
យានយន្តកំពុងបើកបរ នៅស្ពានអាកាសចោមចៅ នៅថ្ងៃទី ២០ ខែមីនា។ ហុង មិនា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ចាប់ពីថ្ងៃទី ១៩ មីនាតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រីឯគម្រោងសាងសង់ស្ពានអាកាសនៅមហាវិថីសហព័ន្ធរុស្ស៊ី ប្រសព្វជាមួយផ្លូវ ២០០៤ នឹងបើកការដ្ឋានសាងសង់ឆាប់ៗខាងមុខនេះ។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ មីនាថា ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានសាងសង់បញ្ចប់ ១០០ ភាគរយហើយ និងបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីវេលាម៉ោងជាង ៥ ល្ងាច ថ្ងៃទី ១៩ ខែមីនា មកម្ល៉េះ។
លោក ឃួង ស្រេង ថ្លែងថា៖ «ខ្ញុំបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី ១៩ ខែមីនា តាមការអនុញ្ញាតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន រង់ចាំថ្ងៃសម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣១ ខែមីនានេះ»។
ទន្ទឹមនឹងនេះលោកអភិបាលរាជធានី បង្ហើបឱ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសនៅមហាវិថីសហព័ន្ធរុស្ស៊ី ប្រសព្វជាមួយផ្លូវ ២០០៤ នឹងបើកការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុខនេះ ក្រោយពីការសិក្សាបច្ចេកទេសបានចប់សព្វគ្រប់ហើយ។
លោកបញ្ជាក់ថា៖ «គម្រោងនេះ គ្រោងបើកការដ្ឋាននៅពេលឆាប់ខាងមុខនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍»។
គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយសាងសង់ក្នុងរយៈពេល ៣០ ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២ លានដុល្លារអាមេរិក។
ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ដោយបែងចែកជា ៣ ផ្នែក គឺ ស្ពានទី១ ជាស្ពានអាកាសមេ តភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ ៣ មានប្រវែង ៤០៨ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រ ដែលមានចរាចរណ៍ ២ គន្លងទៅ និង ២ គន្លងមក ជម្រាលស្ពាន ៤,៥ ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥,៥ ម៉ែត្រ។
ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរណ៍ ១ ទិស ដែលមាន ១ គន្លងរថយន្ត និង ១ គន្លងទោចក្រយានយន្ត មានប្រវែង ២០២ ម៉ែត្រ (ស្ពានអាកាសប្រវែង ៤០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ ម៉ែត្រ) ទទឹង ៥,២៥ ម៉ែត្រ។
ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ ៣ មានប្រវែងសរុប ២០៦ ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ ម៉ែត្រ) ទទឹង ៥,២៥ ម៉ែត្រ សម្រាប់ចរាចរណ៍ ១ ទិស ដែលមាន ១ គន្លងរថយន្ត និង ១ គន្លងទោចក្រយានយន្ត។
ផ្លូវលើដី និងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ ៤ មានប្រវែងសរុប ១៣០ ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង ១៣ ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ ម៉ែត្រ) ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរណ៍ ១ ទិស ដែលមាន ២ គន្លងរថយន្ត និង ១ គន្លងទោចក្រយានយន្ត។
ផ្លូវលើដី ជាផ្លូវមេ តភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរណ៍ ១ ទិស ដែលមាន ២ គន្លងរថយន្ត និង ១ គន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរណ៍ ១ ទិស ដែលមាន ២ គន្លងរថយន្ត និង ១ គន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៨,៥ ម៉ែត្រ។ ល្បឿនសុវត្ថិភាព ២៥ គីឡូម៉ែត្រ ក្នុង ១ ម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ ម៉ែត្រ និងទំហំ ៥,៥ ម៉ែត្រ។
រដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងថា ស្ពានអាកាសនេះ បានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិ ដែលនឹងមានអាយុកាល ១០០ ឆ្នាំ៕
វីដេអូ៖