ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សម្រេចលុបឈ្មោះ បេក្ខជនចំនួន ២០ រូប ចេញពីបញ្ជីបេក្ខជនដំបូង នៃគណបក្សភ្លើងទៀន ដោយសារពួកគេមិនចេះអាន និងសរសេរអក្សរខ្មែរ មិនបានបំពេញប្រវត្តិរូប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនផ្ទាល់ដៃ ហើយមួយចំនួនមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឃុំសង្កាត់ ដែលខ្លួនបានដាក់ពាក្យឈរឈ្មោះជាបេក្ខជន។ នេះបើតាមលិខិតជូនដំណឹងរបស់ គ.ជ.ប.នៅថ្ងៃទី ១៨ ខែមីនា។
លិខិតជូនដំណឹងស្តីពីលទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងចំនួន ១៣ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូងឱ្យដឹងថា នៅទី ១៨ ខែមីនា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប. ដែលមានសមាសភាព៩រូបដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃគ.ជ.ប.បានបើកសវនាការ សង្ខេប ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ១៣ បណ្ដឹង ដែលបានប្តឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន។
លិខិតជូនដំណឹងឱ្យដឹងថា បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមមន្ត្រីចុះស៊ើបអង្កេត និងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប. ដែលបានចុះទៅដល់ទីកន្លែង ដើម្បីសាកសួរ និងយកព័ត៌មានពីសាក្សី រួមនឹងបេក្ខជនឈរឈ្មោះផ្ទាល់ និងក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប. បានសម្រេច លុបឈ្មោះ បេក្ខជនចំនួន ២០ រូប ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ដែលបេក្ខជនទាំងនោះភាគច្រើនឈរឈ្មោះនៅរាជធានីភ្នំពេញ។
ក្នុងលិខិត គ.ជ.ប.ឱ្យដឹងថា ការសម្រេចនេះធ្វើឡើងដោយយោងតាមចម្លើយរបស់សាមីខ្លួន ដែលទទួលស្គាល់ថា ពិតជាមិនចេះអាន និងសរសេរអក្សរខ្មែរ មិនបានសរសេរប្រវត្តិរូបផ្ទាល់ដៃ និងមួយចំនួនទៀត គ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
គ.ជ.ប.បញ្ជាក់ថា៖ «ពួកគាត់ទាំងអស់ពិតជាមិនចេះអាន និងសរសេរអក្សរខ្មែរ ហើយក៏មិនបានបំពេញប្រវត្តិរូប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនផ្ទាល់ដៃរបស់ពួកគាត់ និងមួយចំនួនមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ ដែលខ្លួនបានដាក់ពាក្យឈរឈ្មោះជាបេក្ខជនគណបក្សនយោបាយ»។
ផ្អែកតាមមាត្រា ៣៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រការ ៦.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ចែងថា ប្រជាពលរដ្ឋទាំង ២ ភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវបំពេញលក្ខខណ្ឌ ចេះអាន ចេះសរសេរអក្សរខ្មែរ និងបានចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោតក្នុងឃុំសង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត។
ផ្អែកតាមមាត្រា ៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងចំណុច ៦.៦.៣.៥ នៃបទបញ្ជានិងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ចែងថា ជីវប្រវត្តិ និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជនត្រូវបំពេញផ្ទាល់ដៃ របស់បេក្ខជនម្នាក់ៗ។
ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប. បញ្ជាក់ថា៖ «បេក្ខជនដែលមិនបំពេញតាមលក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ គប្បីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចលុបឈ្មោះចេញពីបញ្ជីបេក្ខជនដំបូង»។
លិខិតជូនដំណឹដដែលរបស់ គ.ជ.ប. បញ្ជាក់ទៀតថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប. បានប្រកាសក្នុងសវនាការសង្ខេបនៃកិច្ចប្រជុំពេញអង្គ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា។
លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន នៅថ្ងៃទី ២០ មីនា ទទួលយកការសម្រេចរបស់គ.ជ.ប. ហើយថា គណបក្សភ្លើងទៀនមិនអាចប្រឆាំងនឹងច្បាប់ ព្រមទាំងលក្ខខណ្ឌ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់បានទេ។
លោកថ្លែងថា៖ «ការសម្រេចរបស់ គ.ជ.ប. ដែលផ្អែកទៅលើច្បាប់ និងលក្ខខណ្ឌ ដែលបានតម្រូវហ្នឹង គឺជាការមួយត្រឹមត្រូវ ដោយសារថា ខាងយើងហ្នឹងមានខ្លះក៏អត់ចេះអក្សរ អត់ចេះសរសេរ អ៊ីចឹងមែន។ យើងមិនអាចប្រឆាំងជំទាស់នឹងលក្ខខណ្ឌហ្នឹងបានទេ ប៉ុន្តែវាមិនអាចធ្វើឱ្យប៉ះពាល់ ឬខូចដល់បញ្ជីបេក្ខជនរបស់យើងនោះដែរ»។
លោកបានបន្ថែមថា បានជាមានអ្នកឈរឈ្មោះខុសលក្ខខណ្ឌនេះ ដោយសារតែអ្នកឈរឈ្មោះមួយចំនួនចង់ចូលរួមជាមួយគណបក្សភ្លើងទៀន ក៏បានពឹងឱ្យសកម្មជនបក្សជួយសរសេរទាំងខ្លួនមិនបានដឹងអំពីលក្ខខណ្ឌ។ ចំណែកសកម្មជនគណបក្សភ្លើងទៀនមួយចំនួនមិនបានដឹងពីរឿងទាំងនោះក៏ទទួលសរសេរជូន ទើបនាំឱ្យមានការខុសឆ្គងមួយចំនួន មិនត្រូវតាមច្បាប់ និងលក្ខខណ្ឌ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់៕
វីដេអូ៖