ភ្នំពេញៈ ក្រសួងមហាផ្ទៃរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកាលពីថ្ងៃទី ២៥ មីនា ដោយមានអ្នកចូលរួមចំនួន ៣៧៧ រូប ក្នុងនោះមានមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងមកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ១៤៧ ផងដែរ។
សេចក្តីប្រកាសព័ត៌មានពីលទ្ធផលសិក្ខាសាលាបានឱ្យដឹងថា ការរៀបចំនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងបញ្ជ្រាបការយល់ដឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ធានាចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីបំពេញកាតព្វកិច្ចតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងក្រុមការងារហិរញ្ញវត្ថុក្នុងការចូលរួមបង្ការ ការទប់ស្កាត់ និងការលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យឱ្យមានប្រសិទ្ធភាព។
ក្រសួងមហាផ្ទៃបញ្ជាក់ថា៖ «សិក្ខាសាលានេះបានចែករំលែកនូវខ្លឹមសារនៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ផ្តោតលើការគេចវេះ និងទោសប្បញ្ញត្តិ និងការអនុវត្តសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ»។
សិក្ខាកាមក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារច្បាប់ និងក្របខ័ណ្ឌគតិយុត្ត នីតិវិធី នៃការអនុវត្តច្បាប់ និងការបំពេញកាតព្វកិច្ចជាបុគ្គលរាយការណ៍ផងដែរ។ សិក្ខាកាមដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះបានយល់ដឹងអំពីខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពិសេសបែបបទនីតិវិធីនៃការអនុវត្ត និងកាតព្វកិច្ចនៃស្ថាប័នត្រួតពិនិត្យបុគ្គលរាយការណ៍ដូចចែងក្នុងបទប្បញ្ញត្តិច្បាប់ជាធរមាន។
មិនតែប៉ុណ្ណោះ សិក្ខាសាលាក៏បានលើកទឹកចិត្តដល់សិក្ខាកាមឱ្យជួយផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយដល់សហការី និងសាធារណជន សំដៅចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានពន្យល់ថា ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ សំដៅទៅលើការផ្តល់ ឬការប្រមូលដោយចេតនានូវទ្រព្យសម្បតិ្ត មូលនិធិ ឬសេវាផ្សេងៗ ក្នុងគោលបំណងបម្រើ គាំទ្រដល់សកម្មភាព ដែលធ្វើឱ្យមានការសាយភាយដល់អាវុធមហាប្រល័យ។
លោក ផាន សុភ័ក្រ ប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងថា ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យត្រូវបានអនុវត្តតាំងពីឆ្នាំ ២០២០ មក ដោយក្នុងនោះក្រសួង និងស្ថាប័នសំខាន់ៗមួយចំនួនបានអនុវត្តនូវការតាមដាន និងពិនិត្យផងដែរ។
លោកបញ្ជាក់ថា៖ «យើងមានស្ថាប័ន ក្រសួងសម្រាប់ធ្វើការត្រួតពិនិត្យដែលស្ថាប័នទាំងនោះមានភារកិច្ចក្នុងការផ្សព្វផ្សាយក៏ដូចជាតាមដាននូវការអនុលោមភាពនៃការអនុវត្តនូវច្បាប់នេះទៅលើបុគ្គលរាយការណ៍ ដែលស្ថិតនៅក្រោមអាណាព្យាបាល ដូចជាក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងយុត្តិធម៌ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ»។
គួរបញ្ជាក់ផងដែរថា ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០៕