សៀមរាបៈ បារាំង និងជប៉ុន ដែលជាសហប្រធានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC-Angkor) ប្រកាសជួយគាំទ្រលើការអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាព រយៈពេល ១០ ឆ្នាំទៀត លើការងារបេតិកភណ្ឌ និងសហគមន៍ ដើម្បីធ្វើឱ្យកិច្ចការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋាន អង្គរកាន់តែល្អប្រសើរ។
ការប្រកាសនេះធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី ២៨ នៃកិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នាថ្ងៃទី ២៥ ខែមីនា ដោយមានវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ២៥ ខែមីនាថា ការប្រកាសនៃសេចក្តីសម្រេចចិត្តនេះ ទទួលបានការសាទរយ៉ាងខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធនៃកិច្ចប្រជុំ។
គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៣ ហើយនឹងត្រូវបញ្ចប់អាណត្តិទី ៣ របស់ខ្លួន នៅចុងឆ្នាំ ២០២៣។ តាមរយៈការប្រកាសនៃសេចក្តីសម្រេចចិត្តនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរនឹងបន្តអាណត្តិលើកទី ៤ រហូតដល់ឆ្នាំ ២០៣៣។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងរយៈពេល ៣០ ឆ្នាំមកនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានទទួលជោគជ័យជាប្រវត្តិសាស្ត្រនូវការធានាបានការជួសជុលប្រាសាទ ធ្វើយ៉ាងណាធានាបាននូវភាពរឹងមាំរបស់ប្រាសាទ ការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព ការគ្រប់គ្រងជួសជុល អភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រភពដដែលបញ្ជាក់ថា៖ «ចំពោះរយៈពេល ១០ ឆ្នាំខាងមុខទៀត គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងផ្តោតទៅលើការងារបេតិកភណ្ឌ និងសហគមន៍ ដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងរវាងបេតិកភណ្ឌ និងសហគមន៍ដែលធ្វើឱ្យកិច្ចការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋាន អង្គរកាន់តែល្អប្រសើរ»៕