ភ្នំពេញៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បង្ហាញភាពមិនពេញចិត្តចំពោះខ្មែរមួយចំនួនដែលបង្ហាញភាពខ្លាំងតែជាមួយខ្មែរគ្នាឯង ជាមួយរាជរដ្ឋាភិបាលខ្លួនឯង ប៉ុន្តែជាមួយបរទេសវិញគឺឱនក្បាលដាក់គេជ្រុល។លោកជំរុញឱ្យខ្មែរត្រូវពង្រឹងសមត្ថភាព ព្រោះនៅក្នុងកិច្ចប្រជុំទ្វេភាគីឬពហុភាគីជាមួយបរទេស គឺពឹងផ្អែកតែទៅលើសមត្ថភាពមួយគត់។
លោក ហ៊ុន ម៉ានី បានលើកឡើងបែបនេះ ក្នុងពេលធ្វើជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក កាលពីថ្ងៃទី២៥ ខែមីនា។
លោកបានថ្លែងថា នៅលើឆាកអន្តរជាតិ ពេលខ្មែរតំណាងប្រទេសទៅនិយាយជាមួយបរទេសទាំងទ្វេភាគីឬពហុភាគីគឺបរទេសមិនខ្វល់ថា អ្នកតំណាងនោះជាអ្នកណា ឬធ្វើអ្វីនៅកម្ពុជាទេ ប៉ុន្ដែផ្អែកតែលើសមត្ថភាពមួយប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖«ពេលខ្លះក៏វាមានដែរទិដ្ឋភាពឈឺចាប់បន្ដិចដែរអន់ចិត្ដបន្ទិចដែរ។ពេលខ្លះខ្ញុំឃើញថាកម្លាំងថាមពលរបស់ខ្មែរមួយចំនួនគឺតម្រង់ទិសហើយនឹងបង្ហាញភាពខ្លាំងតែជាមួយខ្មែរគ្នាឯងទេ។ខ្លាំងតែជាមួយខ្មែរគ្នាឯងតែឱ្យតែឃើញបរទេសមកបន្ដិចរាងឱន»។
លោកបានបន្តថា អ្វីដែលខ្មែរត្រូវត្រៀមខ្លួន គឺសមត្ថភាព ព្រោះគ្មានអ្វីដែលជាធនធានសំខាន់ជាងនេះទេ ដើម្បីឱ្យនាំប្រទេសជាតិទៅលើភាពរីកចម្រើនអភិវឌ្ឍ និងវិបុលភាព។
លោក ម៉ានី លើកឡើងថា កុំចង់ទៅចូលតុចរចាជាមួយបរទេស ហើយយកបញ្ហាប្រទេសថា មានការលំបាកទៅឱ្យគេជួយហើយដើរតួជាអ្នករងគ្រោះ គឺមិនបានជួយការពារ និងលើកតម្កើងកិត្តិនាមរបស់ប្រទេសកម្ពុជាទេ។
លោកបញ្ជាក់ថា៖«ខ្ញុំបាននិយាយនេះ ខ្មែរមួយចំនួនខ្លាំងតែជាមួយខ្មែរគ្នាឯង តែលើឆាកអន្តរជាតិ មានលក្ខណៈឱនបន្តិច ហើយពេលខ្លះឱនជ្រុលឱ្យតម្លៃបរទេសពេក។ តែជាមួយបរទេសចង់ឱ្យបរទេសឱ្យតម្លៃខ្មែរ ភាពជាតំណាងក្នុងនាមជាប្រទេសអធិបតេយ្យ និងឯករាជ្យ មានតែសមត្ថភាពមួយគត់ទៅនិយាយជាមួយគេ»។
លោកបានលើកឡើងដោយមិនបញ្ចេញឈ្មោះទូតមួយដែលថាមានខ្មែរតំណាងកម្ពុជាម្នាក់សុំឱ្យទូតនោះជួយផ្នែកនេះ។ប៉ុន្ដែដល់ពេលទូតនោះសួរវិញថា ជួយលើផ្នែកហ្នឹង តើចំណុចណាមួយជាក់លាក់ព្រោះថាផ្នែកនោះធំ។
លោកឧទាហរណ៍ការស្នើសុំឱ្យគេជួយលើផ្នែកសេដ្ឋកិច្ចឌីជីថល (Digital Economy) ឬក៏ជួយទៅលើបដិវត្ដន៍ឧហ្សាហកម្ម ៤.០។ ទូតនោះសួរមកវិញថា ផ្នែកណាជាក់លាក់ណាមួយចង់ឱ្យគេជួយ ប៉ុន្ដែដល់ពេលតំណាងកម្ពុជារូបនោះឆ្លើយតបមិនចេញ នៅថ្ងៃនោះទូតនោះនិយាយថា «ខ្មែរចេះអីមែនទែន ក្ដៅឆេវតែម្ដងថ្ងៃនោះ»។
លោក ម៉ានី ថ្លែងថា៖«គ្មានស្អីធ្វើឱ្យឈឺចាប់ជាងបរទេសមើលងាយ ហើយមើលងាយលើសមត្ថភាពខ្មែរទេ។ ខ្ញុំនិយាយអ៊ីចឹង មិនមែនខ្ញុំទ្រ ឬក៏និយាយពីជាតិនិយមជ្រុលនៅទីនេះទេ។ក៏ប៉ុន្ដែខ្មែរមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំមាគ៌ាប្រទេសជាតិទៅអនាគត។ខ្ញុំឃើញខ្មែរខ្លះ ដោយសារខំប្រឹងឱ្យគេជួយពេកតែខ្លាចគេមិនជួយទាល់តែដើរតួនាទីឱនបន្ដិច ពេលខ្លះឱននោះជ្រុល។ តែមកដល់ខ្មែរវិញគឺខ្លាំងណាស់ ខ្លាំងណាស់ជាមួយរាជរដ្ឋាភិបាលខ្លាំងណាស់…»។
បើតាមលោកម៉ានី គឺមានតែចំណុចមួយទេដែលអាចទទួលភាពគោរពដោយស្មើមុខស្មើមាត់និងអាចការពារថែរក្សានិងអាចទាញផលប្រយោជន៍ដើម្បីប្រទេសជាតិបានគឺសមត្ថភាពគ្មានអ្វីធំជាងនេះទេ។
លោកបញ្ជាក់ថា៖«ត្រូវមានភាពច្បាស់លាស់ ដោយស្គាល់ខ្លួនឯងឱ្យច្បាស់ថា យើងមកពីណា យើងស្ថិតនៅទីណាចំណុចខ្លាំងរបស់យើង។ គុណសម្បត្ដិក្នុងការប្រកួតប្រជែងរបស់យើងនៅទីណា។ចំណុចដែលយើងមានការប្រឈមហើយត្រូវកែនៅចំណុចណា… »។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណិ្ឌត្យសភាកម្ពុជា លើកឡើងថា ភាពស្មើមុខស្មើមាត់របស់ប្រទេសមួយ គឺមិនបានកំណត់លើប្រទេសតូចឬប្រទសធំនោះទេ។សម្រាប់កម្ពុជាដើម្បីភាពស្មើមុខរបស់ខ្លួន សមត្ថភាពផ្នែកធនធានមនុស្ស គឺសំខាន់ណាស់។ ក្រៅពីនេះភាពត្រឹមត្រូវផ្នែកនយោបាយទាំងក្នុងស្រុកនិងនយោបាយកាបរទេសក៏ជាភាពចាំបាច់និងជាកត្ដាសំខាន់លើភាពស្មើមុខស្មើមាត់ជាមួយប្រទេសដទៃផងដែរ។
លោកថ្លែងថា៖«ខ្ញុំយល់ថាភាពជាអ្នកដឹកនាំរបស់អ្នកដឹកនាំក៏ជាចំណុចសំខាន់មួយទៀតក្នុងការបង្កើនកិត្យានុភាព ភាពខ្លាំងរបស់កម្ពុជាដែរ។ ប្រសិនបើមេដឹកនាំមិនមានភាពខ្លាំង មិនមានភាពជាអ្នកដឹកនាំល្អនោះក៏កម្ពុជាមិនអាចមានភាពស្មើមុខស្មើមាត់ជាមួយប្រទេសដទៃដែរ»។
លោកបន្តថា៖«បើជាតំណាងកម្ពុជាលើកិច្ចប្រជុំទ្វេភាគីឬពហុភាគីណាមួយជាមួយបទេស យើងត្រូវតែប្រកាន់ជំហរមួយជារដ្ឋអធិបតេយ្យ។ មានន័យថាយើងត្រូវតែមានភាពរឹងប៉ឹង ច្បាស់លាស់ ឈរលើគោលការណ៍ខ្សែបន្ទាត់អធិបតេយ្យ គោលនយោបាយការបរទេសរបស់ជាតិយើង។ យើងមិនចេះតែឱនៗខ្លាចបរទេសជ្រុលពេកទេវានាំឱ្យអាប់ឱនជាតិទៅវិញ»៕