ភ្នំពេញៈ កម្ពុជា និងអារ៉ាប៊ី សាអ៊ូឌីត ប្តេជ្ញាចិត្តពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ពីព្រោះប្រទេសទាំង ២ នៅមិនទាន់បានប្រើប្រាស់សក្តានុពលទាំងអស់ នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅឡើយ ខណៈកម្ពុជាស្នើឱ្យអារ៉ាប៊ី សាអ៊ូឌីត ផ្តល់អាហារូបករណ៍លើជំនាញវិស្វកម្មប្រេង និងឧស្ម័ន ដល់កម្ពុជា។
ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ (Faisal bin Farhan Al Saud ) រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ី សាអ៊ូឌីត ដែលបានយាងមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី ១៨ ខែមីនា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២។
ភាគីទាំង ២ បានពិភាក្សាលើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ និងបានឯកភាពថា ព្រះរាជទស្សនកិច្ចនេះ គឺជាចំណុចចាប់ផ្តើមសម្រាប់ការលើកកម្ពស់ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។ សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាបញ្ជាក់នាថ្ងៃទី ១៨ ខែមីនាថា៖ «រដ្ឋមន្ត្រីការបរទេសទាំង ២ បានឯកភាពថា ប្រទេសទាំង ២ នៅមិនទាន់បានប្រើប្រាស់សក្តានុពលទាំងអស់នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅឡើយ និងបានប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី»។
សេចក្តីប្រកាសព័ត៌មានលើកឡើងថា៖ «ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី [លោក ប្រាក់ សុខុន] ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះបទពិសោធ និងជំនាញរបស់ អារ៉ាប៊ី សាអ៊ូឌីត ក្នុងផលិតកម្មប្រេង និងឧស្ម័ន និងបានស្នើឱ្យផ្តល់អាហារូបករណ៍ក្នុងការបណ្តុះបណ្តាលផ្នែកវិស្វកម្មប្រេង និងឧស្ម័ន»។
លោកលើកឡើងអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរជំនាញការទូតរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំង ២។
លោក ប្រាក់ សុខុន បានជំរុញភាគីអារ៉ាប៊ីសា អ៊ូឌីត ឱ្យធ្វើការពិចារណាចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា និងពន្លឿនការពិចារណាចំពោះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងអប់រំ រវាងប្រទេសទាំង ២។ ភាគីទាំង ២ ក៏បានពិភាក្សា និងបានឯកភាពគ្នាផងដែរ អំពីការបង្កើតយន្តការសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើកិច្ចពិគ្រោះយោបល់ជាប្រចាំរវាងក្រសួងការបរទេសនៃប្រទេសទាំង ២។
រដ្ឋមន្ត្រីការបរទេសទាំង ២ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗមួយចំនួន ដែលជាផលប្រយោជន៍ និងការបារម្ភរួម និងពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនាពេលបច្ចុប្បន្ន និងបានសន្យាថា នឹងពង្រឹងការគាំទ្រគ្នាបែបនេះបន្ថែមទៀត។
ភាគីទាំង ២ មានគោលជំហរដូចគ្នាក្នុងការគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និងគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២០ ខែមីនាថា ទំនាក់ទំនងរវាងកម្ពុជា និងនិងអារ៉ាប៊ី សាអ៊ូឌីត មិនទាន់មានលក្ខណៈស៊ីជម្រៅ និងមិនទាន់មានការដាក់ស្ថានទូតរវាងគ្នាទៅវិញទៅមកនៅឡើយទេ។
លោកថ្លែង៖ «ប្រទេសទាំង ២ ចាំបាច់ត្រូវតែជំរុញសក្តានុពលនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ២ របស់ខ្លួនហ្នឹងឱ្យបានស៊ីជម្រៅឡើង ពីព្រោះយើងសម្លឹងឃើញមានសក្តានុពលច្រើនប្រសិនយើងអាចសហការគ្នា ព្រោះយើងដឹងថា ប្រទេសអារ៉ាប៊ី សាអ៊ូឌីត អាចចាត់ទុកជាប្រទេសធំមួយក្នុងពិភពអារ៉ាប់។ ប្រសិនជាយើងមានកិច្ចសហប្រតិបតិ្តការគ្នាបានល្អ ហ្នឹងវាក៏ជាផ្នែកមួយនៃការធ្វើពិពិធកម្មកាទូតរបស់ប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗដែរ»។
លោក គិន ភា ថ្លែងថា ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ជាប្រទេសដែលមានការនាំប្រេងចេញធំជាងគេផងដែរនៅក្នុងពិភពលោកហើយការដែលកម្ពុជាស្នើឱ្យអារ៉ាប៊ី សាអ៊ូឌីត ជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើវិស័យឧស្សាហកម្មប្រេងក៏ជាចំណុចសំខាន់ដែរ។
ក្នុងជំនួបជាមួយព្រះអង្គម្ចាស់ Faisal bin Farhan Al Saud នាថ្ងៃទី ១៨ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យកម្ពុជា និងអារ៉ាប៊ី សាអូ៊ឌីត ធ្វើកិច្ចសហប្រតិបត្តិការ លើរាល់សកម្មភាព និងសក្តានុពលដែលកម្ពុជាមាន។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហ៊ុន សែន ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានលើកឡើងថា ដំណើរទស្សនកិច្ចលើកនេះ គឺដើម្បីពង្រីកចំណងមិត្តភាពរវាងប្រទេសទាំង ២ ផង និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ផង តាមរយៈកិច្ចពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ដោយប្រទេសទាំង ២មានសក្តានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ។
សក្តានុពលទាំងនោះ មានដូចជា វិស័យទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ វប្បធម៌ កសិកម្ម។ល។ ក្នុងន័យនេះ ព្រះអង្គម្ចាស់ ក៏បានគោរពសុំការគាំទ្រពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ជាការឆ្លើយតប លោក ហ៊ុន សែន បានយល់ស្របជាមួយព្រះអង្គម្ចាស់ ហើយក៏បានស្វាគមន៍ និងលើកទឹកចិត្តឱ្យព្រះអង្គម្ចាស់ជំរុញកិច្ចសហប្រតិបត្តិការ លើរាល់សកម្មភាព និងសក្តានុពុលដែលយើងមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំផែនការសកម្មភាព និងជំរុញការអនុវត្តឱ្យបានជោគជ័យនាពេលខាងមុខ៕