ភ្នំពេញៈ ឥណ្ឌាប្រកាសត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតប ចំពោះតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ និងស្នើកម្ពុជាពិនិត្យលទ្ធភាពក្នុងការបង្កើតស្ថានអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា។
ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និង លោកស្រី ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅអគ្គបញ្ជាការដ្ឋានកងទ័ពនៅរាជធានីភ្នំពេញ។
ហ្វេសប៊ុកអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បញ្ជាក់នាថ្ងៃទី ២៤ ខែមីនាថា៖ «លោកជំទាវឯកអគ្គរដ្ឋទូតបានលើកឡើងពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ពិសេសលើជំនាញប្រតិបត្តិការរក្សាសន្តិភាព ហើយតទៅថ្ងៃខាងមុខ ឥណ្ឌាបានត្រៀមជាស្រេចក្នុងការឆ្លើយតប ចំពោះតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ និងស្នើពិនិត្យលទ្ធភាពក្នុងការបង្កើតស្ថានអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា»។
ក្នុងជំនួបនេះ ក៏មានវត្តមានលោក វ៉ារ៉ាដាន គូម៉ា (Varadan Kumar ) នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាមផងដែរ។
លោក វង្ស ពិសេន ថ្លែងថា ចំណងការទូតរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៧០ ឆ្នាំមកហើយ ដោយក្នុងនោះលើកិច្ចសហប្រតិបត្តិការយោធាឥណ្ឌាបានជួយឧបត្ថម្ភទាំងសម្ភារ ថវិកា ពិសេសការបណ្តុះបណ្តាលកង យោធពលខេមរភូមិន្ទឱ្យក្លាយជា កងទ័ពមានសមត្ថភាពបំពេញបេសកកម្មក្រោមក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ។
លោកបានលើកឡើងពីការពិចារណានៅក្នុងការស្នើបើកស្ថានអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា និងសិក្សាជាមួយស្ថាប័នជំនាញពាក់ព័ន្ធអំពីតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ ដើម្បីស្នើសុំឱ្យឥណ្ឌាបន្តជួយឧបត្ថម្ភ៕