ភ្នំពេញៈ អង្គការ Oxfam ធ្វើយុទ្ធនាការដែលមានឈ្មោះថា «តាមដងទន្លេមេគង្គជាមួយសាយ» ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃទន្លេ ខណៈលោក សាយ រំពឹងថា យុទ្ធនាការនេះនឹងពាំនាំផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋនៅតាមដងទន្លេ ជាពិសេសការបង្កើតឱ្យមានកំណើនភ្ញៀវទេសចរ។
លោក អ៊ួន បឋម ហៅ សាយ គឺជាបុគ្គលម្នាក់ ដែលចូលរួមកិច្ចការសង្គមដ៏ល្បីឈ្មោះ ត្រូវបានអង្គការ Oxfam ជ្រើសរើសធ្វើជាទូតសុឆន្ទៈដើម្បីចូលរួមដឹកនាំយុទ្ធនាការមួយ ដោយបានដាក់ឈ្មោះថា តាមដងទន្លេមេគង្គជាមួយសាយ។
យុទ្ធនាការតាមដងទន្លេមេគង្គជាមួយសាយ ត្រូវបានប្រកាសដំណើរការចាប់ពីថ្ងៃទី ១០ មីនា រហូតដល់ចុងខែមីនា ដែលក្នុងអំឡុងពេលនោះ លោក សាយ និងក្រុមការងារ ចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ខេត្តចំនួន ៣ មានខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដើម្បីចុះទៅជួបដោយផ្ទាល់ជាមួយប្រជាសហគមន៍នៅតាមដងទន្លេ និងផ្តិតរូបភាពនានានៅតាមតំបន់ទាំងនោះ។
លោកស្រី កែវ កណិកា ប្រធានគម្រោងបរិយាប័ន្ន ជំហាន ២ នៃអង្គការអុកស្វាម បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ មីនាថាក្នុងអំឡុងពេលយុទ្ធនាការ “តាមដងទនេ្លមេគង្គ ជាមួយសាយ” រយៈពេល ១០ ថ្ងៃមកនេះ ក្រុមការងារបានទទួលលទ្ធផលគួរជាទីមោទន: ដោយសារ យុទ្ធនាការនេះ បានផ្សារភ្ជាប់ការចូលរួម និងកិច្ចពិភាក្សាប្រកបដោយអត្ថន័យរវាងយុវជន និងសហគមន៍ ដែលរងផលប៉ះពាល់ ជាពិសេស ក្រុមជនងាយរងគ្រោះដូចជា ជនមានពិការភាព និងជនជាតិដើមភាគតិច ដែលពួកគាត់ទាំងអស់នោះជាគោលដៅចម្បងរបស់គម្រោង។
លោកស្រីបានបន្តទៀតថា យុទ្ធនាការនេះបានផ្តល់ឱកាសដល់សាធារណជនទូទៅ ជាពិសេសយុវជនបានស្គាល់បន្ថែមពីធនធាន និងសក្តានុពលរបស់ទន្លេមេគង្គ និងសម្រស់ដ៏ស្រស់ត្រកាលនៃដងទន្លេមេគង្គ តាមរយៈតំបន់ទេសចរណ៍ធម្មជាតិមួយចំនួនដែលមិនសូវមានគេស្គាល់ ក៏ដូចជាបានឈឺឆ្អាលពីជោគវាសនារបស់ទន្លេមេគង្គតាមរយៈការស្តាប់ពីកង្វល់របស់បងប្អូនដែលរស់នៅតាមដងទន្លេអំពីការអភិវឌ្ឍទន្លេមេគង្គ និងផលប៉ះពាល់នានាលើជីវភាពរស់នៅរបស់ពួកគាត់ក៏ដូចជាបានដាស់ស្មារតីរបស់ពួកគាត់ឱ្យយកចិត្តទុកដាក់អភិរក្សធនធានទន្លេមេគង្គ និងចូលរួមកាន់តែសកម្មក្នុងដំណើរការ ការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីជំរុញឱ្យមានអភិបាលកិច្ចទឹកប្រកបដោយបរិយាប័ន្ន។ លោកស្រីបញ្ជាក់ថា៖ «យុទ្ធនាការនោះ ក៏មានការចូលរួមពីគណៈប្រតិភូស្ថានទូតអូស្ត្រាលីនៅកម្ពុជាផងដែរ ដើម្បីស្វែងយល់អំពីស្ថានភាពទឹកទន្លេមេគង្គ ជីវភាព និងសកម្មភាពសង្គម និងវប្បធម៌របស់ប្រជាជនតាមដងទន្លេនៅស្រុកសំបូរ ខេត្តក្រចេះ»។
យ៉ាងណាក្តីលោកស្រី កែវ កណិកា បានឱ្យដឹងថា ក្រោយការចុះទៅដោយផ្ទាល់ជាមួយសាយនេះ យុទ្ធនាការនេះនៅមិនទាន់បានបញ្ចប់នៅឡើយទេព្រោះបន្ទាប់ពីការជិះទូកតាមដងទន្លេជាមួយ សាយ ទៅកាន់ទីតាំងសំខាន់ៗនៅក្នុងខេត្តទាំង ៣ នោះរួចមក ក្រុមការងារនឹងរៀបចំសន្និសីទសារព័ត៌មាន និងកិច្ចពិភាក្សាមួយ ដែលមានវត្តមាន សាយ ជាអ្នកតំណាងយុទ្ធនាការនេះ ខណៈសហគមន៍រងគ្រោះ និងស្ថាប័នពាក់ព័ន្ធក៏អញ្ជើញចូលរួមដើម្បីចែករំលែកចំណាប់អារម្មណ៍ និងគំនិតផ្តួចផ្តើមនាពេលអនាគត សម្រាប់ទន្លេមេគង្គផងដែរ។
លោកស្រីបញ្ជាក់ថា៖ «សន្និសីទសារព័ត៌មាននេះនឹងរៀបចំឡើងនៅពាក់កណ្តាលខែមេសា ក៏ជាថ្ងៃដែលយើងប្រកាសចាក់ផ្សាយខ្សែវីដេអូ ចំនួន ៣ ដែលផ្តិតយកដំណើរទស្សនកិច្ចរបស់ សាយ តាមដងទន្លេមេគង្គ ក្នុងខេត្តទាំង ៣ ដែលយើងបានរៀបចំ និងមានតាំងពិព័រណ៍រូបថតដែលយើងឱ្យឈ្មោះថា “Faces of the Mekong People” ឬជាភាសាខ្មែរថា “មុខរបស់អ្នកទន្លេមេគង្គ”»។
លោក អ៊ួន បឋម ហៅ សាយ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ មីនាថា ទន្លេមេគង្គមានសារៈសំខាន់ណាស់ សម្រាប់ជីវភាពរស់នៅហើយវាក៏ជាប្រភពស្បៀងរបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះ យុទ្ធនាការតាមដងទន្លេមេគង្គជាមួយសាយ ដែលមានលោកជាអ្នកចូលរួមនេះ គឺជាគំនិតផ្តួចផ្តើមមួយដែលបានចូលរួមលើកកម្ពស់ការយល់ដឹងអំពីធនធានដែលសម្បូរបែបរបស់ទន្លេមេគង្គហើយលោកពេញចិត្តអនុវត្តគម្រោងនេះ។
បន្ថែមពីនេះ លោកក៏រំពឹងថា យុទ្ធនាការនេះក៏នឹងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនបន្ថែមទៀត មកទស្សនាតាមតំបន់កម្សាន្តនានានៅតាមទន្លេមេគង្គ ដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលដ្ឋនៅតាមដងទន្លេ។
លោកបានរៀបរាប់ថា៖ «ខ្ញុំសុំឱ្យប្រជាពលរដ្ឋនៅតាមដងទន្លេហ្នឹង គាត់ឈប់នេសាទខុសច្បាប់ ឬក៏ខុសបច្ចេកទេសដូចជាការឆក់ និងបន្តនេសាទ នៅតំបន់ហាមឃាត់ដើម្បីកុំឱ្យប៉ះពាល់ដល់ត្រី និងធនធានផ្សេងៗ។ យើងចង់ឃើញការនេសាទនៅតាមដងទន្លេធ្វើយ៉ាងម៉េចឱ្យមានការសមស្របតាមច្បាប់ និងចូលរួមគោរពច្បាប់ជលផលទាំងអស់គ្នា»៕