ភ្នំពេញៈ កម្ពុជា និងប៉ាគីស្ថាន កាលពីម្សិលមិញបានព្រមព្រៀងគ្នា បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ក្រោយពីមានការផ្លាស់ប្ដូរឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានទទួលជួបឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មីប្រចាំកម្ពុជា លោក Zaheeruddin Babar Thaheem ដោយផ្ទាល់នៅឯវិមានសន្តិភាព រាជធានីភ្នំពេញ និងបានពិភាក្សាគ្នា ក្នុងការជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ ឱ្យឈានដល់កម្រិតថ្មីមួយទៀត។
យោងតាមហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា៖ «ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោផងដែរថា ប្រទេសប៉ាគីស្ថាន ចាត់ទុកប្រទេសកម្ពុជាជាដៃគូសំខាន់។ ក្នុងន័យនេះ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា បេសកកម្មការទូតរបស់ឯកឧត្តមមកកាន់កម្ពុជានេះនឹងបន្តសកម្មភាពដែលមានស្រាប់ផងនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុងទិសដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យឈានដល់កម្រិតថ្មីមួយទៀត»។
ហ្វេសប៊ុកដដែលនេះបានឱ្យដឹងថា លោក ហ៊ុន សែន បានស្នើដល់ លោក Thaheem ពិនិត្យមើលសក្តានុពលផ្សេងៗដែលប្រទេសទាំង ២ អាចធ្វើបាន ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលមានសារៈសំខាន់សម្រាប់បំពេញឱ្យគ្នាទៅវិញទៅមក។ លោកលើកទឹកចិត្តដល់ឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មីរូបនេះចូលរួមចំណែកពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ដែលមានទំនាក់ទំនងដែលអាចចាត់ទុកថា ជាវ័យចំណាស់មួយរហូតដល់ ៧០ ឆ្នាំហើយក្នុងឆ្នាំនេះ។ បើតាមហ្វេសប៊ុកដដែល លោក Thaheem បានប្រាប់លោក ហ៊ុន សែន ថា រយៈពេលជាង ១ ខែកន្លងមកនេះ លោកសង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ ស្រស់ស្អាតជាមួយនឹងប្រជាជន ដែលមានភាពរួសរាយរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ។
លោក ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរចំពោះ លោក Thaheem ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅកម្ពុជានាពេលនេះ។
លោក ហ៊ុន សែន ប្រាប់លោក Thaheem ក្នុងក្របខ័ណ្ឌអាស៊ាន អ្វីដែលកម្ពុជាចង់បានក្នុងនាមជាប្រធានអាស៊ាន គឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញ ក្នុងគ្រាដែលកំពុងរៀនរស់នៅជាមួយនឹងវិបត្តិកូវីដ ១៩។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយបានស្នើដល់រដ្ឋាភិបាលប៉ាគីស្ថានបន្តផ្ដល់អាហារូបករណ៍ជាបន្តទៀតដល់ប្រទេសកម្ពុជា»។
យោងតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅក្នុងឆ្នាំនេះ ក្នុងគោលបំណងលើកស្ទួយថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំង ២។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកពីបំណងចង់បើកស្ថានទូតកម្ពុជាប្រចាំនៅប៉ាគីស្ថាននាពេលអនាគតហើយបានពិភាក្សាជាមួយលោក Thaheem កាលពីប្រមាណ ២ សប្តាហ៍មុនអំពីលទ្ធភាពនៃការផ្លាស់ប្តូរ ការសម្របសម្រួលរវាងប្រទេសទាំង ២ សម្រាប់គោលដៅបើកស្ថានទូតនេះ។
លោក Thaheem បានសរសេរនៅលើ Twitter បន្ទាប់ពីកិច្ចប្រជុំជាមួយលោក ប្រាក់ សុខុន ថា៖ «វាគឺជាការពិភាក្សា វិជ្ជមានមួយជុំវិញការធ្វើការឆ្ពោះទៅរកគោលដៅរួមនៃការពង្រឹងទំនាក់ទំនងរវាងប្រទេសរបស់យើង»។
បន្ទាប់ពីថ្វាយសារតាំងជូនចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីខែកុម្ភៈ លោក Thaheem បានសរសេរនៅលើ Twitter ថា លោកទន្ទឹងរង់ចាំធ្វើការឆ្ពោះទៅរកការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា- ប៉ាគីស្ថានដ៏រឹងមាំ។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ២២ ខែមីនាថា ក្នុងគោលនយោបាយការទូតសេដ្ឋកិច្ច កម្ពុជាព្យាយាមធ្វើពិពិធកម្មសេដ្ឋកិច្ចនៅក្មុងទំនាក់ទំនងជាមួយប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះការរក្សា «មិត្តចាស់» និងពង្រីក «មិត្តថ្មី»។
លោកថ្លែងថា៖ «ក្នុងន័យនេះ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប៉ាគីស្ថាននឹងផ្តល់ផលប្រយោជន៍សម្រាប់ភាគីទាំង ២ លើផ្នែកសេដ្ឋកិច្ច»៕