ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កោតសរសើរចិនដែលឈានមុខក្នុងការផ្តល់ឱសថ ការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ ១៩ រាប់លានដូសមកកាន់បណ្តាប្រទេសមេគង្គបានទាន់ពេលវេលាក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ និងវិបត្តិសុខាភិបាលសកល។
លោកថ្លែងថា៖ «ស្ថិតក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ ១៩ និងវិបត្តិសុខាភិបាលសកល កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិន តាមរយៈការបង្កើតសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង និងតួនាទីឈានមុខក្នុងការផ្តល់ឱសថ ការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ ១៩ រាប់លានដូសមកកាន់បណ្តាប្រទេសមេគង្គបានទាន់ពេលវេលា»។
ក្នុងឱកាសអបអរសាទរទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ ២០២២ នាថ្ងៃទី ២៦ ខែមីនា លោក ប្រាក់ សុខុន ថ្លែងថា អ្វីដែលពិសេសនោះគឺកម្ពុជាបានរួមចំណែកដល់ភាពជោគជ័យក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ ៩២ ភាគរយ និងការបើកប្រទេសឡើងវិញ ហើយសមិទ្ធផលទាំងនេះគឺជាសក្ខីភាពដ៏រឹងមាំនៃប្រសិទ្ធភាព និងភាពពាក់ព័ន្ធនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
លោកអំពាវនាវឱ្យមានការទទួលស្គាល់នូវការកើនឡើងនូវភាពសំខាន់នៃតំបន់មេគង្គ-ឡានឆាង ដែលជា «ប៉ូលកំណើន» នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដ៏មានថាមភាព ដោយផ្អែកលើភាពសំខាន់នៃភូមិសាស្ត្រយុទ្ធសាស្ត្រ ទំហំសេដ្ឋកិច្ច និងសក្តានុពលទីផ្សារដ៏មហិមា។
រដ្ឋមន្ត្រីរូបនេះថ្លែងថា កិច្ចសហការយ៉ាងជិតស្និទ្ធ និងសាមគ្គីភាពរបស់ប្រទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនៅក្នុងរយៈពេល ៦ ឆ្នាំកន្លងមក បានអនុញ្ញាតឱ្យកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រក្សាបានសន្ទុះអភិវឌ្ឍន៍ជំរុញសេដ្ឋកិច្ចបំពេញបន្ថែម និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងវប្បធម៌ ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការកសាងសហគមន៍មួយឱ្យកាន់តែបើកចំហ ប្រកបដោយបរិយាបន្ន និងចីរភាព និងមានអនាគតរួមគ្នាប្រកបដោយសន្តិភាព និងវិបុលភាព។
ប្រទេសមេគង្គ-ឡានឆាង ទើបតែបានបញ្ចប់ការអនុវត្តផែនការសកម្មភាព ៥ ឆ្នាំ (២០១៨-២០២២) ហើយកំពុងរៀបចំកិច្ចសហប្រតិបត្តិការនាដំណាក់កាលបន្ទាប់ ដោយផ្តោតលើរបៀបវារៈអភិវឌ្ឍន៍ដែលយកសំខាន់លើប្រជាជន។
បើតាមលោក ប្រាក់ សុខុន ក្នុងគោលបំណងធានានូវប្រភពកំណើនថ្មី ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់មានការវិវត្តយ៉ាងឆាប់រហ័ស ប្រទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ផ្តោតការយកចិត្តទុកដាក់លើការសម្រេចឱ្យបាននូវខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង និងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រ ដើម្បីលើកកម្ពស់ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងនៃការធ្វើសមាហរណកម្មនៅក្នុងតំបន់។
លោកថ្លែងថា៖ «យើងបានកត់សម្គាល់ថាតម្រូវការអភិវឌ្ឍរបស់យើងនឹងបណ្តាលឱ្យមានផលប៉ះពាល់ដល់ធនធានធម្មជាតិ ដូច្នេះហើយយើងនឹងប្រឹងប្រែងរួមសហការគ្នាលើការគ្រប់គ្រងប្រកបដោយចីរភាពនូវធនធានទឹក និងការគ្រប់គ្រងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងបាតុភាពអាកាសធាតុដ៏ធ្ងន់ធ្ងរផ្សេងៗទៀត»។
រដ្ឋមន្ត្រីរូបនេះបានសម្ដែងសេចក្តីរីករាយដោយបានឃើញការបំពេញបន្ថែមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាមួយនឹងយន្តការអនុតំបន់មេគង្គដទៃទៀត ជាពិសសកិច្ចសហប្រតិបត្តិការអេកម៉ិក និងមហាអនុតំបន់មេគង្គ ក្នុងការជំរុញការផ្លាស់ប្តូរអនុតំបន់ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។
លោក ថ្លែងថា តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងចំនួន ៦៧ ដែលមានទំហំទឹកប្រាក់សរុបប្រមាណជាង ២០ លានដុល្លារអាមេរិក ដោយបានគាំទ្រសកម្មភាពកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស ការអប់រំ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។
លោក ប្រាក់ សុខុន អះអាងថា ស្របពេលដែលកម្ពុជាជាប្រធានអាស៊ាននាឆ្នាំនេះ យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនឹងកាន់តែរួមចំណែកដល់សមាសភាគអភិវឌ្ឍន៍ដ៏រឹងមាំសំដៅធានាឱ្យអាស៊ានបន្តទទួលបានភាពរស់រវើកក្នុងស្មារតីពិតប្រាកដនៃសហគមន៍មួយដែលមានអនាគតរួមគ្នា៕