានតួនាទីជាកម្លាំងឈានមុខ សម្រាប់ជួយលើការងារមនុស្សធម៌ដោះស្រាយការលំបាក និងពង្រឹងភាពធន់សហគមន៍។
ជាមួយគ្នានោះដែរ លោកស្រីក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ពេលទទួលបានដីសម្បទាន និងផ្ទះនេះហើយ ត្រូវប្រើប្រាស់ឱ្យបានសមស្របក្នុងការបង្កបង្កើនផលសម្រាប់លើកស្ទួយជីវភាពគ្រួសារ និងចេះថែរក្សាផ្ទះសម្បែងជាកេរមរតកដ៏ថ្លៃថ្លានេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរស់នៅ និងអាស្រ័យផលបន្តទៀត។
ចំណែក លោក គន់ គីម ក៏បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធរក្សាដីនៅចំណុចដំណាក់ត្រយឹងឱ្យបានគង់វង្សទុកជាដីសហគមន៍អតីតយុទ្ធជន សម្រាប់ចែកជូននៅពេលពួកគាត់មានកូនចៅ ហើយខ្វះខាតដី និងផ្ទះរស់នៅ ហើយផ្ដល់ឱ្យតែអតីតយុទ្ធជនដែលមានការខ្វះខាតពិតប្រាកដ៕