ភ្នំពេញៈ ​មន្ដ្រី​ជាន់ខ្ពស់​ក្រសួងយុត្តិធម៌ និង​អ្នករាយការណ៍​ពិសេស ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជួបពិភាក្សា​គ្នា​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ការធ្វើ​ទំនើបកម្ម​ច្បាប់​នៅ​កម្ពុជា ស្របតាម​ស្តង់ដា​សិទ្ធិមនុស្ស​អន្តរជាតិ​ និង​លម្ហ​ប្រជាធិបតេយ្យ សេរីភាព និង​នយោបាយ​នៅ​កម្ពុជា ខណៈ​កម្ពុជា​អះអាងថា លម្ហ​ប្រជាធិបតេយ្យ និង​សេរីភាព​នៅ​កម្ពុជា​គ្មាន​ការរឹតត្បិត​ ឬ​រួម​តូច​នោះទេ​។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ២២ មីនា​ថា កាលពី​ថ្ងៃទី​ ២១ ខែមីនា ឆ្នាំ​ ២០២២ លោក​ជា​តំណាង លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្ដិធម៌​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Vitit Muntarbhorn អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​អនឡាញ​។ ក្នុងជំនួប​នេះ​ក៏មាន​ការចូលរួម​ពី​លោក អាន សុខឿន ឯកអគ្គរាជទូត និង​តំណាង​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ និង​លោកស្រី Claudia De La Fuente Barreda តំណាង​ការិយាល័យ​ឧត្តមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​កម្ពុជា​ផងដែរ​។

លោក​បានឱ្យដឹងថា ក្នុងជំនួប​រយៈពេល​ជិត ២ ម៉ោង​ជាមួយ​អ្នករាយការណ៍​ពិសេស និង​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ គឺ​បាន​ពិភាក្សា​លើ​របៀបវារៈ​សំខាន់​ចំនួន ៥ ក្នុងនោះ​មាន​ទី​ ១ ការវិវត្ត និង​ការធ្វើ​ទំនើបកម្ម​ច្បាប់​នៅ​កម្ពុជា ស្របតាម​ស្តង់ដា​សិទ្ធិមនុស្ស​អន្តរជាតិ​។ ទី​ ២ ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ និង​ការអនុវត្ត​វិធានការ​មិនមែន​ឃុំខ្លួន​របស់​តុលាការ​។ ទី​ ៣ ការដោះស្រាយ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​អំពើ​ទារុណកម្ម​ និង​សិទ្ធិ​អ្នក​ជាប់ឃុំ​។ ទី​ ៤ កម្មវិធី​ជំនួយ​ផ្នែក​ច្បាប់ និង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ តាមរយៈ​សន្ធានកម្ម និង ទី​ ៥ លម្ហ​ប្រជាធិបតេយ្យ សេរីភាព និង​នយោបាយ​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​វិធានការ​ច្បាប់​លើ​សកម្មជន​ និង​អ្នកនយោបាយ​មួយ​ចំនួន​។

លោក​ថ្លែងថា​៖ «​ការជជែក​គ្នា​លើ​របៀបវារៈ​ទាំងអស់នេះ គឺ​ស្ថិតនៅ​ក្នុងន័យ​ស្ថាបនា ក្នុងនាម​ជា​មិត្ដភក្ដិ ហើយ​អ្វីដែល​គាត់​ផ្ដល់ឱ្យ​នោះ​គឺ​ក្នុងនាម​ជា​អ្នក​ស្រាវជ្រាវ ឬក៏​ជា​អ្នកជំនាញការ​។ ក៏ប៉ុន្ដែ​គ្រាន់តែ​យើង​មាន​ទស្សនៈ​មួយចំនួន ដូចគ្នា​នឹង​មួយចំនួន ក៏​មិន​ដូចគ្នា​ដែរ ពាក់ព័ន្ធ​ទៅនឹង​ស្ថានភាព​ប្រជាធិបតេយ្យ លម្ហ​សិទ្ធិសេរីភាព​ប្រជាធិបតេយ្យ និង​ការ​អនុវត្ដ​ច្បាប់​»​។

លោក​បញ្ជក់​ថា​៖ «​ពេលខ្លះ​គាត់​បាន​ទទួល​ព័ត៌មាន​ដែល​ខុសពី​អ្វីដែល​ពិតប្រាកដ​ជាក់ស្ដែង​នៅ​កម្ពុជា ដូច្នេះ​យើង​បានផ្ដល់​ទៅឱ្យ​គាត់​វិញ​នូវ​ព័ត៌មាន​ពិត​គួបផ្សំ​ជាមួយ​វិធានការ​ច្បាប់ ទិដ្ឋភាព​ច្បាប់​ដែល​កម្ពុជា​មាន​»​។

លោក​បានលើកឡើង​នូវ​ឧទាហរណ៍​ក្នុងជំនួប​នេះ ដែល​អ្នករាយការណ៍​ពិសេស​លើកឡើង​មានដូចជា​ទាក់ទង​នឹង​សំណុំរឿង​ ឬក៏​វិធានការ​ច្បាប់​ទៅលើ​សកម្មជន​មួយចំនួន ឬក៏​ទៅលើ​អ្នកនយោបាយ គាត់​ថា អាហ្នឹង​វា​ជាការ​រឹតត្បិត​សិទ្ធិ សេរីភាព ឬក៏​ការ​ធ្វើទុក្ខបុកម្នេញ​។ ក៏ប៉ុន្ដែ​កម្ពុជា​មិន​យល់​បែបនេះ​ទេ ការយល់ឃើញ​នេះ​ដោយសារ​តែ​ការវាយតម្លៃ​របស់​អ្នករាយការណ៍​ពិសេស​ ឬក៏​សង្គម​ស៊ីវិល​មួយចំនួន គឺ​វាយតម្លៃ​ទៅលើ​រូបភាព​។

លោក​បាន​ឱ្យដឹង​ទៀតថា អ្នករាយការណ៍​ពិសេស​ចាត់ទុកថា ឱ្យតែ​អនុវត្ត​ច្បាប់​ទៅលើ​ក្រុម​គោលដៅ​ដែលជា​សកម្មជន​ ឬមួយ​ក៏​ជា​អ្នកនយោបាយ​ថា ករណី​នោះ ជា​ការបំពាន​សិទ្ធិសេរីភាព ឬក៏​ជាការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​សិទ្ធិ​នយោបាយ​។ ប៉ុន្តែ​សម្រាប់​កម្ពុជា​បាន​ពន្យល់​ប្រាប់​ហើយ​ថា មិន​សំខាន់​ថា អ្នកនោះ​ជា​នរណា អ្នកនោះ​ធ្វើ​អ្វី​ជា​អ្នកនយោបាយ ឬក៏​សកម្មជន​ទេ គឺ​កម្ពុជា​អនុវត្ដ​ដោយ​ផ្អែកទៅលើ​ទិដ្ឋភាព​ច្បាប់​។ រាល់​សកម្មភាព​របស់​អ្នក​ដែល​បង្ក​នូវ​ភាពចលាចល​ហើយ​មាន​ភ័ស្ថុតាង​ជា​មូលដ្ឋាន​ផ្លូវច្បាប់​រឹងមាំ​ដែល​បញ្ជាក់ថា ជា​បទល្មើស នោះ​នឹង​មានការ​ចោទប្រកាន់​ ឬ​ដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ​។

លោក ជិន ម៉ាលីន បញ្ជាក់ទៀត​ថា​៖ «​យើង​ក៏បាន​បញ្ជាក់​ពី​អង្គហេតុ អង្គច្បាប់ មូលដ្ឋាន​ដែលនាំឱ្យ​មានការ​ចោទប្រកាន់​ទៅលើ​សំណុំរឿង​នីមួយៗ ដែល​គាត់​បានលើកឡើង ដែល​ជួនកាល​គាត់​ទទួល​ព័ត៌មាន​ខុសពី​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​និន្នាការ​ប្រឆាំង​ ឬ​ក្រុមប្រឆាំង​នាពេល​កន្លងមក​»​។

លោក​ថ្លែងថា​៖ «​យើង​បាន​បញ្ជាក់ប្រាប់​គាត់​ទៅលើ​អង្គហេតុ​វា​យ៉ាងម៉េច អង្គច្បាប់​វា​យ៉ាងម៉េច ហើយ​ហេតុអ្វី​ទើបបាន​នាំឱ្យមាន​ការចោទប្រកាន់ ហើយ​ដំណាក់កាល​នីតិវិធីតុលាការ​វា​យ៉ាងដូចម្ដេច​ដែរ​? យើង​បានធ្វើការ​ផ្លាស់ប្ដូរ​យោបល់​គ្នា​យើង​បាន​បញ្ជូន​ទៅឱ្យ​គាត់​នូវ​អ្វី​ដែលជា​ព័ត៌មាន​ពិត និង​បង្ហាញ​អំពី​អ្វី​ដែលជា​ទិដ្ឋភាព​ច្បាប់ វិធានការ​ច្បាប់​និង​នីតិវិធី​ច្បាប់​របស់​កម្ពុជា​»​។

លោក​ ជិន ម៉ាលីន បញ្ជាក់ថា លម្ហ​ប្រជាធិបតេយ្យ និង​សេរីភាព​នៅ​កម្ពុជា​គ្មាន​ការរឹតត្បិត​ ឬក៏​រួម​តូច​អី​ទេ គឺ​បាន​បើកទូលាយ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​ទាំងអស់​។ ក៏ប៉ុន្ដែ​មាន​ករណី​រួម​តូច សម្រាប់តែ​មនុស្ស​មួយ​ក្ដាប់​តូច​ ដែល​ធ្វើ​សកម្មភាព​បំពាន​ច្បាប់ ក្រោម​របៀបវារៈ​កម្មវិធី​នយោបាយ ដែលមាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ ហើយ​សមត្ថកិច្ច​មាន​វត្ថុតាង​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ថា ជា​សកម្មភាព​ល្មើស​ត្រូវ​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​។ ក្រុម​សកម្មជន​ទាំងនោះ​វិញ​ទេ ដែល​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​ក្នុងការ​ការពារ​ខ្លួន ចូលរួម​ដំណើរការ​ក្នុង​នីតិវិធី​តុលាការ ក្រៅ​តែ​ប្រើ​វិធានការ ឬក៏​យុទ្ធនាការ​ផ្នែក​នយោបាយ​ក្នុងការ​ចោទប្រកាន់​តុលាការ​ទៅវិញ​។ លោក​ថ្លែងថា​៖ «​តាមរយៈ​ការជួបពិភាក្សា​នេះ ជាទូទៅ អ្នករាយការណ៍​ពិសេស​ហាក់ដូចជា​ទទួលយក និង​ចំណុច​ខ្លះទៀត ក៏​នៅតែ​មិន​យល់ស្រប​ជាមួយគ្នា​។ ក៏ប៉ុន្ដែ​ជំនួប​នេះ​ជាការ​សន្ទនា​ក្នុងន័យ​ស្ថាបនា​ប៉ុណ្ណោះ​»​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចន្ទរឿន ចាត់ទុក​ជំនួប​រវាង​តំណាង​ក្រសួង​យុត្តិធម៌ និង​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា ជា​ការល្អប្រសើរ​ដែល​តាមរយៈ​ជំនួប​នេះ អាចជា​ឱកាស​មួយ​ធ្វើឱ្យ​ភាគី​ទាំង​ ២ ​បាន​ស្វែងយល់​ពីគ្នា​ឱ្យបាន​ច្បាស់ ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​សេរីភាព​នៅ​មូលដ្ឋាន សេរីភាព​ផ្នែក​នយោបាយ និង​លម្ហ សម្រាប់​អង្គការ សង្គម​ស៊ីវិល ដែល​កំពុងតែ​រង​នូវ​ការគំរាមកំហែង និង​រឹតត្បិត​។

លោក​ថ្លែងថា​៖ «​វា​ជា​រឿង​ធម្មតា​ទេ ដែល​ជំនួប​ពិភាក្សា​នេះ មាន​រឿង​ខ្លះ មាន​ការ​យល់ស្រប និង​រឿង​ខ្លះ មាន​ការយល់ឃើញ​ខុសគ្នា​។ ប៉ុន្ដែ​អ្វី​ដែលជា​រឿង​សំខាន់​នោះ គឺ​ការជួបគ្នា​ក៏​ជា​ឱកាស​មួយ ដើម្បី​ឱ្យ​អ្នកតំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​បាន​យល់​បន្ថែមទៀត អំពី​ជំហរ​របស់​រដ្ឋាភិបាល និង​យល់ដឹង​បន្ថែម អំពី​អ្វីដែល​រដ្ឋាភិបាល​បាន​ធ្វើ និង​អ្វីដែល​រដ្ឋាភិបាល​នឹង​ដោះស្រាយ​លើ​បញ្ហា​ការរំលោភបំពាន​សិទ្ធិមនុស្ស និង​ការ​រឹតត្បិត​ផ្នែក​លម្ហ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​គណបក្សនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​»៕