កណ្តាលៈ ផ្លូវជាតិលេខ ២១ ប្រវែងជិត ៦៤ គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅរហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីគម្រោងសាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវជាតិលេខ ២១ នេះបានសាងសង់ដោយបានចំណាយថវិកាសរុបជិត ៦១ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
លោកមានប្រសាសន៍ថា៖ «ផ្លូវជាតិលេខ ២១ នេះមានសារៈសំខាន់ជាច្រើន ដោយផ្លូវនេះជាខ្សែយុទ្ធសាស្ត្រតភ្ជាប់រាជធានីភ្នំពេញជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ ២ ផ្លូវក្រវាត់ក្រុងទី ២ ផ្លូវក្រវាត់ក្រុងទី ៣ ផ្លូវជាតិលេខ ២១A និងផ្លូវជាតិលេខ ២១B ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន ៣ គឺ ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)»។
ផ្លូវនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស ទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។
លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានសាទរចំពោះសមិទ្ធផលផ្លូវជាតិលេខ ២១ នាពេលនេះផងដែរ ដែលផ្លូវនេះបានកើតចេញពីចំណងមិត្តភាព កម្ពុជា-កូរ៉េ។ លោកថ្លែងថា៖ «តាមរយៈផ្លូវនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសការដឹកទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន»។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ ២១ ត្រូវបានសាងសង់ជា ២ ដំណាក់កាលគឺ ដំណាក់កាលទី ១ កំណាត់ផ្លូវប្រវែង ៥៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅទៅដល់ឃុំព្រែកស្តីស្រុកកោះធំ (គីឡូម៉ែត្រលេខ ៥៥) និងដំណាក់កាលទី ២ គឺកំណាត់ផ្លូវប្រវែង ៨,៦ គីឡូម៉ែត្រ ចាប់ពីឃុំព្រែកស្តី (គីឡូម៉ែត្រលេខ ៥៥) ទៅដល់ស្ពានជ្រៃធំ (គីឡូម៉ែត្រលេខ ៦៣+៦)។
ក្នុងពេលថ្លែងប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ២១ នេះ លោក ហ៊ុន សែន លើកឡើងបញ្ជាក់ពីការសាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្រផងដែរ ដោយលោកថាកូរ៉េខាងត្បូងបានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពាននេះរួចហើយ។
បើតាមលោក ហ៊ុន សែន ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រនេះបានសម្រេចសាងស្ពាន ២ កន្លែងដោយទី ១ យកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី (សួនច្បារផ្សារចាស់) ឆ្លងកាត់ទន្លេសាបភ្ជាប់ទៅជ្រោយចង្វារទើបបន្តពីជ្រោយចង្វារទៅកាន់តំបន់អរិយក្សត្រ ដែលមានស្ពានចំនួន២ ដែលនឹងជួយដោះស្រាយការស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារ។
លោកបញ្ជាក់ថា៖ «យើងធ្វើស្ពាននេះដោយមិនមានសសរទេ គឺប្រើដែកខ្សែកាបខ្ពស់ ដើម្បីសម្រួលចរាចរណ៍តាមផ្លូវទឹក។ ខ្ញុំបញ្ជាក់ជាមួយប្រធានាធិបតីកូរ៉េ មូន ជេអ៊ីន និងប្រធានសភាសព្វថ្ងៃឱ្យគាំទ្រស្ពាននេះផង»។
បើស្ពានប្រភេទនេះ កើតឡើងនៅទឹកដីកម្ពុជា វានឹងកា្លយជារបស់មួយដែលទាក់ទាញទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ព្រោះជាស្ពានទំនើប ដោយឆ្លងទន្លេអត់មានសសរ។ នេះហើយជាផលប្រយោជន៍នៃការដាក់ចំណងទាក់ទងការទូតរបស់កម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលនាយករដ្ឋមន្ត្រីកម្ពុជាត្រូវតែពុះពារធ្វើឱ្យខាងតែបាន។ នេះបើតាមលើកឡើងរបស់លោក ហ៊ុន សែន។ លោកក៏បានបន្តថា៖ «ខ្ញុំកំពុងតែមានក្តីស្រមៃថា ខ្ញុំនឹងដើរលើ និងជិះលើស្ពានមិត្តភាពកម្ពុជា-កូរ៉េដែលតភ្ជាប់ពីផ្សាររាត្រីទៅជ្រោយចង្វារ និងចេញពីជ្រោយចង្វារទៅអរិយក្សត្រ ដោយស្ពានខ្សែកាបយោងខ្ពស់ មិនមានសសរដោយសារយើងក៏ត្រូវការធ្វើពិធីបុណ្យអុំទូក ត្រូវការប្រណាំងទូកផងដែរនៅពេលដែលស្ថានភាពនៃការឆ្លងកូវីដមានការធូរស្បើយច្រើន»។
គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនេះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៣ ខាងមុខ៕