ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ត្រៀម​ប្រើ​ឧទ្ធម្ភាគចក្រ កងទ័ពជើងទឹក​កម្ចាត់​ក្រុម​ឈ្មួញ​ទុច្ចរិត ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ បំផ្លាញ​ត្រី​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ឱ្យអស់ ដោយ​ចាប់​ក្រុម​ប្រព្រឹត្ត​បទល្មើស​ជលផល​ខ្នាត​ធំ​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ដើម្បី​ធានា​ឱ្យបាន​នូវ​និរន្តរភាព​ធនធាន​ជលផល​នៅ​កម្ពុជា​។

បទបញ្ជា​នេះ​ត្រូវបាន​ដាក់ចេញ​នៅ​ល្ងាច​ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ​ ២០២២ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​ ២០២២ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​ឱកាស​នោះ​ថា បទល្មើស​ជលផល ដែល​រដ្ឋបាល​ជលផល​បង្ក្រាបបាន​នាពេល​កន្លងមក​គឺ​បង្ក្រាប​បានតែ​ប្រជានេសាទ​ដែល​ចែវទូក ឬ កាណូត​ដែល​ប្រើ​ម៉ាស៊ីន​កូលែរ​តូចៗ​រាយ​មង​ ២-៣​ ត្បូង​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​ឈ្មួញ​ទុច្ចរិត​ដែល​ប្រើ​កាណូត​ម៉ាស៊ីន​ធំៗ​មិនទាន់​ឃើញ​បង្ក្រាបបាន​នៅឡើយ​ទេ​។ ចំណែក​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ក៏​ដូចគ្នា​ដែរ គឺ​បង្ក្រាប​បានតែ​អ្នក​កាប់​អុស រីឯ​ឈ្មួញ​ទុច្ចរិត​រកស៊ី​កាប់​ឈើ​ធំៗ​នៅ​មិនទាន់​ឃើញ​ចាប់បាន​នៅឡើយ​ដែរ​។ លោក​បាន​ចោទ​សួរថា​៖ «​តើ​បង្ក្រាប​ក្រុម​ឈ្មួញ​ទុច្ចរិត​មិនបាន​ ឬ​មកពី​មន្ត្រី​យើង​ស៊ីសំណូក​គេ​?»​។

លោក​បាន​បន្តថា មាន​មន្ត្រី​ខ្លះ​រាយការណ៍​ថា មាន​ករណី​ចុះបង្ក្រាប​ខ្លះ​ត្រូវបាន​បែកការណ៍​ហើយ​ក្រុម​ប្រព្រឹត្ត​បទល្មើស​ដែល​វាយ​រហ័ស ដក​រហ័ស បានដឹងខ្លួន​ជាមុន បាន​បើកកាណូត​រត់គេចខ្លួន​អស់ ព្រោះ​កាណូត​របស់​ពួកគេ​លឿន​ពេក តាម​មិនទាន់​។

លោក​ ហ៊ុន សែន បានដាក់​បញ្ជា​ឱ្យ​កម្ចាត់​ក្រុម​ឈ្មួញ​ទុច្ចរិត ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ បំផ្លាញ​ត្រី​លើ​ផ្ទៃ​បឹង​ទន្លេសាប​ឱ្យអស់ ព្រោះ​ពួកគេ​មិនមែនជា​ប្រជាជន​ក្រីក្រ​នោះទេ​។ ម្យ៉ាងទៀត​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​ការបង្ក្រាប​បទល្មើស ដើម្បី​ការពារ​ធនធាន​ជលផល​ក្នុង​បឹង​ទន្លេសាប​ឱ្យមាន​និរន្តរភាព​យូរអង្វែង​របស់​ប្រជាជន មន្ត្រី និង​កងកម្លាំង​ត្រូវបាន​កប់​លុប​ដោយ​ក្រុម​ឈ្មួញ​ទុច្ចរិត ដែល​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ​។

លោក​បញ្ជាក់ថា​៖ «​តើ​កាណូត​របស់​ក្រុម​ឈ្មួញ​ទុច្ចរិត​ទាំងនោះ វា​លឿន​ប៉ុនណា​ទៅ​? ខ្ញុំ​បញ្ជា​ឱ្យ​ត្រៀម​ឧទ្ធម្ភាគចក្រ កងទ័ពជើងទឹក ដើម្បី​ចុះបង្ក្រាប​ចាប់​ពួក​ហ្នឹង យកមក​ញាត់​គុក​ឱ្យអស់​។ កុំ​បាច់​មាន​គោលនយោបាយ​ជាមួយ​ពួក​ប្រព្រឹត្ត​បទល្មើស​»​។ លោក​បាន​បន្ថែមថា​៖ «​រឿង​សំខាន់​ថា តើ​អស់លោក​ធ្វើបាន​ ឬ​មិនបាន​? បើ​បង្ក្រាប​ពួក​ប្រព្រឹត្ត​បទល្មើស​នេសាទ​មិនបាន មិនបាច់​ធ្វើ​អភិបាល​ខេត្ត ធ្វើ​រដ្ឋមន្ត្រី និង​ធ្វើ​មេ​នគរបាល មេ​យោធា​នោះទេ​»​។

ដោយ​ភ្ជាប់​ជាមួយ​បទបញ្ជា​បង្ក្រាប​បទល្មើស​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរខេត្ត ជុំវិញ​បឹង​ទន្លេសាប ធ្វើការ​រៀបចំ​ដាំ​កូនឈើ​លើ​ផ្ទៃដី​ជាង​ ៦ ​ម៉ឺន​ហិកតា ដែល​ប្រជាពលរដ្ឋ​បាន​ប្រគល់​មកវិញ​នោះ​ឡើងវិញ និង​ធ្វើ​ការថែទាំ​ជាប្រចាំ ធ្វើ​យ៉ាងណា ហាមផ្តាច់​មិនឱ្យ​មាន​សកម្មភាព​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​កើត​ឡើងវិញ​ ដើម្បី​ឱ្យ​កូនឈើ​ទាំងនោះ​ធំ​លូតលាស់ ក្លាយជា​ព្រៃ​លិច​ទឹក សម្រាប់​ជា​ទីជម្រក​មច្ឆជាតិ​ក្នុងអំឡុងពេល​ ៣​ ឆ្នាំ​ខាងមុខ​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ដែល​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការកាប់​រុករាន​ដីព្រៃ​លិច​ទឹក និង​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប កាលពីពេល​ថ្មីៗ​នេះ ដែល​លោក​ថា វា​ដល់​ដំណាក់កាល​ដែល​ត្រូវ​ប្រកាសអាសន្ន​នោះបាន​ថ្លែងថា បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​នេះ គឺមាន​ច្រើន​ប្រភេទ​។

លោក​បាន​ថ្លែងប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​តាមរយៈ​បទសម្ភាសន៍​​ថា​៖ «​វា​សឹងតែ​ការនេសាទ​នៅ​បឹង​ទន្លេសាប គឺ​ល្មើស​ទាំងអស់​ទាំង​អ្នកនេសាទ​ក្នុងស្រុក និង​អ្នកនេសាទ​មកពី​ក្រៅ​ស្រុក​ (​ជនជាតិ​វៀតណាម​) គឺ​ល្មើស​ទាំងអស់ គ្រាន់តែ​បទល្មើស​នោះ មាន​ខ្លះ​ធ្ងន់ ខ្លះ​ស្រាល ទៅតាម​ឧបករណ៍​នេសាទ​របស់​ពួកគេ​»​។

លោក​បន្តថា​៖ «​ចំណុច​នេះ យើង​កុំ​បន្ទោស​ជលផល គឺ​យើង​ត្រូវ​ដឹង​ទាំងអស់​គ្នា​ថា ពីមុន អំណាច​បានផ្ដល់​វិមជ្ឈការ​ទៅ​ថ្នាក់ក្រោម​ជាតិ អ៊ីចឹង ខេត្ដ​គឺជា​អំណាច​ធំ​ណាស់​។ ខ្ញុំ​ចង់ឃើញ​លោក​អភិបាលខេត្ដ ខ្ញុំ​មិនដឹង​ខេត្ដ​ណា ខ្ញុំ​អត់​និយាយ​ទេ ប៉ុន្ដែ​បើ​និយាយ​ពី​បឹង​ទន្លេសាប​នេះ បើ​ធ្វើ​កន្លែង​ហ្នឹង​មិនកើត​សូម​លាលែង​ទៅ មិនមែន​ដូរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​អ៊ីចឹង​ទេ​។ អត់​ចេះ​ខ្មាសអៀន​សោះ​»​។

លោក​ សុខ ទូច ​បាន​លើកឡើងថា ដើម្បី​អភិវឌ្ឍ​ធនធាន​ត្រី​នៅ​បឹង​ទន្លេសាប ដែលមាន​ផ្ទៃដី​រហូត​ទៅដល់ ៦៤ ម៉ឺន​ហិកតា​ឱ្យបាន​គង់វង្ស តកូនតចៅ គឺ​ត្រូវមាន​ការចូលរួម​អភិរក្ស​ទាំងអស់​គ្នា ដោយ​ត្រូវ​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ពី​តម្លៃ​នៃ​ការអភិរក្ស​ធនធាន​ត្រី​ឱ្យបាន​គង់វង្ស ដោយ​ត្រូវ​ហាម​ដាច់ខាត​ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​។ លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​ពន្យល់​ប្រជាជន​ឱ្យ​ពួកគាត់​យល់ នេះ​ជា​ចំណុច​ទី​ ១ ចំណែក​ទី​ ២ គឺ​ការ​អនុវត្ដ​ច្បាប់ ក្រោយពី​ការពន្យល់​រួចហើយ​គឺ​យើង​ត្រូវ​អនុវត្ដ​ច្បាប់​»៕

វីដេអូ៖