ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលមិនរើសអើងវត្តមានវ៉ាក់សាំងនោះឡើយ ហើយនឹងទទួលយកនូវការផ្តល់វ៉ាក់សាំងពីគ្រប់ប្រទេសទាំងអស់ ដោយហេតុវ៉ាក់សាំងទាំងនោះបានធ្វើឱ្យរាជរដ្ឋាភិបាល បាននិងកំពុងតែដើរដល់កម្រិតមួយដែលប្រទេសក្នុងតំបន់ និងក្នុងពិភពលោកអាចចាត់ទុកថា កម្ពុជាបានដើរលឿននៅលើការគ្រប់គ្រងកូវីដនេះទាន់សភាពការណ៍។
លោកបានថ្លែងក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនៅថ្ងៃទី ២១ ខែមីនា នេះបានបញ្ជាក់ជាថ្មីថា ចិនបានប្រកាសផ្តល់វ៉ាក់សាំងមកកម្ពុជាចំនួន ២០ លានដូស ដែលក្នុងនោះ ៥ លានដូសនឹងមកដល់នៅចុងខែមីនានេះ ដែលនេះធ្វើឱ្យកម្ពុជាមានជំនឿថា មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
លោកបានថ្លែងថា៖ «បើនិយាយពីសង្គ្រាមគឺមានន័យថាយើងមានគ្រាប់ មានអាវុធគ្រប់គ្រាន់ក្នុងដៃសម្រាប់ការពារប្រជាជនរបស់យើងដែលយើងកំពុងតែខិតខំប្រយុទ្ធជាមួយនឹងជំងឺដ៏កាចសាហាវនេះដែលកម្ពុជាកំពុងដើរមកដល់កម្រិតមួយដែលប្រទេសក្នុងតំបន់ ឬក្នុងពិភពលោកអាចចាត់ទុកថាជាប្រទេសមួយដែលបានដើរលឿនទៅលើការគ្រប់គ្រងកូវីដ នេះទាន់សភាពការណ៍»។ «ពិតមែនយើងមិនទាន់អស់កូវីដ គឺយើងមិនប្រកាសពីជ័យជម្នះថា យើងឈ្នះទេ យើងគ្រាន់តែឈ្នះសមរភូមិតូចៗតែប៉ុណ្ណោះ តែយើងមិនទាន់ឈ្នះលើសង្គ្រាមប្រឆាំងនឹងកូវីដទេ។ ឈ្នះសង្គ្រាម និងឈ្នះសមរភូមិ មានន័យខុសគ្នា។ យើងធ្លាប់ឈ្នះលើសមរភូមិដែលតា អាល់ហ្វា ប៉ុន្តែយើងមិនទាន់បានឈ្នះលើសង្គ្រាមកូវីដទេ»។
វ៉ាក់សាំងចំនួន ៥ លានដូសនឹងដឹកមកពីសាធារណរដ្ឋប្រជាមានិតចិន ១ លានដូសមកពីប្រទេសអ៊ីតាលី និង ១ លានដូសផ្សេងទៀតមកពីប្រទេសប៉ូឡូញ ខណៈដែលវ៉ាក់សាំងនៅក្នុងឃ្លាំងនៅសល់ ៦ លានកន្លះទៀត។
លោក ហ៊ុន សែន ថា៖ «សុំកុំថាលោក ហ៊ុន សែន អាត្មានិយម គឺអត់ទេ។ វ៉ាក់សាំង បើគេឱ្យមកគឺយកទាំងអស់»។
លោកបានបញ្ជាក់ទាក់ទងនឹងវ៉ាក់សាំងអាស៊ានផងដែរថា ដំបូងឡើយលោកនឹងផ្តល់វ៉ាក់សាំងនេះទៅដល់ប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែដោយសារតែវ៉ាក់សាំងប្រភេទ Pfizer ដែលទាមទារឱ្យមានការរក្សាទុកក្នុងទូត្រជាក់ខ្លាំង ដែលកម្ពុជាមិនមានលទ្ធភាពដឹកជញ្ជូនទៅឱ្យប្រទេសមីយ៉ាន់ម៉ាឡើយ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ រៀបចំធ្វើផែនការរំកិលដោយអាចអនុញ្ញាតឱ្យកុមារអាយុជិត ៣ ឆ្នាំ ឬអាយុ ២ ឆ្នាំ ១០ ខែ ដើម្បីជំរុញការចាក់វ៉ាក់សាំងដល់មូលដ្ឋាន និងបង្កើនភាពស៊ាំក្នុងសហគមន៍។
របាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ មនុស្សចំនួនជាង ១៤,៧ លាននាក់ ឬ ៩២,៤០% បានចាក់វ៉ាក់សាំងកូវីដ ១៩ ខណៈដែលមនុស្សជាង ៧,៧ លាននាក់ បានចាក់ដូសទី ៣ និងមនុស្សជាង ១ លាននាក់បានចាក់ដូសទី ៤។
លោកនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមគ្រូពេទ្យខ្មែរធ្វើការសហការ និងទាញយកផលប្រយោជន៍ទៅលើការអភិវឌ្ឍផ្នែកថ្នាំបុរាណចិន ដែលខាងភាគីចិនក៏បានបញ្ជូនក្រុមគ្រូពេទ្យជំនាញផ្នែកឱសថបុរាណចិនមកជួយបណ្តុះបណ្តាលគ្រូពេទ្យខ្មែរពីការប្រើប្រាស់ថ្នាំបុរាណចិននេះ។ ក្រុមគ្រូពេទ្យទាំងនេះបានមកដល់ប្រទេសកម្ពុជា ហើយកម្ពុជាត្រូវតែសហការជាមួយគាត់ អាចមានលទ្ធភាពដែលពួកគាត់ផ្ទេរបច្ចេកវិទ្យានៃការផលិតឱសថនេះផងដែរ ហើយទាក់ទងនឹងការផលិតវ៉ាក់សាំងក៏ត្រូវតែធ្វើការបន្តជំរុញក្នុងការពន្លឿនការធ្វើការជាមួយនឹងភាគីចិន ដើម្បីបង្កើតឱ្យមានរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជាផងដែរ។ ក្រុមអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី ១៦ ខែមីនា កន្លងទៅនេះ។ យោងតាមស្ថានទូតចិន ប្រចាំកម្ពុជា ថា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិននេះមានសមាជិកចំនួន១២រូប ដែលត្រូវបានជ្រើសរើសដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្របុរាណចិននៃប្រទេសចិន គឺជាក្រុមវេជ្ជសាស្ត្រថា្នក់ជាតិដំបូងគេលើសកលលោកដែលភាគីចិនបានចាត់បញ្ជូនមកកាន់ក្រៅប្រទេស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ក្នុងនោះមានអ្នកជំនាញផ្នែកជំងឺសួត ផ្នែកសរសៃឈាមបេះដូង ការចាក់ម្ជុលវិទ្យាសាស្ត្រជាដើម។ ពួកគេនឹងរៀបចំធ្វើរោគវិនិច្ឆ័យ ព្យាបាល និងបណ្ដុះបណ្ដាលផ្នែកទប់ស្កាត់ជំងឺវីរុសនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា- ចិនព្រះកុសុមៈរយៈពេល ៦០ ថ្ងៃដោយផ្អែកលើខ្លឹមសារដែលបានព្រមព្រៀងដោយរដ្ឋាភិបាលចិន និងកម្ពុជា ដើម្បីសហការជាមួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ មួយនេះ៕