ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យកងទ័ពកម្ពុជា និងវៀតណាមបន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ និងសុវត្ថិភាពតាមព្រំដែននៃប្រទេសទាំង ២ និងស្វែងរកកិច្ចសហប្រតិបត្តិការដទៃទៀត ដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាជនរស់នៅតាមព្រំដែន។
លោក ហ៊ុន សែន បានស្វាគមន៍ចំពោះការថ្លែងរបស់លោក ង្វៀន តឹនគឿង និងលើកទឹកចិត្តឱ្យកងទ័ពទាំង ២ បន្តកិច្ចសហប្រតិបត្តិការទាំងនេះ និងស្វែងរកកិច្ចសហប្រតិបត្តិការដទៃទៀតដែលអាចធ្វើបានដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាជនរស់នៅតាមព្រំដែន ដើម្បីឱ្យពួកគាត់ប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាច ប្រែក្លាយព្រំដែនដែលធ្លាប់ជាទីតាំងសមរភូមិឱ្យទៅជាតំបន់គ្របដណ្តប់ដោយការអភិវឌ្ឍ សន្តិភាព និងមិត្តភាព។
ដោយឡែក កងទ័ពកម្ពុជា និងវៀតណាមនឹងបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាដែលអាចកើតមានឡើងឱ្យទាន់ពេលវេលា និងបង្កើតឱ្យមានកិច្ចប្រជុំនៅតាមព្រំដែន ដើម្បីពង្រឹងមិត្តភាពលើកិច្ចការពារជាតិ។
ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី ១៩ ខែមីនា ដកស្រង់សម្ដីលោក ង្វៀន តឹនគឿង (Nguyen Tan Cuong) ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីការពារជាតិប្រទេសវៀតណាម ថ្លែងថា៖ «កងទ័ពទាំង ២ នឹងរៀបចំឱ្យមានកិច្ចប្រជុំនៅព្រំដែន ដើម្បីពង្រឹងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការលើកិច្ចការពារជាតិ ការបង្កើត Hotline ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាដែលអាចកើតមានឡើងឱ្យទាន់ពេលវេលា ហ្វឹកហាត់ការស្រាវជ្រាវ និងសង្គ្រោះបន្ទាន់ រួមទាំងចែករំលែកព័ត៌មាន រក្សាសន្តិសុខ និងសុវត្ថិភាពតាមព្រំដែន»។
លោក ង្វៀន តឹនគឿង ថ្លែងដូច្នេះក្នុងជំនួបជាមួយលោក ហ៊ុន សែន នាថ្ងៃទី ១៩ ខែមីនា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកបានអបអរសាទរដល់លោក ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រយុទ្ធប្រឆាំងកូវីដ ១៩ បានជោគជ័យ ដោយបាន «ចាក់ស្រោចវ៉ាក់សាំង» ជូនដល់ប្រជាពលរដ្ឋបានជាង ៩០ ភាគរយ ដែលនេះជាចំនួនច្រើនបំផុតនៅក្នុងពិភពលោក និងនៅក្នុងតំបន់។ នេះបើតាមហ្វេសប៊ុកដដែល។លោក ង្វៀន តឹនគឿង ថែមទាំងបានអបអរសាទរដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ ជាពិសេសទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ (ACDFM-19) ដែលធ្វើដោយផ្ទាល់នៅរាជធានីភ្នំពេញ បន្ទាប់ពីការអាក់ខានការប្រជុំដោយផ្ទាល់ ២ ឆ្នាំកន្លងមក។
លោក ហ៊ុន សែន ក៏បានប្រាប់លោក ង្វៀន តឹនគឿង អំពី «យុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង» នៅកម្ពុជា ដែលនាំដល់ការទទួលបានជោគជ័យ និងបើកប្រទេសឡើងវិញ ដោយអ្នកដំណើរដែលមកកម្ពុជាពុំចាំបាច់មានវិញ្ញាបនបត្របញ្ជាក់ការធ្វើតេស្ត PCR ៧២ ម៉ោងមុនធ្វើដំណើរមកកម្ពុជាទេ។ អ្នកដំណើរក៏មិនតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជានោះដែរ ហើយទិដ្ឋាការត្រូវបានអនុញ្ញាតនៅពេលមកដល់កម្ពុជា។
លោក ហ៊ុន សែន បានកោតសរសើរដល់ការចូលរួមចំណែករបស់កងទ័ពនៃប្រទេសទាំង ២ ក្នុងការកសាងការពារ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង វៀតណាម។
ក្នុងជំនួបជាមួយ លោក ង្វៀន តឹនគឿង នាថ្ងៃទី ១៨ ខែមីនា លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្នើដល់វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងកងទ័ពជើងគោកនៃខេមរភូមិន្ទជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនក្រសួងការពារប្រទេសវៀតណាម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំង ២។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារប្រទេសទាំង ២ ដើម្បីគាំទ្រលំហាត់សមយុទ្ធរួមគ្នាស្ដីពីការប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការសង្គ្រោះគ្រោះមហន្តរាយ សម្រាប់កិច្ចការមនុស្សធម៌នៅតាមព្រំដែនកម្ពុជា-វៀតណាម។
សេចក្តីប្រកាសព័ត៌មាននាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិនាថ្ងៃទី ១៨ ខែមីនា បានដកស្រង់សម្ដីលោក ង្វៀន តឹនគឿងថា ប្រទេសកម្ពុជា និងវៀតណាម នៅតែមានប្រពៃណីជួយគ្នាទៅវិញទៅមកជារៀងរហូត ហើយនឹងបន្តអនុវត្តឱ្យបានសម្រេចទៅតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យមានភាពរីកម្រើនបន្តទៀត។
លោក ហេង គីមគង់ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២០ ខែមីនាថា វាជារឿងសំខាន់ដែលកម្ពុជា និងវៀតណាម ក្នុងនាមជាប្រទេសជិតខាង ចាំបាច់ត្រូវព្យាយាមពង្រឹងទំនាក់ទំនងទ្វេភាគី។ លោកថា៖ «យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវលើកកម្ពស់តម្លាភាព និងកង្វល់រួម ក្នុងកិច្ចសហប្រតិបត្តិការដើម្បីធានានិរន្តរភាពក្នុងទំនាក់ទំនងទ្វេភាគី»៕