ភ្នំពេញៈ កម្ពុជា​ស្នើឱ្យ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​ផ្តល់​អាហារូបករណ៍​លើ​ជំនាញ​វិស្វកម្ម​ប្រេង និង​ឧស្ម័ន ដល់​កម្ពុជា ខណៈ​ប្រទេស​ទាំង​២​ប្តេជ្ញាចិត្ត​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ពីព្រោះ​ប្រទេស​ទាំង​២​នៅ​មិនទាន់បាន​ប្រើប្រាស់​សក្តានុពល​ទាំង​អស់នៃ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​នៅឡើយ​។

​ការស្នើ​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ព្រះអង្គម្ចាស់ ហ្វា​សាល់ ប៊ី​ន ហ្វា​ហាន់ អាល់ សូដ (His Highness Prince Faisal bin Farhan Al Saud ) រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​បាន​យាង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ថ្ងៃទី​១៨ ខែមីនា ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២​។​

​ភាគី​ទាំង​២​បាន​ពិភាក្សា​លើ​វិស័យ​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ និង​បាន​ឯកភាព​ថា ព្រះរាជទស្សនកិច្ច​នេះ​គឺជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ការលើកកម្ពស់​ទំនាក់ទំនង​ជា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២​។

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់​នា​ថ្ងៃទី​១៨ ខែមីនា​ថា​៖ «​រដ្ឋមន្ត្រីការបរទេស​ទាំង​២​បាន​ឯកភាព​ថា​ប្រទេស​ទាំង​២​នៅ​មិនទាន់បាន​ប្រើប្រាស់​សក្តានុពល

​ទាំង​អស់នៃ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​នៅឡើយ និង​បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​»​។

​សេចក្តីប្រកាស​ព័ត៌មាន​លើកឡើងថា​៖ «​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី [​លោក ប្រាក់ សុខុន​] ក៏បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ចំពោះ​បទពិសោធន៍ និង​ជំនាញ​របស់​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ផលិតកម្ម​ប្រេង និង​ឧស្ម័ន និង​បាន​ស្នើឱ្យ​ផ្តល់​អាហារូបករណ៍​ក្នុងការ​បណ្តុះបណ្តាល​ផ្នែក​វិស្វកម្ម​ប្រេង និង​ឧស្ម័ន​»​។

​លោក​បានលើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ និង​ការផ្លាស់ប្តូរ​ជំនាញ​ការទូត​រវាង​វិទ្យាស្ថាន​ការទូត​នៃ​ប្រទេស​ទាំង​២​។​

​លោក ប្រាក់ សុខុន បាន​ជំរុញ​ភាគី​អារ៉ាប៊ីសាអ៊ូឌីត​ឱ្យធ្វើ​ការពិចារណា​ចំពោះ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​កម្ពុជា និង​ព​ន្លឿ​ន​ការពិចារណា​ចំពោះ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ និង​អប់រំ រវាង​ប្រទេស​ទាំង​២​។

​ភាគី​ទាំង​២​ក៏បាន​ពិភាក្សា និង​បាន​ឯកភាពគ្នា​ផងដែរ អំពី​ការបង្កើត​យន្តការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​លើ​កិច្ច​ពិគ្រោះ​យោបល់​ជាប្រចាំ​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​២​។

​រដ្ឋមន្ត្រីការបរទេស​ទាំង​២ ក៏បាន​ពិភាក្សា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​សំខាន់ៗ​មួយចំនួន ដែលជា​ផលប្រយោជន៍ និង​ការបារម្ភ​រួម និង​ពេញចិត្ត​ចំពោះ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នាពេល​បច្ចុប្បន្ន និង​បាន​សន្យាថា នឹង​ពង្រឹង​ការគាំទ្រ​គ្នា​បែបនេះ​បន្ថែមទៀត​។

​ភាគី​ទាំង​២ មាន​គោលជំហរ​ដូចគ្នា​ក្នុង​ការគោរព​តាម​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ និង​ការគោរព​ចំពោះ​អធិបតេយ្យភាព និង​គោលការណ៍​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​៕