ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យក្រសួងសុខាភិបាល សិក្សា និងពិចារណាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀនក្នុងប្រទេស ខណៈកម្ពុជាមានសមត្ថភាព និងបានធ្វើការវះកាត់ក្រលៀនតាំងពីឆ្នាំ ២០១០ ហើយលោកនៅតែប្រកាសឱ្យគ្រូពេទ្យប្រកាន់ខ្ជាប់នូវគុណធម៌ វិជ្ជាជីវៈ និងសីលធម៌ដែលត្រូវតែធ្វើឱ្យបានល្អបំផុតសម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោកថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាថ្ងៃទី ២១ មីនា ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប និងត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ដោយចំណាយថវិកាជាង ៨០ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
នាឱកាសនោះ លោក ហ៊ុន សែន បានប្រាប់ឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ដោយសារថា កម្ពុជាបច្ចុប្បន្នក៏មានសមត្ថភាពធ្វើបានដែរ គ្រាន់តែថា កន្លងមក កម្ពុជាមិនមានការផ្សព្វផ្សាយឱ្យទូលំទូលាយ ដោយសារតែការបារម្ភខ្លាចមានការជួញដូរក្រលៀន ឬអវយវៈ។ លោកក៏បានជំរុញឱ្យមានការបង្កើនសមត្ថភាពរបស់គ្រូពេទ្យ ដែលវាគឺជារឿងសំខាន់ បូកនឹងការពង្រឹងបន្ថែមទៀតនូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បីធានាការព្យាបាលមានប្រសិទ្ធភាព និងសុវត្ថិភាព។
លោក ហ៊ុន សែន មានប្រសាសន៍ ថា៖ «យើងមានការវះកាត់ប្តូរក្រលៀននៅមន្ទីរពេទ្យព្រះកេតុមាលា ឬមន្ទីរពេទ្យកងទ័ពដែលមានលទ្ធភាពដូរបាន ប៉ុន្តែគ្រាន់តែយើងមិនបានធ្វើការផ្សព្វផ្សាយតែប៉ុណ្ណោះ។ មានបងប្អូនយើងមួយចំនួនបានចេញទៅប្រទេសក្រៅដែលត្រូវការចំណាយលុយច្រើន។ ដូចនេះ តើយើងគួរធ្វើយ៉ាងណាទៅថ្ងៃអនាគតពីបញ្ហានេះ ព្រោះទោះបីជាយើងមិនឱ្យដូរក៏ពួកគាត់ទៅដូរនៅប្រទេសក្រៅដែរ»។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងសុខាភិបាល ធ្វើយ៉ាងណាដោះស្រាយនូវបញ្ហានេះ ដោយផ្តល់លទ្ធភាពឱ្យក្លាយទៅជាភាពស្របច្បាប់តែម្តងពីការវះកាត់ប្តូរក្រលៀននេះ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «សូមគិតគូរពីបញ្ហានេះ ហើយកន្លងទៅនេះមានតែជនជាតិបរទេសទេ ដែលមកធ្វើការប្តូរក្រលៀននៅក្នុងប្រទេសរបស់យើង ដោយខ្ញុំធ្លាប់បានធ្វើការអន្តរាគមន៍ជួយដល់អ្នកដែលធ្វើការវះកាត់ប្តូរក្រលៀន ដោយបានសង្គ្រោះជីវិតរបស់ពួកគេបាន»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានព្រមានឱ្យមានការប្រុងប្រយ័ត្ន ដោយមិនត្រូវឱ្យមានការជួញដូរសរីរាង្គកើតមាននោះឡើយ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ឡើងអស់រយៈពេលជិត ៤០ ខែ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានចាប់ផ្តើមសាងសង់នាចុងខែតុលា ឆ្នាំ ២០១៨ និងបញ្ចប់ការសាងសង់នាចុងខែមករា ឆ្នាំ ២០២២។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់លើទំហំដីជាង ១៣ ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ ជាន់ និងប្រវែង ៥៣ ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។
បើតាមលោករដ្ឋមន្ត្រី អគារថ្មីនេះមានអាយុកាលប្រើប្រាស់ ៥០ ឆ្នាំ និងអាចធន់នឹងការរញ្ជួយដី បានកម្រិត ៦ រ៉ិចទ័រ និងមានការចែកចេញជាផ្នែកឯកទេសជាច្រើន ផងដែរ ព្រមទាំងអាចឱ្យឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ ទម្ងន់ចន្លោះពី ៣ ទៅ ៥ តោនចុះចតនៅលើដំបូលអគារនេះបានផងដែរ។
លោក ម៉ម ប៊ុនហេង ថ្លែងថា៖ «មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០ គ្រែ ហើយមន្ទីរពេទ្យថ្មីនេះជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ផងដែរ»។
ចំណែកលោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាក៏បានអបអរសាទរចំពោះសមិទ្ធផលនៃមន្ទីរពេទ្យនេះផងដែរ ដែលកើតចេញពីចំណងមិត្តភាពដ៏រឹងមាំ រវាងចិននិងកម្ពុជា។ លោកសម្តែង ក្តីសង្ឃឹមជឿជាក់ថា តាមរយៈមន្ទីរពេទ្យនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាជនកម្ពុជា ដែលមន្ទីរពេទ្យបានបំពាក់នូវគ្រឿងបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ថែមទាំងមានការបណ្ដុះបណ្ដាលធនធានមនុស្សសំខាន់ៗនៅមន្ទីរពេទ្យនេះផងដែរ៕
វីដេអូ៖