ភ្នំពេញៈ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៣ ក្រោមការឧបត្ថម្ភរបស់ក្រសួងពាណិជ្ជកម្មក្នុងគោលបំណងជំរុញការដោះស្រាយវិវាទពាណិជ្ជកម្មតាមរយៈការផ្សះផ្សា ការបង្កើតរចនាសម្ព័ន្ធ វិធានចាំបាច់ សម្រាប់គ្រប់គ្រងរឿងមជ្ឈត្ដការនៅកម្ពុជា និងធានាឱ្យមជ្ឈត្ដការនៅកម្ពុជាមានគុណភាពខ្ពស់។
ថ្ងៃនេះ ភ្នំពេញប៉ុស្ដិ៍បានជួបសម្ភាសផ្ទាល់ជាមួយលោក ប៊ុន យូឌី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មអំពីសារៈសំខាន់នៃមជ្ឈត្ដការនៅកម្ពុជារួមនឹងសមិទ្ធផលការងារ ដំណើរការ និងបញ្ហាប្រឈមផ្សេងទៀតក្នុងអាណត្ដិលោកធ្វើជាប្រធានរយៈពេល ៣ ឆ្នាំ (២០១៩-២០២២) ដែលមានខ្លឹមសារដូចខាងក្រោម៖
ហេតុអ្វីបានជាមជ្ឈត្តការមានភាពទាក់ទាញសម្រាប់ពាណិជ្ជករ និងវិនិយោគិន?
មជ្ឈត្តការ គឺជាទម្រង់មួយនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការដោះស្រាយវិវាទពាណិជ្ជកម្ម។ មជ្ឈត្តការផ្តល់ជូនអ្នកប្រើប្រាស់នូវស្វ័យភាព និងភាពបត់បែនជាច្រើនរួមមានលទ្ធភាពក្នុងការកំណត់នូវលក្ខណៈនៃនីតិវិធីដែលត្រូវធ្វើឡើង ឬការតែងតាំងមជ្ឈត្តករ។ រាល់ដំណើរការមជ្ឈត្តការទាំងអស់គឺធ្វើឡើងជាការសម្ងាត់ហើយដែលនេះគឺជាកត្តាសំខាន់សម្រាប់គូភាគីវិវាទ។ ភាពមានអានុភាពចងកាតព្វកិច្ចនៃមជ្ឈត្តវិនិច្ឆ័យធ្វើឱ្យដំណើរការមជ្ឈត្តការត្រូវបានគេមើលឃើញជាទូទៅថា មានភាពឆាប់រហ័ស និងចំណាយប្រាក់តិច។
តាមរយៈអនុសញ្ញាទីក្រុងញូវយ៉កមជ្ឈត្តវិនិច្ឆ័យដែលចេញដោយ ម.ជ.ម. គឺអាចអនុវត្តបានក្នុងប្រទេសច្រើនជាង ១៦០ ដែលវិសាលភាពនៃការអនុវត្តទូទាំងពិភពលោកនេះធ្វើឱ្យមជ្ឈត្តការក្លាយជាជម្រើសដ៏ល្អសម្រាប់ការដោះស្រាយវិវាទដែលមានគូភាគីនៅប្រទេសផ្សេងគ្នា។ ជាទូទៅការស្នើសុំការអនុវត្តសេចក្តីសម្រេចរបស់តុលាការប្រទេសមួយមិនអាចយកទៅអនុវត្តនៅប្រទេសមួយផ្សេងទៀតឡើយ ដោយសារតែមិនមានការទទួលស្គាល់ទៅវិញទៅមករវាងរដ្ឋ និងរដ្ឋ។ ដោយសារមជ្ឈត្តការ មិនមែនជាផ្នែកមួយនៃប្រព័ន្ធតុលាការជាតិ ជាធម្មតា មជ្ឈត្តការត្រូវបានគេមើលឃើញថា ជាយន្តការអព្យាក្រឹត និងឯករាជ្យសម្រាប់វិវាទពាណិជ្ជកម្មអន្តរជាតិ។
តើកត្តាអ្វីដែលជំរុញឱ្យលោកទទួលយកការដឹកនាំ ម.ជ.ម. កាលពី ៣ ឆ្នាំមុន?
វាមានកត្តាជាច្រើនរួមបញ្ចូលគ្នា។ ខ្ញុំជាបុគ្គលដែលជឿជាក់ខ្លាំងលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយឯករាជភាព យុត្តិធម៌ និងមានប្រសិទ្ធភាព។ លទ្ធភាពទទួលបានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសមួយ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនោះ។ វិនិយោគិនព្យាយាមកាត់បន្ថយហានិភ័យ ហើយមធ្យោបាយដ៏ល្អបំផុតមួយ ដើម្បីកាត់បន្ថយហានិភ័យនោះ គឺតាមរយៈយន្តការដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
ខ្ញុំបានចូលរួមក្នុងការបង្កើតវិជ្ជាជីវៈមជ្ឈត្តការតាំងពីថ្ងៃដំបូង។ ខ្ញុំស្ថិតក្នុងចំណោមសិក្ខាកាមជំនាន់ដំបូងដែលបានទទួលការបណ្តុះបណ្តាលផ្លូវការស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅកម្ពុជា។ បន្ទាប់មកខ្ញុំបានក្លាយជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិស្ថាបនិករបស់ ម.ជ.ម. ព្រមទាំងជាសមាជិកនៃក្រុមការងារដែលធ្វើការស្រាវជ្រាវលើឧត្តមានុវត្តអន្តរជាតិ និងបានព្រាងលិខិតបទដ្ឋានសំខាន់ៗក្នុងការដាក់ដំណើរការវិជ្ជាជីវៈនេះ ដូចជាវិធានស្ដីពីមជ្ឈត្តការ វិធានផ្ទៃក្នុង និងក្រមសីលធម៌សម្រាប់មជ្ឈត្តករ។
យើងចំណាយពេល ៧ ឆ្នាំ បន្ទាប់ពីការប្រកាសឱ្យប្រើច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មឆ្នាំ ២០០៦ មុនពេល ម.ជ.ម. ត្រូវបានបើកដំណើរការជាផ្លូវការក្នុងឆ្នាំ ២០១៣។ យើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងតាំងពីពេលនោះមកដើម្បីលើកស្ទួយវិស័យមជ្ឈត្តការនេះ។ ដោយសារពេលវេលាមានសារៈសំខាន់ខ្ញុំយល់ឃើញថាមានភាពចាំបាច់ក្នុងការពន្លឿនការអភិវឌ្ឍ ម.ជ.ម. ដើម្បីឱ្យដើរទាន់ជាមួយនឹងស្ថាប័នមជ្ឈត្តការអន្តរជាតិផ្សេងទៀត។
ការចូលរួមរបស់ខ្ញុំជាមួយ ម.ជ.ម មិនមែនជាការធ្វើការងារស្ម័គ្រចិត្តតែមួយរបស់ខ្ញុំឡើយ។ ខ្ញុំបានចូលរួមក្នុងការបំពេញការងារមួយចំនួនផ្សេងទៀតដែលទាក់ទងនឹងសុខភាពសាធារណៈ ការអប់រំ និងការតស៊ូមតិ ដើម្បីធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែប្រសើរឡើង។ នេះជាកិត្តិយសដ៏ធំមួយសម្រាប់ខ្ញុំក្នុងការបម្រើសហគមន៍មជ្ឈត្តការ។ ខ្ញុំពិតជាពេញចិត្តណាស់ដែលបានបម្រើសហគមន៍របស់ខ្ញុំ។
តើមានបញ្ហាប្រឈមអ្វីខ្លះដែលលោកបានជួបប្រទះក្នុងអាណត្តិរបស់លោក?
ជាទូទៅសាធារណជនភាគច្រើនចូលចិត្តប្រកាន់យកឥរិយាបថរង់ចាំមើល ឬសង្កេតចំពោះគំនិតផ្តួចផ្តើមថ្មី។ បញ្ហាប្រឈមដ៏ធំបំផុតគឺការអប់រំផ្សព្វផ្សាយពន្យល់ដល់មជ្ឈដ្ឋានសាធារណៈអំពីអត្ថប្រយោជន៍នៃមជ្ឈត្តការ និងតួនាទីរបស់ ម.ជ.ម.។
ប្រសិទ្ធភាពអនុវត្តមជ្ឈត្តវិនិច្ឆ័យនៃសំណុំរឿងដែលបានដោះស្រាយដោយ ម.ជ.ម. គឺជាសំណួរមួយទៀតដែលតែងតែមានការជជែកពិភាក្សាច្រើនក្នុងចំណោមសាធារណជន។
ក្នុងនាមជាស្ថាប័នឯករាជ្យទាំងការគ្រប់គ្រង និងហិរញ្ញវត្ថុ យើងចាំបាច់ត្រូវធ្វើការច្រើនដើម្បីធានាចីរភាពរបស់ស្ថាប័ន។ តម្រូវការនៃការកសាងសមត្ថភាពបន្តសម្រាប់សមាជិករបស់យើង និងភាគីពាក់ព័ន្ធទាំងអស់ទាមទារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពី ម.ជ.ម.។ ជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះបានធ្វើឱ្យមានផលវិបាកច្រើនលើដំណើរការរបស់ស្ថាប័ន។ រាល់បញ្ហាប្រឈមទាំងនោះបានជំរុញឱ្យយើងខិតខំប្រឹងប្រែង និងមានភាពច្នៃប្រឌិតលើគ្រប់កិច្ចការដែលយើងបានបំពេញ។ ការរំពឹងទុកខ្ពស់របស់អ្នកប្រើប្រាស់អំពីគុណភាពនៃការផ្តល់សេវាកម្មក៏បានជំរុញឱ្យយើងបោះជំហានដោយឆាប់រហ័សធ្វើការសម្រេចចិត្តលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទន់ និងរូបវន្តផងដែរ។
ខ្ញុំមានភ័ព្វសំណាងណាស់ដែលមានសហការីដែលពោរពេញដោយសមត្ថភាព និងមានការប្តេជ្ញាចិត្តខ្ពស់នៅអគ្គលេខាធិការដ្ឋានរួមជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីសមាជិកក្រុមប្រឹក្សាប្រតិបត្តិទាំងអស់ព្រមទាំងបុគ្គលផ្សេងទៀតជាច្រើន។ ខណៈពេលមានការងារជាច្រើនទៀតដែល ម.ជ.ម. ត្រូវបន្តការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ម.ជ.ម. ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះសម្រេចបាននូវវឌ្ឍនភាពដ៏ប្រសើរមួយដោយបង្កើតនូវគ្រឹះដ៏រឹងមាំសម្រាប់អនាគតខាងមុខ។
មានមតិមួយចំនួនលើកឡើងថា ម.ជ.ម. គឺជាស្ថាប័ននៅក្មេងខ្ចី និងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងសំណុំរឿងដែលមានលក្ខណៈស្មុគស្មាញ។ តើលោកមានការឆ្លើយតបយ៉ាងដូចម្តេចដែរចំពោះមតិទាំងនេះ?
គិតត្រឹមថ្ងៃនេះ ម.ជ.ម. បានទទួលសំណុំរឿងចំនួន ២៩ ដែលពាក់ព័ន្ធភាគីចំនួន ៧០ មកពីយុត្តាធិការចំនួន ៧ ផ្សេងៗគ្នាជាមួយនឹងទំហំវិវាទសរុបច្រើនជាង ៨៦ លានដុល្លារ។ កម្មវត្ថុនៃវិវាទគឺមានភាពចម្រុះគ្នា ដែលរួមមានវិស័យអចលនទ្រព្យ សំណង់ហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិ។ ស្ទើរតែ ៤០ ភាគរយនៃដំណើរការមជ្ឈត្តការទាំងអស់របស់យើងត្រូវបានធ្វើឡើងជាភាសាអង់គ្លេស។
ម.ជ.ម. បានធ្វើសវនាការ និងកិច្ចប្រជុំនីតិវិធីតាមប្រព័ន្ធអនឡាញជាមួយគូភាគី និងមជ្ឈត្តការដែលបានចូលរួមពីតំបន់ដែលមានល្វែងម៉ោងខុសៗគ្នា។ បន្ទាប់ពីការអនុម័តវិធានស្ដីពីមជ្ឈត្តការឆ្នាំ ២០២១ មជ្ឈត្តវិនិច្ឆ័យលើវិធានការបណ្តោះអាសន្នមួយត្រូវបានចេញដោយមជ្ឈត្តករបន្ទាន់ក្នុងរយៈពេល ១៥ ថ្ងៃប្រតិទិន បន្ទាប់ពីមជ្ឈត្តករនោះត្រូវបានតែងតាំង។
ថ្មីៗនេះ ម.ជ.ម បានទទួលយកនីតិវិធីពន្លឿនជាលើកដំបូងចាប់តាំងពីការចូលជាធរមាននៃវិធានស្ដីពីមជ្ឈត្តការឆ្នាំ ២០២១ ដែលអនុញ្ញាតឱ្យគូភាគីអាចទទួលបានមជ្ឈត្តវិនិច្ឆ័យមិនលើសពី ២៧០ ថ្ងៃ ប្រតិទិនបន្ទាប់ពីការបង្កើតវេទិកាមជ្ឈត្តកម្ម។ សំណុំរឿងដោះស្រាយដោយ ម.ជ.ម. ជារឿយៗមានលក្ខណៈស្មុគស្មាញហើយមានសំណុំរឿងខ្លះមានភាគីវិវាទជាពហុភាគី និងការចូលរួមពីតតិយជន។ ម.ជ.ម. បានពង្រឹងសមត្ថភាពបុគ្គលិកអគ្គលេខាធិការដ្ឋានស្របពេលដែលសំណុំរឿងត្រូវបានកើនឡើង។
យើងមានមជ្ឈត្តករចុះបញ្ជីជាមួយយើងច្រើនជាង ៦០ រូបមាន ៦ សញ្ជាតិផ្សេងៗគ្នាដែលប្រកបដោយបទពិសោធក្នុងវិស័យផ្សេងៗគ្នាជាច្រើន។
ការអនុវត្តមជ្ឈត្តវិនិច្ឆ័យរបស់ ម.ជ.ម. ជានិច្ចកាលត្រូវបានគេព្រួយបារម្ភ។ តើលោកយល់យ៉ាងណាចំពោះការអនុវត្តរបស់ស្ថាប័នតុលាការចំពោះការទទួលស្គាល់ និងការអនុវត្តមជ្ឈត្តវិនិច្ឆ័យរបស់ ម.ជ.ម.?
ខ្ញុំយល់អំពីការព្រួយបារម្ភនេះ។ ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់មានមជ្ឈត្តវិនិច្ឆ័យ ម.ជ.ម ណាមួយត្រូវបានបដិសេធទទួលស្គាល់ និងអនុវត្តដោយតុលាការមានសមត្ថកិច្ចនោះឡើយ។ សំខាន់ជាងនេះទៅទៀតមជ្ឈត្តវិនិច្ឆ័យមួយត្រូវបានទទួលស្គាល់រួចហើយ សម្រាប់ការអនុវត្តដោយតុលាការជាន់ខ្ពស់នៃប្រទេសសិង្ហបុរីតាមរយៈការអនុវត្តតាមអនុសញ្ញាទីក្រុងញូវយ៉ក។ ដូចទៅនឹងប្រទេសផ្សេងទៀតផងដែរការគាំទ្រពីសំណាក់រដ្ឋាភិបាល និងស្ថាប័នតុលាការដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមជ្ឈត្តការ។ តួនាទីមួយរបស់ថ្នាក់ដឹកនាំនៃ ម.ជ.ម. គឺបន្តការសន្ទនាជាមួយស្ថាប័នពាក់ព័ន្ធ និងធានាថាស្ថាប័នទាំងនោះបានជ្រាបអំពីអត្ថប្រយោជន៍ដែលមជ្ឈត្តការផ្តល់ជូនសហគមន៍ធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
តើ ម.ជ.ម. បានសម្រេចសមិទ្ធផលសំខាន់ៗអ្វីខ្លះអំឡុងពេល ៣ ឆ្នាំនេះ?
ម.ជ.ម. បានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។ ដូចខ្ញុំបានជម្រាបជូនខាងលើ សំណុំរឿងរបស់យើងមានការកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។
កំណើននេះបានឆ្លុះបញ្ចាំងពីកំណើននៃការជឿទុកចិត្តលើ ម.ជ.ម. ពីសំណាក់ភាគីពាក់ព័ន្ធ និងសាធារណជនទូទៅ។
ការធ្វើឱ្យកាន់តែប្រសើរឡើងចំពោះគុណភាពនៃសេវាដល់សមាជិក និងសហគមន៍ គឺជាជំហានសំខាន់មួយផងដែរ។ ទីស្នាក់ការថ្មីត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបបង្កើតបរិយាកាសការងារកាន់តែប្រសើរមានប្រសិទ្ធភាពសម្រាប់គូភាគីអ្នកតំណាងគូភាគីមជ្ឈត្តករ និងបុគ្គលិក។
យើងក៏បានធ្វើទំនើបកម្មវិធានរបស់យើងផងដែរ ដើម្បីធ្វើសុខដុមនីយកម្មជាមួយនឹងឧត្តមានុវត្តអន្តរជាតិ ដើម្បីផ្តល់នូវបទពិសោធដ៏ល្អដល់អ្នកប្រើប្រាស់ និងដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ពាក់ព័ន្ធនឹងការកសាងសមត្ថភាព និងការលើកកម្ពស់ការយល់ដឹង យើងបានផ្តល់នូវវគ្គបណ្តុះបណ្តាលជំនាញមជ្ឈត្តការ និងកម្មវិធីចែករំលែកចំណេះដឹងដែលមានអ្នកចូលរួមច្រើនជាង ២ ០០០ នាក់។ ប្រសិនបើយើងគិតពីទំហំនៃសហគមន៍អ្នកច្បាប់របស់យើងនេះគឺជាចំនួនមួយដ៏ច្រើន។
កម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋលើកដំបូងរបស់យើងបង្កើតបានជាថ្នាលថ្មីសម្រាប់អភិវឌ្ឍអនាគតមជ្ឈត្តករ និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យមជ្ឈត្តការ។ ម.ជ.ម. ចាប់ផ្តើមដំណើរការបង្កើតសេវាសន្ធានកម្មពាណិជ្ជកម្ម និងមានបំណងក្នុងការក្លាយជាស្ថាប័នផ្តល់គ្រប់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (One Stop ADR Service Provider)។
ខ្ញុំយល់ឃើញថា សមិទ្ធផលដ៏ធំបំផុតមួយរបស់យើងគឺការបង្កើតក្រុមអគ្គលេខាធិការដ្ឋានឯករាជ្យដ៏រឹងមាំ។ ខ្ញុំមានសុទិដ្ឋិនិយមថា កេរដំណែលនេះនឹងបន្តធ្វើឱ្យបេសកកម្មរបស់ ម.ជ.ម កាន់តែជោគជ័យថែមទៀតនាពេលអនាគត។
ខ្ញុំមានមោទនភាពចំពោះការរីកចម្រើននៃសហគមន៍មជ្ឈត្តការរបស់យើងទាំងការកើនឡើងនូវចំនួនក៏ដូចជាភាពចម្រុះនៃសមាជិកនៅក្នុងសហគមន៍របស់យើង។ ជាធម្មតាមជ្ឈត្តការគឺមានលក្ខណៈអន្តរជាតិហើយភាពចម្រុះនៃសហគមន៍នេះគឺមានភាពចាំបាច់ណាស់។
តើលោកអាចចែករំលែកអំពីព័ត៌មានលម្អិតនៃការផ្តួចផ្តើមសន្ធានកម្មពាណិជ្ជកម្មនៅកម្ពុជាបានទេ?
សន្ធានកម្មក្នុងសហគមន៍ត្រូវបានប្រើប្រាស់ជាញឹកញាប់នៅក្នុងសង្គម និងវប្បធម៌របស់យើង។ ប៉ុន្តែការធ្វើសន្ធានកម្មពាណិជ្ជកម្មជាផ្លូវការគឺជាយន្តការថ្មីមួយ។ វាគឺជាទម្រង់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលភាគីទី ៣ ឯករាជ្យជួយគូភាគីក្នុងការដោះស្រាយវិវាទរបស់ពួកគេ។
ខុសពីមជ្ឈត្តករ សន្ធានករមិនចេញមជ្ឈត្តវិនិច្ឆ័យទេ។ តួនាទីរបស់ពួកគេ គឺជួយសម្រួលដល់ការផ្សះផ្សាតាមរយៈការយល់ព្រមគ្នាទៅវិញទៅមកដែលតាមរយៈមូលហេតុនេះ កិច្ចព្រមព្រៀងដែលកើតចេញពីការធ្វើសន្ធានកម្មភាគច្រើនត្រូវបានប្រតិបត្តិតាមដោយគូភាគី។ សន្ធានកម្មពាណិជ្ជកម្មបំពេញបន្ថែមលើយន្តការមជ្ឈត្តការហើយពេលខ្លះត្រូវបានគេប្រើប្រាស់ភ្ជាប់ជាមួយមជ្ឈត្តការផងដែរ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជម្រាបថា អ្នកជំនាញខ្មែរចំនួន ១៦ រូបបានប្រឡងជាប់ដោយជោគជ័យ និងទទួលបានការទទួលស្គាល់ជាអន្តរជាតិដើម្បីក្លាយជាសន្ធានករដែលទទួលស្គាល់ដោយ CEDR បន្ទាប់ពីមានការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ដែលរៀបចំរួមគ្នាដោយ ម.ជ.ម. និង IFC (សមាជិកនៃក្រុមហ៊ុនធនាគារពិភពលោក)។
ហេតុអ្វីបានជាសាធារណជនគួរធ្វើមជ្ឈត្តការនៅ ម.ជ.ម. ជាជាងនៅក្រៅប្រទេស?
ខ្ញុំជឿថា ម.ជ.ម មានគុណសម្បត្តិប្រកួតប្រជែង (comparative advantage) ជាច្រើនដែលធ្វើឱ្យមជ្ឈមណ្ឌលក្លាយជាជម្រើសដ៏ប្រសើរ។ គុណសម្បត្តិប្រកួតប្រជែងមានដូចជា នៅពេលដែលច្បាប់គ្រប់គ្រងជាច្បាប់កម្ពុជាហើយគូភាគីចង់ឱ្យវិវាទត្រូវបានដោះស្រាយដោយមជ្ឈត្តករ ដែលមានចំណេះដឹងលើច្បាប់កម្ពុជា ឬនៅពេលដែលគូភាគីចង់ឱ្យដំណើរការមជ្ឈត្តការធ្វើជាភាសាខ្មែរ ឬដែលឯកសារមានតែជាភាសាខ្មែរ ហើយដែលអាចលំបាកក្នុងការបកប្រែឯកសារទាំងនេះ។ ម.ជ.ម. ផ្តល់នូវអត្រាកម្រៃសេវាសមរម្យដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ ជាពិសេសបើប្រៀបធៀបជាមួយស្ថាប័នបរទេសមួយចំនួន។ លើសពីនេះទៅទៀតយើងមានមជ្ឈត្តករដែលមានភាពចម្រុះស្ថិតនៅក្នុងបញ្ជីរបស់ ម.ជ.ម. ។
តើលោកយល់យ៉ាងណាចំពោះអនាគតនៃមជ្ឈត្តការនៅកម្ពុជា?
ខ្ញុំបាទមានសុទិដ្ឋិនិយមអំពីអនាគតនៃមជ្ឈត្តការនៅកម្ពុជា។ ជាងនេះទៅទៀត ខ្ញុំជឿជាក់ថា ម.ជ.ម. ផ្តល់ជាគំរូអំពីអនាគតសម្រាប់កម្ពុជា ជាស្ថាប័នធ្វើប្រតិបត្តិការក្នុងកម្រិតស្តង់ដាអន្តរជាតិបំពេញការងារដោយអ្នកវិជ្ជាជីវៈដែលប្រកបដោយសមត្ថភាពខ្ពស់ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចសម្រាប់សមាជិក ខណៈពេលដែលបំពេញតួនាទីជាតួអង្គសំខាន់ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងវិស័យដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ខ្ញុំបាទជឿជាក់ថា សហគមន៍មជ្ឈត្តការរបស់យើង និងភាគីពាក់ព័ន្ធនឹងបន្តរួបរួមគ្នាដើម្បីបុព្វហេតុដ៏សំខាន់នេះ៕
វីដេអូ៖