ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ពន្ធនាគារបានលើកឡើងថាផ្ទៃក្រឡាបន្ទប់សម្រាប់ជនជាប់ឃុំសម្រាកមានភាពប្រសើរជាងមុន ហើយការងារគ្រប់គ្រងជនជាប់ឃុំតាមពន្ធនាគារបានធានាការពារបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ។
នៅក្នុងពិធីបិទសន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារនៅថ្ងៃសុក្រទី ២៥ ខែមីនា លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃបានថ្លែងថា ដើម្បីឆ្លើយតបតាមបទដ្ឋានជនជាប់ឃុំឃាំង ដែលធានាសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម។ ជារួមបច្ចុប្បន្ននៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត មានអគារឃុំឃាំង ចំនួន ១៧៣ អគារ ស្មើនឹង ១០១៤ បន្ទប់ មានផ្ទៃក្រឡា សរុប ៥៤ ០៨១ ម៉ែត្រក្រឡា «ដែលធ្វើឱ្យផ្ទៃក្រឡាសម្រាប់ជនជាប់ឃុំសម្រាកប្រសើរជាងមុន»។
លោកបានបន្តថា ឆ្នាំ ២០២១ ការងារគ្រប់គ្រងជនជាប់ឃុំតាមពន្ធនាគារជារួមធានាការពារបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អប្រសើរ ដោយបានអនុវត្តត្រឹមត្រូវតាមច្បាប់ នីតិវិធី និងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ជាមួយនឹងកិច្ចពង្រឹងការងារគណៈកម្មការធ្វើចំណាត់ថ្នាក់សន្ដិសុខជនជាប់ឃុំតាមពន្ធនាគារ រៀបចំអគារឃុំឃាំង និងដោះស្រាយភាពចង្អៀតណែន ការផ្ទេរសម្រួលការងារឃុំឃាំង រួមទាំងការបញ្ជូនទណ្ឌិតទៅកាន់មណ្ឌលអប់រំកែប្រែ។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតី លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធនាគារ ដែលតំណាងឱ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ប៉ាវ ហមផាន បានធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់អគ្គនាយកដ្ឋានពន្ធនាគារ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ជំរុញអនុវត្ត ផែនការការងារឆ្នាំ ២០២១ កន្លងទៅធ្វើឱ្យអគ្គនាយកដ្ឋាន សម្រេចបាននូវបេសកកម្មសំខាន់ៗរបស់ខ្លួនក្នុងការអនុវត្តសម្រេចជោគជ័យស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍពន្ធនាគារ ស្របតាមគោលនយោបាយកំណែទម្រង់ពន្ធនាគាររបស់ក្រសួងមហាផ្ទៃ។
លោកបានសម្ដែងការដឹងគុណចំពោះអង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដែលមានកិច្ចសហប្រតិបត្តិការល្អក្នុងភាពជាដៃគូ ដើម្បីជួយជ្រោមជ្រែងអភិវឌ្ឍន៍មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត លើការងារសន្តិសុខ សុខភាព អនាម័យ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារ អប់រំកែប្រែ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសមាហរណកម្មជនជាប់ឃុំ ចូលទៅក្នុងសហគមន៍។
លោកក៏បានលើកឡើងផងដែរថា ស្របពេលជាមួយនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ក្នុងពន្ធនាគារក៏ជាបញ្ហាប្រឈមដ៏គ្រោះថ្នាក់មួយផងដែរ។ ប៉ុន្ដែដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងទាន់ពេលវេលាពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលណែនាំដោយផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង ពួកគេអាចគ្រប់គ្រង និងព្យាបាលបានជំងឺនេះនៅក្នុងពន្ធនាគារ ហើយមន្ដ្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំ ត្រូវបានទទួលការចាក់វ៉ាក់សាំងដូសទី ១ ដូសទី ២ និងដូសទី ៣។
សន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ និងផែនការសកម្មភាពឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ នាពេលនេះបានរៀបចំឡើងផ្តោតលើប្រធានបទ «ការងារកែទម្រង់ពន្ធនាគារ ដោយផ្ដោតលើការធ្វើចំណាត់ថ្នាក់សន្ដិសុខ ដើម្បីគ្រប់គ្រងជនជាប់ឃុំដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន, ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ការអប់រំផ្លូវចិត្ត, ការផ្ដល់សេវាសុខភាព, ការទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ជំងឺឆ្លងផ្សេងៗចូលក្នុងពន្ធនាគារ និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឈានទៅធានាបាននូវសុវត្ថិភាព និងសមាហរណកម្មក្នុងសហគមន៍»៕