ព្រះសីហនុៈ រាជរដ្ឋាភិបាលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុនាថ្ងៃទី ២២ ខែមីនា ដោយមជ្ឈមណ្ឌលនេះ ផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀន ដើម្បីឱ្យពួកគេមានមុខរបរ និងជំនាញចិញ្ចឹមជីវិតច្បាស់លាស់ពេលត្រឡប់ទៅកាន់សហគមន៍ ឬគ្រួសារវិញ។
លោក ឌីន បូរី ប្រធាននាយកដ្ឋាន យុវនីតិសម្បទានៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថ្លែងប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ កាលពីថ្ងៃទី ២០ មីនាថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅភូមិម៉ុងឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ។
មជ្ឈមណ្ឌលនេះមានអគារសម្រាប់ជនរងគ្រោះ និងមន្ដ្រីស្នាក់នៅ អគារសម្រាប់ព្យាបាល អគារសម្រាប់បណ្ដុះបណ្ដាល និងអគារសំខាន់ៗមួយចំនួនទៀត ដែលបានសាងសង់ឡើងលើផ្ទៃដីប្រមាណ ២០ ហិកតា។ មជ្ឈមណ្ឌលនេះ សាងសង់ឡើងដោយទទួលបានជំនួយពីប្រទេសថៃ វៀតណាម និងថវិការបស់រាជរដ្ឋាភិបាល សរុបប្រមាណ ៧ លានដុល្លារ។
លោកថ្លែងថា៖ «តាមរយៈមជ្ឈមណ្ឌលនេះ យើងនឹងយកអ្នកញៀនគ្រឿងញៀនដែលបានស្ដារនីតិសម្បទារួចហើយបានរយៈពេល ៦ ខែរួចពីមណ្ឌលបណ្ដោះអាសន្ន រាជធានី ខេត្ដមកស្ដារទីនេះ។ ការស្ដារនៅទីនេះគឺយើងយកជនរងគ្រោះមកបណ្ដុះបណ្ដាលរយៈពេល ២ ឆ្នាំ ទើបឱ្យពួកគេត្រឡប់ទៅកាន់សហគមន៍ ឬគ្រួសារវិញ»។
លោក បូរី បញ្ជាក់ថា នៅមជ្ឈមណ្ឌលនេះ មានកម្មវិធីស្ដារនីតិសម្បទាជនរងគ្រោះ តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញសម្រាប់ប្រកបរបរចិញ្ចឹមជីវិតដោយបានសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រឿងញៀន។
លោកបន្តថា នៅមជ្ឈមណ្ឌលនេះក៏មានកម្មវិធីអប់រំផ្លូវចិត្ដ និងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈជាច្រើនទៀត។ ជនរងគ្រោះមុននឹងឈានទៅដល់ការបណ្ដុះបណ្ដាល គឺត្រូវសិក្សា ប៉ាន់ប្រមាណលើចំណេះដឹង និងសមត្ថភាពរបស់ពួកគេ ដើម្បីឱ្យប្រាកដថា ពួកគេត្រូវបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈណាមួយ។
បើតាមលោក បូរី តាមគម្រោងរបស់ក្រសួងពាក់ព័ន្ធ ក្រៅពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារគ្រឿងញៀនរួចហើយ ក្រសួងក៏មានគម្រោងស្វែងរកការងារធ្វើ ដល់ពួកគេបន្ថែមទៀត ក្រោយពួកគេបញ្ចប់ការបណ្ដុះបណ្ដាល និងបន្តតាមដានពួកគេ ក្រោយពីបានត្រឡប់ទៅកាន់សហគមន៍ ឬគ្រួសារវិញថែមទៀត។
លោកឱ្យដឹងថា តាមគោលការណ៍ ដែលបានសម្រេចមជ្ឈមណ្ឌលនេះនឹងទទួលជនរងគ្រោះដោយសារគ្រឿងញៀនពីមណ្ឌលបណ្ដោះអាសន្នរាជធានី ខេត្ដ មកបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈក្នុងជំហានដំបូងនេះមានចំនួនប្រមាណជាង ១០០ នាក់ និងនៅថ្ងៃអនាគតបង្កើនដល់ ២ ពាន់នាក់។
លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ១៨ ខែមីនា បានធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យឯកសារសម្រាប់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលជាតិព្យាបាល នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២។
នៅក្នុងកិច្ចប្រជុំនេះ លោក កែ គឹមយ៉ានបានណែនាំជាយុទ្ធសាស្ត្រគន្លឹះមួយចំនួន សម្រាប់ពង្រឹងប្រសិទ្ធភាពការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅតាមសហគមន៍ ក៏ដូចជាមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍នៅខេត្តព្រះសីហនុ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុបានឱ្យដឹងថា ការសម្ពោធមជ្ឈមណ្ឌលនេះនឹងធ្វើឡើង ក្រោមអធិបតីភាពលោក កែ គឹមយ៉ាន។
លោកថ្លែងថា៖ «មជ្ឈមណ្ឌលនេះគឺដើរតួនាទីសំខាន់ណាស់ វាជាកន្លែងព្យាបាលដល់ជនរងគ្រោះផង និងជាកន្លែងអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាដល់ជនរងគ្រោះដែលញៀនគ្រឿងញៀនហើយនឹងធ្វើសមាហរណកម្មពួកគេទៅកាន់សហគមន៍ ឬគ្រួសាររបស់ពួកគេវិញក្រោយពីបណ្ដុះបណ្ដាលរួចរាល់»។
លោក សម សភា ប្រធានមន្ទីរសង្គមកិច្ច ខេត្តព្រះសីហនុឱ្យដឹងថា នៅខេត្ដព្រះសីហនុ អ្នកញៀនគ្រឿងញៀនដែលកំពុងព្យាបាល និងស្ដារនីតិសម្បទាមានជាង ៧០ នាក់ដែលនឹងត្រូវធ្វើការស្ដារនីតិសម្បទាឡើងវិញផងដែរ។
លោកថ្លែងថា៖ «យើងនឹងបញ្ជូនជនរងគ្រោះ ដែលជាអ្នកញៀនគ្រឿងញៀន ដែលកំពុងព្យាបាល និងស្ដារនីតិសម្បទាទៅបណ្ដុះបណ្ដាលបន្ថែមទៀត ក្រោយពេលពួកគេបានព្យាបាលសះស្បើយនាពេលខាងមុខ»។
លោកឱ្យដឹងថា មជ្ឈមណ្ឌលជាតិនេះមានកិច្ចសហការពីស្ថាប័ន ៣ ធំៗ គឺ ទី ១ ក្រសួងសង្គមកិច្ច ជាអ្នកផ្ដល់សេវាស្ដារនីតិសម្បទា អប់រំ ពិគ្រោះយោបល់ និងបំណិនជីវិតដល់អ្នកញៀនគ្រឿងញៀន។ ទី ២ ក្រសួងសុខាភិបាល ជាអ្នកផ្ដល់សេវាព្យាបាលតាមផ្នែកវេជ្ជសាស្ដ្រ។ ទី ៣ ក្រសួងការងារគឺជាអ្នកបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ដល់ជំនាញពិតប្រាកដឱ្យទៅជនរងគ្រោះ ដើម្បីឱ្យពួកគេមានមុខរបរត្រឹមត្រូវ។
បើតាមលោក សភា អ្នកញៀនគ្រឿងញៀនដែលអាចទទួលយកមកមជ្ឈមណ្ឌលនេះបណ្ដុះបណ្ដាលបាន គឺជាអ្នកដែលបានព្យាបាលដោយវេជ្ជសាស្ដ្រ និងស្ដារនីតិសម្បទា (ស្តារនីតិសម្បទាផ្នែករាងកាយ និងបញ្ញាស្មារតី) ។ ដូច្នេះដើម្បីទទួលបានការបណ្ដុះបណ្ដាលនេះ លុះត្រាតែអ្នកញៀនគ្រឿងញៀននោះបានព្យាបាល និងស្ដារនីតិសម្បទាជាសះស្បើយហើយមានភាពរឹងមាំអាចទទួលយកការបណ្ដុះបណ្ដាលបាន ទើបអាចទទួលបានការបណ្ដុះបណ្ដាលពីមជ្ឈមណ្ឌលនេះ៕