កោះកុងៈ រដ្ឋបាលខេត្តកោះកុងបានដាក់ឱសានវាទនៅត្រឹមថ្ងៃទី ៣០ មីនាក្នុងការបញ្ឈប់ការសម្របសម្រួលដោះស្រាយបញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគម្រោងវិនិយោគរបស់ក្រុមហ៊ុនយូញៀន។ ប៉ុន្តែ ប្រជាពលរដ្ឋដែលនៅសល់មិនទាន់ទទួលយកដំណោះស្រាយស្នើសុំឱ្យរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំពិចារណាឡើងវិញចំពោះការផ្តល់សំណងគោលនយោបាយដែលមិនសមរម្យនេះ។
តាមសេចក្តីជូនដំណឹង ចុះហត្ថលេខាដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ឱ្យដឹងថា ការដោះស្រាយគោលនយោបាយជូនពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន (UNION) ទាំង ៣ ប្រភេទ ទី ១ ជាប្រជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុនយូញៀនមានចំនួន ២៤៧ គ្រួសារ ទី ២ ជាប្រជាពលរដ្ឋខុសភូមិ ខុសឃុំ មានចំនួន ២៥៥ គ្រួសារ និងទី ៣ ជាប្រជាពលរដ្ឋស្នើសុំសំណង គោលនយោបាយបន្ថែម មានចំនួន ៨៣១ គ្រួសារ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២។
សេចក្តីជូនដំណឹងនេះបន្តថា ដូច្នេះ រដ្ឋបាលខេត្តកោះកុងបានឱ្យប្រជាពលរដ្ឋទាំង ៣ ប្រភេទ ដែលមិនទាន់បានមកទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល សូមមកទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យបានទាន់ពេលវេលាកំណត់។
សេចក្តីជូនដំណឹងបានព្រមានថា៖ «ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំង ៣ ប្រភេទ ខកខានមិនបានមកទទួលយកការដោះស្រាយគោលនយោបាយតាមពេលវេលាកំណត់នេះទេ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងរដ្ឋបាលខេត្តកោះកុងចាត់ទុកថាបងប្អូនប្រជាពលរដ្ឋបោះបង់ចោលសិទ្ធិទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងរដ្ឋបាលខេត្តកោះកុង មិនទទួលខុសត្រូវនូវរាល់ការបាត់បង់ផលប្រយោជន៍របស់បងប្អូនឡើយ»។
អ្នកស្រី សាំង ពុយ តំណាងពលរដ្ឋដែលមានទំនាស់ដីធ្លីនៅឃុំកោះស្ដេច ជាមួយក្រុមហ៊ុនយូញៀន (UNION) ថ្លែងថា រហូតមកដល់ពេលនេះ អ្នកស្រី និងប្រជាពលរដ្ឋផ្សេងទៀតដែលមិនទាន់ទទួលយកដំណោះស្រាយគោលនយោបាយប្រមាណជាង ៥០ គ្រួសារមិនទាន់ទទួលបានសេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តឱ្យទៅចូលរួមទទួលយកដំណោះស្រាយគោលនយោបាយនៅឡើយទេ។
អ្នកស្រីបន្តថា ប្រជាពលរដ្ឋជាង ៥០ គ្រួសារ មិនទទួលយកដំណោះស្រាយគោលនយោបាយក៏ព្រោះថា ដីរបស់ពួកគាត់មានទំហំធំហើយគេចែកឱ្យក្នុងទំហំតូច ដែលវាមិនស្មើភាពនោះទេ។ ដោយឡែកប្រជាពលរដ្ឋដែលទទួលយកដំណោះគោលនយោបាយនេះ ព្រោះដីរបស់ពួកគាត់មានទំហំតូច និងអ្នកខ្លះទៀត ជាពិសេស អ្នកដែលទើបបំបែកគ្រួសារ មិនមានដីផ្ទាល់ខ្លួន។ ដូច្នេះ ពួកគាត់ទទួលយកគោលនយោបាយនេះ។ អ្នកស្រីថ្លែងថា៖ «ពលរដ្ឋដែលនៅសេសសល់ សំណូមពរដល់គណៈកម្មការ និងសម្តេចពិជ័យសេនាជួយពិចារណា និងដោះស្រាយឱ្យពលរដ្ឋដែលនៅសេសសល់ ឱ្យបានសមរម្យ ហើយបើរដ្ឋបាលខេត្ត កំណត់ថ្ងៃឱ្យទៅចូលរួមទទួលយកដំណោះស្រាយគោលនយោបាយនេះវាហាក់ដូចជាការបង្ខិតបង្ខំប្រជាពលរដ្ឋអ៊ីចឹង»។
លោក ថោង ច័ន្ទតារា មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក ADHOC ប្រចាំខេត្តកោះកុង ថ្លែងនៅថ្ងៃទី ២១ មីនាថា ប្រជាពលរដ្ឋដែលមិនទាន់ទទួលយកដំណោះស្រាយគោលនយោបាយនេះ នៅសល់ច្រើនគ្រួសារព្រោះពួកគាត់ មិនទទួលយកដំណោះស្រាយ និងលក្ខខណ្ឌរបស់រដ្ឋបាលខេត្តដាក់កំហិតខ្លាំងពេក។ ម្យ៉ាងដីរបស់ពួកគាត់មានទំហំធំ ប៉ុន្តែ នៅពេលដែលឱ្យពួកគាត់វិញ គឺមានទំហំតូច។ ដូច្នេះបានជាពួកគាត់មិនទទួលយក។
លោកថ្លែងថា៖ «លិខិតដែលរដ្ឋបាលខេត្តចេញនេះតាមខ្ញុំដឹង មិនមែនជាលើកទី ១ ទេ វាចូល ៣ លើក ហើយព្រោះប្រជាពលរដ្ឋមិនចូលខ្លួនទៅទទួលយកដំណោះស្រាយ។ រឿងនេះ យើងគួរតែមានដំណោះស្រាយដោយឡែក អាជ្ញាធរគួរតែចរចាដោយផ្ទាល់ជាមួយគ្រួសារនីមួយៗទៅតាមទំហំដីជាក់ស្តែងរបស់ពួកគាត់ វាអាចចេញជាដំណោះ-ស្រាយហើយ។ បើគោលនយោ-បាយគាត់ដាក់មករឹងកំព្រឹស និងឱ្យទទួលយកគ្រប់គ្នា គឺមិនអាចទទួលយកបានទេ»។
លោក សុខ សុទ្ធី អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងប្រាប់ភ្នំពេញ-ប៉ុស្តិ៍នោថ្ងៃទី ២១ មីនាថា សម្រាប់ប្រជាពលរដ្ឋដែលទទួលដំណោះស្រាយគោលនយោបាយ ទាំងលើកទី ១ និងទី ២ មានចំនួន ២ ៥០០ គ្រួសារ និងនៅសល់ប្រមាណជា ៧០ គ្រួសារទៀត មិនព្រមទទួលយកដំណោះស្រាយគោលនយោបាយ ពីព្រោះពួកគាត់ទាមទារសំណងលើសពីគោលនយោបាយដែលត្រូវបានកំណត់។ «នេះ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ទោះគាត់មានដីធំ ឬដីតូចយ៉ាងណា តែរដ្ឋាភិបាលបានកំណត់ជាគោលនយោបាយ បើគាត់អត់ព្រមទទួលយក យើងមានឱសានវាទ មានន័យថា គាត់បោះបង់ហើយ។ ក្នុងនាមរដ្ឋបាលខេត្តអត់មានដំណោះស្រាយលើសនេះទេ»៕