កោះកុងៈ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ជំរុញឱ្យរដ្ឋបាលខេត្តកោះកុង ពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់ និងទាន់ពេលវេលា ដើម្បីកុំឱ្យបញ្ហានេះកាន់តែស្មុគស្មាញ និងរីករាលដាលកាន់ធំទៅៗ ហើយអាជ្ញាធរមូលដ្ឋានមិនត្រូវចុះហត្ថលេខាលើឯកសារ ទិញលក់ផ្ទេរកម្មសិទ្ធិ និងឯកសារកាន់កាប់ដីធ្លី ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ។
លោក ទៀ បាញ់ បានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី ១៩ ខែមីនាថា ការងារគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ និងការដោះស្រាយវិវាទដីធ្លី គឺជាកិច្ចការដែលមានការពាក់ព័ន្ធតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ននៅក្នុងការតាក់តែងក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់ គោលការណ៍ណែនាំ វិធានការនានា និងផ្ដល់ការគាំទ្រដល់ការចាត់ចែងអនុវត្តន៍ ព្រមទាំងការតាមដាន ត្រួតពិនិត្យការអនុវត្ត ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តការងារទាំងនេះ។
លោកបន្តថា ក្នុងការចូលរួមអនុវត្តកិច្ចការនេះ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលការណ៍ វិធានការសំខាន់ៗដែលដាក់ចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវសហការពន្លឿនការដោះស្រាយដោយយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងទិន្នន័យស្ថិតិ អត្តសញ្ញាណប្រជាពលរដ្ឋ និងដីធ្លី ដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយនៅលើទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាមខេត្តនីមួយៗឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងមានតម្លាភាព ដើម្បីស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់សហការជាមួយក្រសួងស្ថាប័ននានា ក្នុងការរៀបចំកំណត់តំបន់បោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងដីគម្របព្រៃឈើក្នុងតំបន់ការពារធម្មជាតិនានា និងត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានឆាប់រហ័ស ចៀសវាងទុកវិវាទទាំងនោះឱ្យរីករាលដាលស្មុគស្មាញ ពិបាកក្នុងការដោះស្រាយ។ ទន្ទឹមនេះ នៅក្នុងការដោះស្រាយវិវាទដីធ្លី ជម្លោះ និងការទាមទារតវ៉ានានានៅមូលដ្ឋាន ត្រូវខិតខំបញ្ចៀសឱ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព»។
ជាមួយគ្នានេះ លោក ទៀ បាញ់ ក៏ជំរុញឱ្យរដ្ឋបាលខេត្តត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសកម្មភាពចូលទន្ទ្រានកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋនៅ តាមតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យមាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរបស់រដ្ឋដោយខុសច្បាប់បន្តទៀត។ ក្នុងករណីរកឃើញការទន្ទ្រានកាន់កាប់ដីធ្លីនៅតាម តំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ត្រូវអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ឱ្យបានតឹងរ៊ឹង និងម៉ឺងម៉ាត់។ ទន្ទឹមនេះ ត្រូវណែនាំដល់អាជ្ញាធរភូមិ ឃុំ មិនត្រូវចុះហត្ថលេខាលើឯកសារ ទិញលក់ផ្ទេរកម្មសិទ្ធិ និងឯកសារកាន់កាប់ដីធ្លី ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនោះឡើយ។
ក្រៅពីនេះ រដ្ឋបាលខេត្ត ត្រូវបន្តអប់រំ ណែនាំ និងផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឱ្យបានយល់ច្បាស់អំពីច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីឱ្យពួកគាត់ចូលរួមសហការក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិឱ្យបានគង់វង្ស។
លោក ថោង ច័ន្ទតារា មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក ADHOC ប្រចាំខេត្តកោះកុងថ្លែងស្វាគមន៍ចំពោះការជំរុញឱ្យមានការដោះស្រាយវិវាទដីធ្លីនៅក្នុងខេត្តឱ្យបានលឿន និងឆាប់ចប់ ប៉ុន្តែការអនុវត្តជាក់ស្តែងក៏មិនសូវមានសកម្មភាពនោះទេ ខណៈដែលការតវ៉ារឿងវិវាទដីធ្លីនៅក្នុងខេត្តនេះ នៅតែមានឃើញជាហូរហែ។
លោកបានបញ្ជាក់ថា៖ «ដំណោះស្រាយវាអត់មានថមថយទេ ទោះមានការអំពាវនាវពីថ្នាក់ជាតិ ហើយទំនាស់ដីធ្លីនៅតាមសហគមន៍របស់ប្រជាពលរដ្ឋនៅមាន។ ជាមួយគ្នានេះការកាប់ ការទន្ទ្រានយកដីរបស់រដ្ឋ មានការកើនឡើងជាច្រើននៅក្នុងខេត្ត តាមរយៈមានខ្សែ មានខ្នង មានលុយ ដោយការបិទភ្នែក បើកភ្នែក របស់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន»។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងទទួលស្គាល់ ចំពោះបញ្ហាវិវាទដីធ្លីដែលកើតមាននៅតាមបណ្តាមូលដ្ឋានក្នុងខេត្តនេះ និងការចេញបណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ ពុំទាន់ត្រូវបានដោះស្រាយ ឱ្យបានល្អប្រសើរនៅឡើយ ដែលត្រូវបន្តទាមទារឱ្យមានការយកចិត្តទុកដាក់រួមគ្នា ដោះស្រាយបន្តទៀត ។
លោកស្រីថ្លែងថា៖ «តាមរយៈ បញ្ហាប្រឈមដែលបានរកឃើញនេះអង្គសន្និបាតរបស់រដ្ឋបាលខេត្តក៏បានប្តេជ្ញាចិត្តដោយរួមគ្នា ជាកម្លាំងសរុប មធ្យោបាយសរុប ដើម្បីដោះស្រាយបញ្ហាទាំងនេះ ដោយប្តេជ្ញាចិត្តលើកកម្ពស់ស្មារតី និងការទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ចឱ្យបានកាន់តែល្អប្រសើរ»៕