ពោធិ៍សាត់ៈ ផ្ទះជាង ៣០០ ខ្នង ត្រូវបានកាកបាទក្រហមកម្ពុជាប្រគល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជាក្រីក្រ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលនេះជាការប្រគល់ផ្ទះក្នុងជំហានទី៣ ក្នុងចំណោមផ្ទះសរុបជាង ៦០០ ខ្នង។
ពិធីប្រគល់ទទួលផ្ទះជំហានទី៣ នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២ នូវផ្ទះចំនួន ៣២៨ ខ្នង ដែលជាការបង្គ្រប់ផ្ទះចំនួន ៦២៨ ខ្នង ដោយក្នុងនោះក៏មានផ្ទះដែល
ជាព្រះរាជអំណោយរបស់ហ្លួងម៉ែចំនួន ១០ ខ្នងផងដែរ ដែលបានប្រគល់កាលពីជំហានទី២ ដែលកំពុងរស់នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹងនេះ។
ពិធីប្រគល់ និងទទួលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំមន្ត្រីពាក់ព័ន្ធ និងសប្បុរសជនជាច្រើនរូបទៀតផងដែរ។
នាឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាបេសកជនពិសេសរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការជួយអភិវឌ្ឍភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង បានថ្លែង
ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ច ហើយលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនទាំង ៦២៨ គ្រួសារនេះ។
លោកបានបន្ថែមថា ក្នុងនោះក៏មានការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ដូចជា ផ្លូវថ្នល់, តបណ្តាញអគ្គិសនី, អណ្តូងទឹក, សាលារៀន, អគារស្នាក់នៅគ្រូបង្រៀន, មណ្ឌលសុខភាព, អគារពិនិត្យ និងព្យាបាលជំងឺទូទៅ។ល។
ក្នុងនាមកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី បានសម្តែងនូវក្តីសោមនស្សរីករាយ និងអរគុណចំពោះអតីតយុទ្ធជនដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។
លោកស្រីបានថ្លែងថា៖ «ប្រមុខថ្នាក់ដឹកនាំ និងឥស្សរជនជាតិសំខាន់ៗបានខិតខំដោយលំបាក ក្នុងការស្វែងរកសុខសន្តិភាព និងកសាងប្រទេសឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ដូច្នេះកាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ក៏បានចូលរួមចំណែកគិតគូរអំពីការលំបាក និងលើកស្ទួយជីវភាពរស់នៅរបស់អតីតយុទ្ធជនផងដែរ»។
លោកស្រីបានបញ្ជាក់ថា ឥឡូវនេះនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងមានកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាចំនួន ២៥ នាក់ ដែលមានតួនាទីជាកម្លាំងឈានមុខសម្រាប់ជួយលើការងារមនុស្សធម៌ដោះស្រាយការលំបាក និងពង្រឹងភាពធន់សហគមន៍។
ជាមួយគ្នានោះដែរ លោកស្រីក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ពេលទទួលបានដីសម្បទាន និងផ្ទះនេះហើយ ត្រូវប្រើប្រាស់ឱ្យបានសមស្របក្នុងការបង្កបង្កើនផលសម្រាប់លើកស្ទួយជីវភាពគ្រួសារ និងចេះថែរក្សាផ្ទះសំបែងជាកេរមរតកដ៏ថ្លៃថ្លានេះឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរស់នៅ និងអាស្រ័យផលបន្តទៀត។
ចំណែក លោក គន់ គីម ក៏បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធរក្សាដីនៅចំណុចដំណាក់ត្រយឹងឱ្យបានគង់វង្សទុកជាដីសហគមន៍អតីតយុទ្ធជនសម្រាប់ចែកជូននៅពេលពួកគាត់មានកូនចៅ ហើយខ្វះខាតដី និងផ្ទះរស់នៅហើយផ្ដល់ឱ្យតែអតីតយុទ្ធជនដែលមានការខ្វះខាតពិតប្រាកដ៕