សៀមរាបៈ មន្ត្រីក្រុមការងាររដ្ឋបាលព្រៃឈើកំពុងបន្តធ្វើការស្រាវជ្រាវប្រភេទរុក្ខជាតិកេសរកូលព្រៃ (អ័រគីដេ) នៅក្នុងខេត្តសៀមរាប ខណៈរកឃើញចំនួន ១៨០ ប្រភេទកាលពីសប្តាហ៍មុន នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយក្នុងស្រុកវ៉ារិននៃខេត្តសៀមរាប។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី ២១ ខែមីនាថា កាលពីសប្តាហ៍មុន ក្រុមការងាររដ្ឋបាលព្រៃឈើបានចុះស្រាវជ្រាវប្រភេទរុក្ខជាតិកេសរកូលព្រៃ ដោយមានការសហការចូលរួមជាមួយសហគមន៍ព្រៃឈើចង្ក្រានរយ រកឃើញ រុក្ខជាតិកេសរកូលព្រៃ ចំនួន ១៨០ ប្រភេទ។ ក្រុមការងាររដ្ឋបាលព្រៃឈើកំពុងបន្តការងារស្រាវជ្រាវថែមទៀតក្នុងខេត្តសៀមរាប មុននឹងបន្តទៅតំបន់នៃខេត្តផ្សេងៗទៀត ដើម្បីយកលទ្ធផលមកធ្វើការបោះពុម្ពជាសៀវភៅ ជាបន្តបន្ទាប់ ហើយក្នុងសៀវភៅនេះអាចនឹងបង្ហាញពីប្រភេទផ្សេងៗនៅតាមតំបន់ដែលបានស្រាវជ្រាវហើយនោះ។
លោកថ្លែងថា៖ «យើងកំពុងតែសិក្សាតាមតំបន់ដែលខាងរដ្ឋបាលព្រៃឈើយើងគ្រប់គ្រង តាមសហគមន៍ព្រៃឈើ តាមចម្ការពូជគ្រញូង ចម្ការពូជធ្នង់ដើម្បីដឹងថា តើ ១ កន្លែងយើង ឧបមាថា ក្នុងចម្ការគ្រញូងខ្ញុំមានកេសរកូលហ្នឹងប៉ុន្មានប្រភេទឥឡូវនេះយើងរកអត់ទាន់អស់ទេ យើងអត់ហ៊ានឆ្លើយប្រាប់ថា ក្នុង ១ តំបន់ខ្ញុំមានប៉ុន្មានប្រភេទទេ»។
លោក ម៉ុង ប៊ុនលីម ឱ្យដឹងថា ក្នុងឆ្នាំ ២០២១ រដ្ឋបាលព្រៃឈើបានបោះពុម្ពសៀវភៅ ១ ក្បាលជាលើកដំបូង ដែលបញ្ជាក់ពីការរកឃើញកេសរកូលចំនួន ៥០០ ប្រភេទ នៅទូទាំងប្រទេសកម្ពុជា ដោយក្នុងសៀវភៅនោះបានបង្ហាញអំពីប្រភេទ មានស្លឹក មានកញ្ចុំផ្កា កញ្ចុំឫស មានតួដើមទាំងអស់ ប៉ុន្តែលទ្ធផលនៃការស្រាវជ្រាវក្រោយនេះ នឹងចេញជាសៀវភៅដែលបង្ហាញអំពីកេសរកូលតាមតំបន់វិញ។
លោកថ្លែងថា៖ «សៀវភៅក្រោយនេះប្រហែលជាគេធ្វើចែកតំបន់ ឧបមាថា សៀមរាបមានប៉ុន្មានប្រភេទ អាហ្នឹងជាតំបន់ខេត្តសៀមរាបទៅ ហើយមណ្ឌលគិរី គេមានប្រភេទអី គេចែកតាមតំបន់ហ្នឹងទៅ ហើយតំបន់ឈូងសមុទ្រនោះ មានស្អីខ្លះ ស្រណុកគេនិយាយថា បើប្រភេទនេះ ត្រូវទៅរកនៅទីនេះ ប្រភេទនោះ ទាល់តែរកនៅទីនោះបានមាន»។
លោក ប៊ុនលីម បានបញ្ជាក់ថា ដើមរុក្ខជាតិកេសរកូល មានរាប់រយប្រភេទ ដែលមិនអាចធ្វើការរៀបរាប់អស់ដោយការនិយាយបានទេ។ លោកបន្តថាកេសរកូលខ្លះ មានផ្កាចេញមកដូចជាផ្កាឈូក ខ្លះជាកេសរកូលចំពុះសេក កេសរកូលផ្កាថ្ម កេសរកូលបំពង់ស្រមោច និងកេសរកូលស្រទាប់ឆត្រ ជាដើម។
អ្នកស្រី ឈឿន សុឌី ប្រធានសហគមន៍ព្រៃឈើចង្ក្រានរយ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២១ ខែមីនាថា សហគមន៍ចង្ក្រានរយមានផ្ទៃដីជាង ៩ ១០០ ហិកតាជាទីកន្លែងដែលមានដើមកេសរកូលមានដុះច្រើនជាងគេ ហើយក្នុងអំឡុងសប្តាហ៍មុនអ្នកស្រីបានជូនមន្ត្រីរដ្ឋបាលព្រៃឈើចុះទៅរកមើលដើមកេសរកូលផងដែរ។ ដើមកេសរកូលជាគោលដៅទេសចរណ៍មួយដែលទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តដោយដើរទស្សនាសម្រស់ផ្កានៅតាមព្រៃភ្នំ។ ក្រៅពីកេសរកូល សហគមន៍ព្រៃឈើចង្ក្រានរយក៏មានទីកន្លែងបោះតង់ កន្លែងទឹកធ្លាក់ កន្លែងមើលសត្វស្លាបមើលមេអំបៅមើលផ្ទាំងថ្ម ដែលជួយឱ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបានសមរម្យតាមរយៈការជូនភ្ញៀវកម្សាន្តក្នុងព្រៃ លក់ផលិតផលកែច្នៃដោយដៃ ម្ហូបអាហារ ឱសថបុរាណ និងស្រាជនជាតិដើមភាគតិចជាដើម។
អ្នកស្រីបញ្ជាក់ថា៖ «ខាងសហគមន៍យើងគាត់រកចំណូលបានតាមរបៀបជូនភ្ញៀវមើលព្រៃឈើខ្លះជូនភ្ញៀវមើលសត្វស្លាបខ្លះគាត់ធ្វើម្ហូបខ្លះកែច្នៃផលិតផលលក់ខ្លះទៀតប្រមូលឱសថបុរាណ ហើយគាត់លក់តំបែលក់ស្រាជនជាតិដើមភាគតិច» ។
ប្រធានសហគមន៍ព្រៃឈើចង្ក្រានរយរូបនេះបានអំពាវនាវឱ្យភ្ញៀវទេសចរអញ្ជើញទៅលេងកម្សាន្តក្នុងសហគមន៍ឱ្យបានច្រើនជាពិសេសក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដោយសារតែបច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ ១៩ បានល្អប្រសើរឡើងវិញ ហើយរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេសធម្មតាវិញហើយ ៕