បន្ទាយមានជ័យៈ អាជ្ញាធរខេត្តបន្ទាយមានជ័យបានសម្រេចបិទបញ្ចប់រាល់សកម្មកាយដីភ្នំទាំងអស់នៅក្នុងខេត្តនេះ ដើម្បីរក្សាទុកជាតំបន់បេតិកភណ្ឌធម្មជាតិ។
លោក វឹក វ៉ាន់ថា អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២១ មីនាថា កាលពីថ្ងៃទី ១៩ ខែមីនាក្រុមការងាររបស់លោកបានសហការជាមួយក្រុមកម្លាំងឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ ចុះបិទបញ្ចប់សកម្មភាពអាជីវកម្មជីកកាយដីភ្នំមួយកន្លែងរបស់ឈ្មោះ ចាំង ហ្គេចភាវ ដែលមានទីតាំងស្ថិតនៅក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោកបញ្ជាក់ថា៖ «ភ្នំបាក់ មានទំហំ ៣៦ ហិកតា គឺជាកូនភ្នំមួយក្នុងចំណោមកូនភ្នំចំនួន ៥ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមិនអាចប៉ះពាល់បាន។ ដូច្នេះរាល់សកម្មភាពជីកកាយដីភ្នំទាំងអស់ដែលស្ថិតក្នុងតំបន់បេតិកភណ្ឌធម្មជាតិ ត្រូវតែហាមឃាត់ជាដាច់ខាត»។
សកម្មភាពរបស់សមត្ថកិច្ចជំនាញក្នុងការចុះបិទបញ្ចប់ អាជីវកម្មកាយដីភ្នំរបស់បុគ្គល ចាំង ហ្គេចភាវ ត្រូវបានប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ស្វាគមន៍ គាំទ្រជាខ្លាំង។
លោក អ៊ូ ម៉ៅ អាយុ ៥២ ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កូនភ្នំជាច្រើនក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដូចជាភ្នំបាក់ ភ្នំជញ្ជាំង ភ្នំដូងព្រះ ភ្នំស្វាយ និងភ្នំកងវ៉ា ត្រូវបានគេជីកកាយយកអាចម៍ដីលក់យ៉ាងអនាធិបតេយ្យ ស្ទើររាបស្មើដីធម្មតាទៅហើយ។
លោកបាននិយាយថា៖ «នៅភ្នំបាក់នេះ គេបានជីកកាយយកអាចម៍ដីស្ទើរអស់ ១ ចំហៀងភ្នំទៅហើយ។ ក្រុមឈ្មួញរកស៊ីកាយដីភ្នំនេះ មិនញញើតកោតក្រែងអាជ្ញាធរមូលដ្ឋានភូមិឃុំឡើយ ដោយពួកគេយកលេសថា ជីកដីភ្នំបាក់ហ្នឹងយកទៅធ្វើផ្លូវ និងយកទៅបំពេញទីធ្លាក្នុងគ្រឹះស្ថានឧត្តមសិក្សាមួយនៅក្នុងខេត្ត»។
បើតាមលោក ម៉ៅ សកម្មភាពកាយដីភ្នំបាក់នេះបានធ្វើឡើងតាំងពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ មកម្ល៉េះ ប៉ុន្តែមកដល់ថ្ងៃទី ១៧ ខែមីនា ឃើញមានក្រុមសមត្ថកិច្ច ១ ក្រុម បានចុះទៅពិនិត្យ និងហាមឃាត់មិនឱ្យមានការជីកកាយដីភ្នំនេះតទៅទៀត។ ប៉ុន្តែឈ្មួញជីកកាយអាចម៍ដីនោះ នៅតែបន្តលួចជីកកាយ និងដឹកជញ្ជូនយកទៅលក់ឱ្យប្រជាពលរដ្ឋមួយចំនួននៅក្នុងក្រុងសិរីសោភ័ណ។ ដោយពិនិត្យឃើញមានភាពមិនសមមូលទៅនឹងគម្រោងស្ថាបនាផ្លូវ និងចាក់បំពេញទីធ្លានៃគ្រឹះស្ថានឧត្តមសិក្សាទើបនៅថ្ងៃទី ១៩ ក្រុមមន្ត្រីជំនាញបានចុះមកបិទបញ្ចប់សកម្មភាពរបស់ក្រុមឈ្មួញអាជីវកម្មជីកកាយដីភ្នំ ឈ្មោះ ចាំង ហ្គេចភាវ នោះតែម្ដងទៅ។ លោកបានបន្តថា៖ «ខ្ញុំរីករាយណាស់ នៅពេលឃើញអាជ្ញាធរជំនាញចុះមកហាមឃាត់ និងបិទអាជីវកម្មកាយដីភ្នំនេះ ដើម្បីប្រែក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិ»។
ជុំវិញករណីនេះ អ្នកបើកបរអេស្កាវ៉ាទ័រម្នាក់ ដែលបម្រើការឱ្យក្រុមហ៊ុនរបស់លោក ចាំង ហ្គេចភាវ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កាលដែលក្រុមហ៊ុនរបស់លោកហ៊ានជីកកាយដីនៅភ្នំបាក់ ជាប់នឹងទីឈាបនដ្ឋាន បញ្ចុះសពអ្នកជំងឺកូវីដ ១៩ ខេត្តបន្ទាយមានជ័យនោះ ក៏មកពីមន្ត្រីថ្នាក់ដឹកនាំក្នុងខេត្តបានស្នើឱ្យក្រុមហ៊ុនលោកជួយកាយ និងជីកដីមកស្ថាបនាផ្លូវប្រវែង ២ ០០០ ម៉ែត្រ និងចាក់បំពេញទីធ្លាគ្រឹះស្ថានឧត្តមសិក្សាមួយក្នុងទីរួមខេត្តបន្ទាយមានជ័យ ដែលរងការជន់លិចរៀងរាល់ឆ្នាំនៅពេលរដូវវស្សាមកដល់។ ប្រភពដដែលបញ្ជាក់ថា៖ «មិនមែនក្រុមហ៊ុនយើងខ្ញុំហ៊ានទៅជីកកាយដីភ្នំនោះ ដោយចិត្តឯង ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចជំនាញពាក់ព័ន្ធនោះឡើយ»។
យ៉ាងណាក៏ដោយ លោក វ៉ាន់ថា បាននិយាយថា ការបិទបញ្ចប់សកម្មភាពជីកកាយដីភ្នំនេះ មិនមែនធ្វើឡើងតែនៅតំបន់ភ្នំបាក់ក្នុងក្រុងសិរីសោភ័ណនេះទេគឺធ្វើនៅគ្រប់ទីតាំងភ្នំទាំងអស់ ដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
បើតាមលោក វ៉ាន់ ថា ខេត្តបន្ទាយមានជ័យមានភ្នំចំនួន ៩ កន្លែង ដែលត្រូវបានរៀបចំបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិដែលតម្រូវឱ្យមានការចុះពិនិត្យផ្ទៀងផ្ទាត់កំណត់ព្រំប្រទល់តំបន់មានសក្តានុពលធនធានធម្មជាតិដ៏សម្បូរបែប ទាំងផ្នែកវប្បធម៌ប្រពៃណី ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រ។ ទីតាំងភ្នំដ៏មានសក្ដានុពលទាំង ៩ កន្លែងនោះ រួមមាន ភ្នំកងវ៉ា ក្នុងក្រុងសិរីសោភ័ណ ភ្នំតូច និងភ្នំបន្ទាយនាង ក្នុងស្រុកមង្គលបុរី ភ្នំជ្រាប់ និងភ្នំស្រះក្នុងស្រុកព្រះនេត្រព្រះ ភ្នំកំពូលបី ភ្នំវែង ភ្នំម៉ាឡៃ និងភ្នំទឹកចេញក្នុងស្រុកម៉ាឡៃ៕