ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមិអូ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខបន្ថែមទៀតតាមរយៈការធ្វើទស្សនកិច្ចជាបន្តបន្ទាប់ រួមទាំងការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន និងការពង្រីកសមយុទ្ធទ្វេភាគី។
ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីទាំង ២ កាលពីថ្ងៃទី ២០ ខែមីនា ក្នុងឱកាសដែលលោក គីស៊ីដា មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ ថ្ងៃ នៅថ្ងៃទី ២០-២១ ខែមីនា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។
លោក គីស៊ីដា បានវាយតម្លៃខ្ពស់ចំពោះការពិតដែលកម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលទទួលយកប្រតិបត្តិការរក្សាសន្តិភាពទៅជាប្រទេសដែលបញ្ជូនកងទ័ពចូលរួមប្រតិបត្តិការរក្សាសន្តិភាព និងចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព និងស្ថិរភាពអន្តរជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរវាងលោក ហ៊ុន សែន និងលោក គីស៊ីដានាថ្ងៃទី ២០ ខែមីនា។
ប្រភពដដែលបន្តថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំង ២ បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការ «ប្រកបដោយជោគជ័យ» របស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកភូមិន្ទកម្ពុជា នៅប្រទេសជប៉ុនកាលពីខែមុន។
លោក ហ៊ុន ម៉ាណែត បានធ្វើទស្សនកិច្ច ៤ ថ្ងៃទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី ១៤ ដល់ទី ១៧ ខែកុម្ភៈ ដោយលោកក៏មានជំនួបជាមួយ លោក គីស៊ីដា ផងដែរ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។
នាយករដ្ឋមន្ត្រីទាំង ២ បានស្វាគមន៍ការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជើងទឹកនៅកំពង់ផែក្រុងព្រះសីហនុ និងការធ្វើសមយុទ្ធសុច្ឆន្ទៈ ក៏ដូចជា ដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាមរបស់កងកម្លាំងស្វ័យការពារជើងទឹក។
គួររំឭកថា នាវាកងស្វ័យការពារជើងទឹកជប៉ុន ២ គ្រឿង URAGA និង HIRADO ដែលមាននាវិក ១៨០ នាក់ចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាថ្ងៃទី ១៤-១៧ ខែមីនា ដើម្បីលើកកម្ពស់មិត្តភាព ពង្រឹងការយល់ដឹងពីគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា និងសម្រេចបាននូវ «ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា «នាយករដ្ឋមន្ត្រីទាំង ២ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខបន្ថែមទៀត តាមរយៈការធ្វើទស្សនកិច្ចជាបន្តបន្ទាប់ រួមទាំងការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជើងទឹក ការពង្រីកសមយុទ្ធទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន និងកងទ័ពជើងគោកភូមិន្ទកម្ពុជា លើផ្នែកជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ»។
នាយករដ្ឋមន្ត្រីទាំង ២ ក៏បានយល់ព្រមសម្របសម្រួលសកម្មភាពនានាសម្រាប់ការថែរក្សាសន្តិភាព តាមរយៈការកសាងសមត្ថភាពលើវិស័យប្រតិបត្តិការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការចែករំលែកបទពិសោធរបស់កម្ពុជាផ្នែកបោសសម្អាតមីនជាមួយប្រទេសទី ៣។
លោក ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការគាំទ្រ «យ៉ាងខ្លាំង» របស់ជប៉ុនដល់ការបោសសម្អាតមីននាពេលកន្លងមក។
ក្រោយបញ្ចប់ជំនួបទ្វេភាគី លោក គីស៊ីដា និងលោក ហ៊ុន សែន ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាស្តីពីគម្រោងទទួលបានថាមពលកើតឡើងវិញប្រកបដោយបរិយាប័ន្ននៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ១,៧ លានដុល្លារអាមេរិក និងគម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលតាមរយៈការចូលរួមពីប្រជាពលរដ្ឋដែលមានទំហំទឹកប្រាក់ប្រមាណ ២,៦ លានដុល្លារអាមេរិក។
លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទកាសែតបន្ទាប់ពីជំនួបនេះថា៖ «យើងទាំង ២ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងឯកភាពគ្នាពង្រឹងវិស័យនេះបន្ថែមទៀតព្រមទាំងសម្ដែងការរីករាយ និងពេញចិត្តចំពោះលទ្ធផលទស្សនកិច្ចដោយជោគជ័យរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ និងការចូលចតនាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននៅកំពង់ផែក្រុងព្រះសីហនុនៅក្នុងសប្តាហ៍នេះផងដែរ»។
ដោយឡែកលោក គីស៊ីដា បានថ្លែងក្នុងសន្និសីទកាសែតនេះដែរថា ប្រទេសជប៉ុននឹងពង្រឹងវិស័យការពារជាតិជាមួយ កម្ពុជាដើម្បីពង្រឹងសណ្តាប់ធ្នាប់សមុទ្រសេរី និងបើកចំហតាម រយៈទស្សនកិច្ចជាបន្តបន្ទាប់ នៅមូលដ្ឋានរាមខេត្តព្រះសីហនុ ព្រមទាំងការចូលចតនាវាកងកម្លាំងស្វ័យការពារ ជប៉ុន។
លោកថ្លែងថា៖ «ការបំពេញបន្ថែមនៃការហ្វឹកហ្វឺនទ្វេភាគី និងសហប្រតិបត្តិការវិស័យជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ នឹងនាំឱ្យចំណងរវាងកងកម្លាំងស្វ័យការពារជប៉ុន និងកងយោធពលខេមរភូមិន្ទកម្ពុជាកាន់តែខ្លាំងឡើង»៕