មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិសំបូរព្រៃគុកបានឱ្យដឹងថា អាជ្ញាធរជាតិសំបូរព្រៃគុក និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាបានចុះអនុស្សរណៈយោគយល់គ្នាមួយ (MoU) នារសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ លើគម្រោងជួសជុល ប្រាសាទគុក ឬប្រាសាទមហាឥសី (N17)។
លោក ផាន់ ណាឌី អគ្គនាយកនៃអាជ្ញាធរជាតិសំបូរព្រៃគុកឱ្យដឹងថា អាជ្ញាធរសហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដើម្បីឈានទៅរកការជួសជុល និងសង្គ្រោះប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលកសាងឡើងពីថ្មភក់ដែលចាស់ទ្រុឌទ្រោមហើយកំពុងរងការខូចខាតនោះឱ្យរឹងមាំឡើងវិញ។
លោក ផាន់ ណាឌី បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការ គណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ច គាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ី ស៊ី-អង្គរ(ICC Angkor) ថា អាជ្ញាធរជាតិសំបូរព្រៃគុកបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយលោកលោកស្រី Devyani KHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលើគម្រោងជួសជុល និងសង្គ្រោះប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលចាស់ទ្រុឌទ្រោម និងកំពុងរងការខូចខាតឱ្យមាននិរន្តរភាពប្រសើរឡើងវិញ។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី ២៨ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិអង្គរ (អាយស៊ីស៊ី-អង្គរ) នាសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក ផាន់ ណាឌី មានប្រសាសន៍៖ «លក្ខណៈនៃក្រុមប្រាសាទសំបូរព្រៃគុក គឺប្រាសាទភាគច្រើនសង់ពីឥដ្ឋ តែការចុះអនុស្សរណៈជាមួយឥណ្ឌានៅពេលនេះ គឺផ្ដោតលើគម្រោងជួសជុលប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលសង់ពីថ្មភក់ហើយប្រាសាទនេះ មានរចនាប័ទ្មស្រដៀងគ្នាទៅនឹងប្រាសាទរបស់ឥណ្ឌាទើបធ្វើឱ្យឥណ្ឌាចាប់អារម្មណ៍លើគម្រោងជួសជុលនោះ»។
សូមបញ្ជាក់ថា អាជ្ញាធរជាតិសំបូរព្រៃគុកបានចាប់ផ្ដើមការងារ តាំងពីដើមឆ្នាំ ២០១៧ ដោយផ្តោតការយកចិត្តទុកដាក់ជំហានដំបូងលើ ២ ចំណុច គឺទី ១ ជួយអន្តរាគមន៍បន្ទាន់លើការជួសជុល ការថែទាំប្រាសាទបុរាណដែលជាប្រភេទប្រាសាទឥដ្ឋ មានវ័យចំណាស់ជាងគេ តាំងពីសតវត្សរ៍ទី ៧ គឺមុនសម័យអង្គរទៅទៀត ដែលកំពុងប្រឈមនឹងការជ្រុះបាក់បែក។
ចំណែក ចំណុចទី ២ គឺ យកចិត្តទុកដាក់រៀបចំលំនៅឋាន និងសំណង់នានារបស់ប្រជាពលរដ្ឋ កុំឱ្យមានការរីករាលដាលចូលទៅក្នុងតំបន់ការពារសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕