ភ្នំពេញៈ កងទ័ពកម្ពុជា និងវៀតណាមនឹងបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាដែលអាចកើតមានឡើងឱ្យទាន់ពេលវេលា និងបង្កើតឱ្យមានកិច្ចប្រជុំនៅតាមព្រំដែនដើម្បីពង្រឹងមិត្តភាពលើកិច្ចការពារជាតិ។
ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី១៩ ខែមីនា ដកស្រង់សំដីលោក ង្វៀន តឹនគឿង (Nguyen Tan Cuong ) ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម ថ្លែងថា៖ «កងទ័ពទាំង ២ នឹងរៀបចំឱ្យមានកិច្ចប្រជុំនៅព្រំដែន ដើម្បីពង្រឹងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការលើកិច្ចការពារជាតិ ការបង្កើត Hotline ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាដែលអាចកើតមានឡើងឱ្យទាន់ពេលវេលា ហ្វឹកហាត់ការស្រាវជ្រាវ និងសង្គ្រោះបន្ទាន់ រួមទាំងចែករំលែកព័ត៌មាន រក្សាសន្តិសុខ និងសុវត្ថិភាពតាមព្រំដែន»។
លោក ង្វៀន តឹនគឿង ថ្លែងដូច្នេះក្នុងជំនួបជាមួយលោក ហ៊ុន សែន នាថ្ងៃទី១៩ ខែមីនា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកបានអបអរសាទរដល់លោក ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រយុទ្ធប្រឆាំងកូវីដ១៩ បានជោគជ័យ ដោយបាន «ចាក់ស្រោចវ៉ាក់សាំង» ជូនដល់ប្រជាពលរដ្ឋបានជាង ៩០ ភាគរយ ដែលនេះជាចំនួនច្រើនបំផុតនៅក្នុងពិភពលោក និងនៅក្នុងតំបន់។ នេះបើតាមហ្វេសប៊ុកដដែល។
លោក ង្វៀន តឹនគឿង ថែមទាំងបានអបអរសាទរដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ ជាពិសេស ទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ (ACDFM-19) ដែលធ្វើដោយផ្ទាល់នៅរាជធានីភ្នំពេញ បន្ទាប់ពីការអាក់ខានការប្រជុំដោយផ្ទាល់ ២ ឆ្នាំកន្លងមក។
លោក ហ៊ុន សែន បានស្វាគមន៍ចំពោះការថ្លែងរបស់លោក ង្វៀន តឹនគឿង និងលើកទឹកចិត្តឱ្យកងទ័ពទាំង ២ បន្តកិច្ចសហប្រតិបត្តិការទាំងនេះ និងស្វែងរកកិច្ចសហប្រតិបត្តិការដទៃទៀតដែលអាចធ្វើបានដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាជនរស់នៅតាមព្រំដែន ដើម្បីឱ្យពួកគាត់ប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាច ប្រែក្លាយព្រំដែនដែលធ្លាប់ជាទីតាំងសមរភូមិឱ្យទៅជាតំបន់គ្របដណ្តប់ដោយការអភិវឌ្ឍ សន្តិភាព និងមិត្តភាព។
លោក ហ៊ុន សែន ក៏បានប្រាប់លោក ង្វៀន តឹនគឿង អំពី «យុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង» នៅកម្ពុជា ដែលនាំដល់ការទទួលបានជោគជ័យ និងបើកប្រទេសឡើងវិញ ដោយអ្នកដំណើរដែលមកកម្ពុជាពុំចាំបាច់មានវិញ្ញាបនបត្របញ្ជាក់ការធ្វើតេស្ត PCR ៧២ ម៉ោងមុនធ្វើដំណើរមកកម្ពុជាទេ។
លោកថ្លែងថា អ្នកដំណើរក៏មិនតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជានោះដែរ ហើយទិដ្ឋាការត្រូវបានអនុញ្ញាតនៅពេលមកដល់កម្ពុជា។
លោក ហ៊ុន សែន បានកោតសរសើរដល់ការចូលរួមចំណែករបស់កងទ័ពនៃប្រទេសទាំង២ ក្នុងការកសាងការពារ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង វៀតណាម៕