ភ្នំពេញៈ កម្មករ កម្មការិនី និងម្ចាស់ក្រុមហ៊ុនគឺប្រៀបបានអណ្ដាតនិងធ្មេញ ត្រូវចេះរួបរួមគ្នាធ្វើការងារទើបធ្វើឱ្យក្រុមហ៊ុនរីកចម្រើនបាន។ នេះបើតាមការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង លើកឡើងបែបនេះ ក្នុងពេលចុះសំណះសំណាលជាមួយបុគ្គលិកកម្មករ កម្មការិនី ដែលកំពុងពេញការងារក្នុងការដ្ឋាន និងត្រួតពិនិត្យគុណភាពសំណង់ បុរីមេគុង្គលែន តាមបណ្តោយផ្លូវជាតិលេខ ៦A ស្ថិតនៅភូមិ ចំបក់មាស សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ មីនា។
លោកអភិបាលរាជធានីបានមានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍក្រុមហ៊ុនសំណង់មិនថា នៅរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តនោះទេ គឺសុទ្ធតែបង្កើតបាននូវការងារ ជូនបុគ្គលិកកម្មករ កម្មការិនី។ ប៉ុន្តែ បើសិនប្រទេសជាតិគ្មានសន្តិភាពគឺមិនមានអ្នកចូលមកធ្វើការវិនិយោគនោះទេ ជាក់ស្តែងដូចជា នៅប្រទេស អ៊ុយក្រែន មានបញ្ហាជាមួយរុស្ស៊ី គឺពិតជាមិនមានក្រុមហ៊ុនណាហ៊ានទៅបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។
លោក ឃួង ស្រេង បន្តថា ក្រុមហ៊ុនមានឱកាសរកស៊ី បង្កើតឱ្យកម្មករ កម្មការិនី មានការងារធ្វើគឺដោយសារតែប្រទេសជាតិយើងមានសន្តិភាព ដូច្នេះលោកស្នើឱ្យបងប្អូនកម្មករ កម្មការិនីទាំងអស់រួមគ្នារក្សាឱ្យបានគង់វង្សនូវសន្តិភាពសម្រាប់កម្ពុជា។
លោកថ្លែងថា៖ «កម្មករ កម្មការិនី និងម្ចាស់ក្រុមហ៊ុន គឺប្រៀបបានអណ្ដាតនិងធ្មេញដែលយើងត្រូវរួមគ្នាដើម្បីឱ្យក្រុមហ៊ុនរីកចម្រើន បើក្រុមហ៊ុនរីកចម្រើនយើងក៏រីកចម្រើនដែរ»។
លោកបានបន្ថែមថា ដោយសារ ប្រទេសជាតិមានសុខសន្តិភាពនេះហើយទើបបានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ទន្ទឹមនេះការអភិវឌ្ឍលំនៅឋាន ក៏កាន់តែប្រសើរឡើង។
លោកថា៖ «សន្តិភាពនេះ ហើយដែលធ្វើឱ្យក្រុមហ៊ុនឯកជន មានការបណ្ដាក់ទុនរកស៊ីយ៉ាងច្រើន នៅកម្ពុជា មិនថា នៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្ត បង្កើតបាននូវការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋមានជីវភាពធូរធា»។
លោក ជាម ឃុនណាត អគ្គនាយក នៃបុរីមេគង្គលែន បានមានប្រសាសន៍ថា បុរីមេគង្គលែនបានចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងខ្លាំងក្លា តាមរយៈការផ្តល់ជូននូវការងាររាប់ពាន់កន្លែង និងបង្កើនបន្ថែមជារៀងរាល់ឆ្នាំ តួយ៉ាងឆ្នាំ ២០១៩ យើងមានបុគ្គលិក និង កម្មករសរុបជាង ១ ០០០នាក់ ឆ្នាំ២០២០ បង្កើនទៅជា ២ ០០០នាក់ រហូតមកដល់បច្ចុប្បន្ន។
លោកបញ្ជាក់ថា ៖«ក្នុងអំឡុងវិបត្តិកូវីដ១៩ យើងមិនបោះបង់ចោល ក្រុមការងារយើង ដោយចូលរួមជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បើកប្រាក់បៀវត្សរ៍ជូនពេញលេញ ហើយថែមទាំងយកចិត្តទុកដាក់យ៉ាងខ្ពស់ទៅលើសុខភាពអនាម័យ ការផ្តល់ជាការឧបត្តម្ភស្បៀង ថវិកា ការធ្វើតេស្តរហ័សជាប្រចាំ និងការលើកទឹកចិត្តឱ្យចាក់វ៉ាក់សាំងទាំងអស់គ្នា»។
លោកបញ្ជាក់ទៀតថា ក្រុមហ៊ុន ក៏បានចូលរួមលើកកម្ពស់គុណភាពសំណង់ និងបរិស្ថាន តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធល្អប្រណីត សំណង់ដែលប្រើប្រាស់វត្ថុធាតុដើមរឹងមាំ តាមស្តង់ដាបច្ចេកទេសខ្ពស់ និងការរៀបចំប្រព័ន្ធប្រព្រឹត្តិកម្ម ប្រព័ន្ធការពារកណ្តៀរ ប្រព័ន្ធការពារឆក់ជាដើម៕