ភ្នំពេញៈ ប្រទេសជប៉ុនបន្តគាំទ្រដល់ការផ្គត់ផ្គង់អគ្គិសនីប្រកបដោយនិរន្តរភាពនៅតាមតំបន់ជនបទដាច់ស្រយាលនៅកម្ពុជាជាមួយដៃគូថ្មីរវាង UNDP និងក្រសួងរ៉ែ និងថាមពល ដើម្បីផ្តល់អគ្គិសនីដល់ប្រជាជន ១ ៣០០ គ្រួសារក្នុងខេត្តចំនួន ៧។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំង ៣ បានឱ្យដឹងថា កាលពីថ្ងៃទី ២០ មីនា ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ក្រោមវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននៅវិមានសន្តិភាពរាជធានីភ្នំពេញ។
សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់ការទទួលបានថាមពលប្រើប្រាស់ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងទៅនេះដែលធ្វើឱ្យមានកំណើនការផ្គត់ផ្គង់អគ្គិសនីយ៉ាងខ្លាំងក្លា និងមិនធ្លាប់មានពីមុនមកពី ៦,៦ ភាគរយ នៅឆ្នាំ ២០០០ ទៅ ៩៧,៥៣ ភាគរយ នៅឆ្នាំ ២០២១។
សេចក្តីប្រកាសនេះបានលើកឡើងដែរថា គំនិតផ្តួចផ្តើមថ្មីនេះនឹងត្រូវអនុវត្តដោយ UNDP និងក្រសួងរ៉ែ និងថាមពលក្នុងក្របខ័ណ្ឌនៃគម្រោងការទទួលបានថាមពលកកើតឡើងវិញប្រកបដោយបរិយាបន្ននៅតំបន់ជនបទ ខណៈគម្រោងនេះនឹងផ្តល់ជូនប្រជាជន ១ ៣០០ គ្រួសារ ឱ្យទទួលបានដោយផ្ទាល់នូវការប្រើប្រាស់ថាមពលស្អាតដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាន។
សេចក្តីប្រកាសបានបញ្ជាក់ថា «បច្ចុប្បន្ន យើងមិនអាចធ្វើដំណើរទៅដល់សហគមន៍ទាំងនេះតាមរយៈផ្លូវគោកនោះទេ ដោយតំបន់ទាំងនេះស្ថិតនៅលើដីកោះដាច់ស្រយាលនៃផ្ទៃបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង និងនៅលើទន្លេមេគង្គនៃខេត្តក្រចេះនិងខេត្តស្ទឹងត្រែង និងនៅទីជនបទដែលទើបតែសម្អាតមីនថ្មីៗនេះនៃខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងតំបន់ដាច់ស្រយាលរបស់ខេត្តរតនគិរី»។
UNDP បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនដោយមិនទុកនរណាម្នាក់ចោលឡើយចំពោះបញ្ហានេះ ខណៈគម្រោងថ្មីមួយនេះនឹងផ្តល់ថាមពលកកើតឡើងវិញទៅកាន់តំបន់ដាច់ស្រយាល ជាពិសេសគឺការផ្គត់ផ្គង់អគ្គិសនីដល់ភូមិដែលនៅសេសសល់ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។
UNDP បានបញ្ជាក់ថា «ក្នុងចំណោមភូមិដាច់ស្រយាល ដែលគ្មានភ្លើង ទឹកស្អាតប្រើប្រាស់ទាំង ៣៥០ ភូមិ មានភូមិចំនួន ១៨០ មានការលំបាកធ្វើដំណើរទៅដល់ដោយសារ [បញ្ហា] ផ្លូវ។ ភូមិជាច្រើនគឺក្រីក្រខ្លាំងមែនទែន ហើយអ្នកភូមិមួយចំនួនជាក្រុមជនជាតិដើមភាគតិច»។
លោកស្រី Alissar Chaker តំណាងអង្គការ UNDP បានថ្លែងថា កម្ពុជាបានក្លាយជាប្រទេស ១ ក្នុងចំណោមប្រទេសដែលមានអត្រាអគ្គិសនីខ្ពស់បំផុតក្នុង ១ ទសវត្សរ៍ចុងក្រោយនេះ។
លោកស្រីបានបញ្ជាក់ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះជំហររបស់រាជរដ្ឋាភិបាលលើការអនុម័តផ្អាកដំណើរការរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មី និងការលើកទឹកចិត្តឱ្យមានការវិនិយោគលើថាមពលកកើតឡើងវិញ (ថាមពលមិនប៉ះពាល់ដល់បរិយាកាស)។ ការដាក់ពង្រាយយ៉ាងឆាប់រហ័សនៃគម្រោងថាមពលពន្លឺព្រះអាទិត្យពីខ្នាត ១០ MW ក្នុងឆ្នាំ ២០១៧ ដល់៣៧២ MW នៅចុងឆ្នាំ ២០២១ គឺជាភ័ស្តុតាងបង្ហាញថា កម្ពុជាមានសមត្ថភាពក្នុងការសម្រេចបាននូវយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួនសម្រាប់អព្យាក្រឹតកាបូន និងឈានទៅរកការដាក់ឱ្យប្រើប្រាស់នូវថាមពលកកើតឡើងវិញ»។
កាលពីខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ UNDP បានប្រកាសប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការទទួលបានថាមពលកកើតឡើងវិញ សម្រាប់ប្រជាជន ៥០០ លាននាក់នៅទូទាំងពិភពលោកនៅត្រឹមឆ្នាំ ២០២៥។ ការប្រកាសនេះព្រោះតែ UNDP បានចាត់ទុកថា ការទទួលបានថាមពលប្រើប្រាស់គឺជាកត្តាជំរុញសម្រាប់វឌ្ឍនភាព និងការកាត់បន្ថយភាពក្រីក្រ។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានសាទរចំពោះគម្រោងនេះ ដែលលោកយល់ថា បានចូលរួមជួយដល់ពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់ទន្លេសាបដែលមានការលំបាកក្នុងការបញ្ជូនអគ្គិសនីប្រើប្រាស់ដោយខ្សែ។ លោកបន្តថា ការមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ គឺបានន័យថា ចូលរួមបង្កើនជីវភាព កាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ដាច់ស្រយាលមានភាពរស់រវើកផងដែរ។
លោកបញ្ជាក់ថា៖ «និយាយរួមទៅឱ្យតែមានអគ្គសនីគឺប្រសើរមែនទែន ព្រោះការរស់នៅ បើយើងអត់មានអគ្គិសនីគឺលំបាក ព្រោះធ្វើអ្វីមួយ ធ្វើអាជីវកម្មអ្វីមួយ គឺត្រូវការអគ្គិសនី។
ប្រសិនបើយើងបានអគ្គិសនីដោយភ្លើងរដ្ឋក្តី ដោយសូឡាក្តី គឺសុទ្ធតែជាការប្រពៃទាំងអស់ហើយប្រើសូឡាក៏ល្អដែរ»៕