ព្រះសីហនុៈ សាលាដំបូងខេត្ដព្រះសីហនុ នៅថ្ងៃទី ១៩ មីនា បានចេញដីកាឃុំខ្លួនមេខ្យល់ចំនួន ៦ នាក់ និង ៦ នាក់ទៀតដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោយពីពួកគេដឹកនាំពលរដ្ឋជិត ៣០០ នាក់ ទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតនៅចំណុចគីឡូ ១៥ ភូមិចាំ ឃុំកំពង់សីលា ស្រុកកំពង់សីលា កាលពី ថ្ងៃទី ១៣ ខែមីនា។
លោក សាមុត សុធារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ នៅថ្ងៃទី ២០ មីនាថា ក្រោយពីសមត្ថកិច្ចខេត្ដព្រះសីហនុបានចុះទៅបង្ក្រាបករណីក្រុមអនាធិបតេយ្យប្រមាណជា ២៩៥ នាក់ ក្នុងនោះស្រី ១១៣ នាក់ ចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ស្ថិតនៅចំណុចគីឡូ១៥ ភូមិចាំ ឃុំ-កំពង់សីលា ស្រុកកំពង់សីលា កាលពីថ្ងៃទី ១៣ ខែមីនា មកទល់បច្ចុប្បន្ន មន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ១២ នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធការចូលទន្ទ្រានកាន់កាប់ដីរដ្ឋនេះ។
លោកថ្លែងថា៖ «ក្រោយពីការស៊ើបសួររបស់ស្ថាប័នតុលាការ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាឃុំខ្លួនចំនួន ៦ នាក់ និង ៦ នាក់ទៀត ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ»។
សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្ដព្រះសីហនុ នៅថ្ងៃទី ២០ មីនា ឱ្យដឹងថា ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៨៩ ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៦ ដែលជាប់ព្រំប្រទល់រវាងភូមិសាស្ត្រខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
កន្លងមកសកម្មភាពបទល្មើសរុករានកាប់ឆ្ការព្រៃដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុមព័ទ្ធកាន់កាប់ជាកម្មសិទ្ធិដោយខុសច្បាប់ ស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានសមត្ថកិច្ចចុះអនុវត្តវិធានការទប់ស្កាត់ជាបន្តបន្ទាប់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
សេចក្ដីប្រកាសបញ្ជាក់ថា យោងលើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា ៥៦ និងមាត្រា ៦២ ចែងថា ជនសង្ស័យណាដែលធ្វើសកម្មភាពកាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី ៤ ដោយដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ និងពិន័យជាប្រាក់ពី ១៥ លានរៀល ទៅ ១៥០ លានរៀល។ ចំពោះបុគ្គលប្រព្រឹត្តជានីតិបុគ្គលនឹងត្រូវពិន័យជាប្រាក់ពី ១៥០ លានរៀល ទៅ ២៥០ លានរៀល។ វត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ។ ក្នុងករណី មិនរាងចាលត្រូវផ្តន្ទាទោសទ្វេដង។
បើតាមមន្ទីរបរិស្ថានខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលាបានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងសមត្ថកិច្ចបរិស្ថាន ចុះទៅបង្ក្រាបចលនាប្រមូលផ្ដុំ បំផុសបំផុលក្រុមអនាធិបតេយ្យប្រមាណជា ២៩៥ នាក់ ក្នុងនោះស្រី ១១៣ នាក់ ឱ្យចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ស្ថិតនៅចំណុចខាងលើនេះ។
បើយោងតាមមន្ទីរបរិស្ថានខេត្ដព្រះសីហនុ កាលពីថ្ងៃទី ១៣ ខែមីនា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានដឹកនាំកម្លាំងធ្វើការណែនាំប្រជាពលរដ្ឋទាំងនោះ ដែលកំពុងធ្វើសកម្មភាពកាប់ឆ្ការលើទីតាំងដែលជាដីរបស់រដ្ឋ ដោយណែនាំឱ្យបញ្ឈប់សកម្មភាពរុករានកាន់កាប់ដោយខុសច្បាប់នោះជាបន្ទាន់។
ក៏ប៉ុន្តែ បើទោះបីមានការណែនាំក្ដី ក្រុមអនាធិបតេយ្យពុំបានស្ដាប់ឡើយ ជាហេតុធ្វើឱ្យក្រុមការងារត្រូវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាមេខ្លោងជាបន្តបន្ទាប់បានចំនួន ១២ នាក់ និងបានដកហូតវត្ថុតាងមានចបកាប់ចំនួន ១ ចបជីកចំនួន ៥ ដើម ញញួរចំនួន ៣ ដើម ពូថៅចំនួន ១៨ ដើម ដែកគាស់ចំនួន ២ ដែកគោលចំនួន ៥ គីឡូ កាំបិតផ្គាក់ ចំនួន ២៣ ដើម កាំបិតតូចចំនួន ៣ តង់ចំនួន ៤ រថយន្តចំនួន ៤ គ្រឿង និងម៉ូតូចំនួន ២ គ្រឿង ហើយក៏កំពុងបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕