ភ្នំពេញៈ កម្ពុជា និងប៉ាគីស្ថានប្តេជ្ញាពង្រឹងចំណងទាក់ទង និងសាមគ្គីភាពមិត្តភាពរវាងប្រទេសទាំង ២ កាន់តែមានភាពជិតស្និទ្ធ ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបរវាងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ហ្ស៊ាហិរូឌីន បាបា ថាហ៊ីម (ZaheeruddinBabarThaheem) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសប៉ាគីស្ថានប្រចាំកម្ពុជា នាថ្ងៃទី ២៤ ខែមីនាដើម្បីពង្រឹងពង្រីកចំណងទាក់ទង កិច្ចសហប្រតិបត្តិការ និងការសាមគ្គីភាពមិត្តភាពរវាងប្រទេសទាំង ២ ឱ្យកាន់តែមានភាពជិតស្និទ្ធ។
លោក ទៀ បាញ់ ជឿជាក់ថា លោក Thaheem នឹងខិតខំប្រឹងប្រែងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថានកាន់តែទូលំទូលាយ ជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាព និងមិត្តភាពយូរអង្វែង។ នេះបើយោងតាមហ្វេសប៊ុកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបញ្ជាក់នាថ្ងៃទី ២៥ មីនា។
ហ្វេសប៊ុកដដែលបានដកស្រង់សំដីលោក ទៀ បាញ់ ថា៖ «ចំពោះក្រសួងការពារជាតិទាំង ២ កម្ពុជា ប៉ាគីស្ថាននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព ធ្វើការផ្លាស់ប្តូរ ដំណើរទស្សកិច្ចទៅវិញទៅមក ហើយយើងនឹងបន្តពិភាក្សារៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការពារជាតិទាំង ២ កម្ពុជា ប៉ាគីស្ថាន» ។
បើតាមប្រភពដដែល លោក Thaheem សង្ឃឹមថា ក្រសួងការពារជាតិនៃប្រទេសកម្ពុជា និងប៉ាគីស្ថាននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពដោយធ្វើការផ្លាស់ប្តូរ ដំណើរទស្សកិច្ចទៅវិញទៅមក ហើយនឹងបន្តពិភាក្សារៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការពារជាតិទាំង ២ ឱ្យបានសម្រេចជោគជ័យ៕