ពោធិ៍សាត់/កំពង់ឆ្នាំងៈ ជនប្រព្រឹត្តបទល្មើសនេសាទចល័តជាង ១០ នាក់ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងចាប់ខ្លួនបានជាបន្តបន្ទាប់ ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈអន្តរក្រសួងបានឯកភាពគ្នាបង្កើតទីបញ្ជាការឈរជើងថ្នាក់ជាតិជាអចិន្រៃ្តយ៍នៅទីតាំងសំខាន់ៗចំនួន ២ កន្លែងដើម្បីបង្ក្រាបបទល្មើសនេសាទ។
លោក ភុំ វិមល ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ការងារស្រាវជ្រាវ និង បង្ក្រាបបទល្មើសនេសាទ និងបទល្មើសកាប់ឈូសឆាយទន្ទ្រានដីព្រៃលិចទឹក គឺជាការងារស្នូលដែលក្រុមការងាររបស់លោកតែងតែយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំ បន្ទាប់ពីការងារផ្សព្វផ្សាយអប់រំ និងបណ្ដុះបណ្ដាលមុខជំនាញឯកទេស ពាក់ព័ន្ធវិស័យដាំដុះ និងចិញ្ចឹមសត្វដល់សហគមន៍កសិករ និងសហគមន៍នេសាទ។
លោកបានថ្លែងថា៖ «ថ្មីៗនេះ សមត្ថកិច្ចយើងបានបង្ក្រាបចាប់ក្រុមប្រព្រឹត្តបទល្មើសនេសាទចល័តចំនួន ៩ នាក់ ដែលបានប្រើអួនអូសធំៗភ្ជាប់ជាមួយឧបករណ៍ឆក់ត្រជាក់។ ពួកគេមានសញ្ជាតិកម្ពុជា ដើមកំណើតវៀតណាម ជាអ្នករស់នៅលើទូក និងផ្ទះបណ្ដែតទឹកចល័ត»។
លោកបានបន្តថា៖ «ទន្ទឹមនឹងនេះ ក្រុមសមត្ថកិច្ចយើងក៏បានបង្ក្រាបចាប់ក្រុមប្រព្រឹត្តបទល្មើស កាប់ ឈូសឆាយដីព្រៃលិចទឹក ចំនួន ៣ នាក់ផងដែរ »។
បើតាមលោក វិបុល បច្ចុប្បន្ន ក្រុមជនប្រព្រឹត្តបទល្មើសនេសាទ និងបទល្មើសកាប់បំផ្លាញព្រៃលិចទឹកជាជម្រកត្រីពងកូនទាំងនោះ កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ក្រោមបទចោទប្រកាន់ នេសាទត្រីដោយប្រើឧបករណ៍ឆក់ និងកាប់បំផ្លាញព្រៃលិចទឹក ក្នុងតំបន់ ៣ ដែលត្រូវបានហាមឃាត់»។
ចំណែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រៅពីចុះស្រាវជ្រាវបទល្មើសនេសាទហ៊ុមសម្រាស់ចាប់ត្រី ដែលមានប្រវែងរាប់ពាន់ម៉ែត្រ នៅតាមគន្លងប្រព័ន្ធដៃបឹង បឹងទន្លេសាប ដែលធ្វើឱ្យរាំងស្ទះដល់ចលនាត្រី និងនាវាចរណ៍ ក្រុមការងាររបស់លោក ដែលគាំទ្រដោយកម្លាំងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តកំពង់ឆាំ្នង កាលពីថ្ងៃទី ២៦ ខែមីនា បានចាប់ជនប្រព្រឹត្តបទល្មើសនេសាទចល័តដែលប្រើឧបករណ៍ឆក់ត្រជាក់ ចំនួន ២ នាក់ បញ្ជូនទៅតុលាការ។
លោកបញ្ជាក់ថា៖ «នៅខេត្តកំពង់ឆ្នាំង បទល្មើសនេសាទ ភាគច្រើនមាននៅក្នុង ស្រុកបរិបូណ៌ និងស្រុកកំពង់លែង ដោយសារ មានប្រជាជនរស់នៅផ្ទះបណ្ដែតទឹកចល័តច្រើន និងស្ថិតនៅដាច់ស្រយាលពីគេ»។ លោកបន្ថែមថា៖ «នៅពេលនេះក្រុមកម្លាំងសមត្ថកិច្ចចម្រុះយើង កំពុងចល័តទូកនៅក្នុងផ្ទៃបឹងទន្លេសាប ដើម្បីស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រ ស្រុកកំពង់លែងនៅឡើយ»។
ស្រដៀងគ្នានេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានថ្លែងថា នៅពេលនេះ លោក និងក្រុមការងារបច្ចេកទេសមួយចំនួនកំពុងរៀបចំបង្កើតគណៈកម្មការត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលថ្នាក់ខេត្តមួយ ដើម្បីស្រាវជ្រាវ និងបង្ក្រាបរាល់សំណុំរឿងបទល្មើសនេសាទទាំងអស់ យកមកចាត់ការតាមច្បាប់ឱ្យបានឆាប់រហ័សដោយម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅពង្រឹងប្រសិទ្ធភាពច្បាប់ និងការពារធនធានធម្មជាតិ ពិសេសធនធានជលផលទឹកសាបក្នុងតំបន់បឹងទន្លេសាប។
លោកបញ្ជាក់ថា៖ «នៅពេលនេះកិច្ចការបន្ទាន់នៅចំពោះមុខសម្រាប់ថ្នាក់ខេត្តយើង គឺរៀបចំគណៈកម្មការត្រួតពិនិត្យស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលមួយដែលមានតួនាទី ស្រាវជ្រាវកំណត់មុខសញ្ញាជនប្រព្រឹត្តបទល្មើសឧបករណ៍សំខាន់មួយចំនួនដែលជនល្មើសប្រើប្រាស់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល ដើម្បីឈានដល់ការបង្ក្រាបឱ្យចំគោលដៅ និងទាន់ពេលវេលា»។
បើតាមលោក រតនៈ កាលពីថ្ងៃទី ២៦ ខែមីនា រូបលោកផ្ទាល់ និងតំណាងគណៈអភិបាលខេត្តផ្សេងទៀតជុំវិញបឹងទន្លេសាបបានចូលរួមកិច្ចប្រជុំអន្តរក្រសួងលើកទី ២ ដែលដឹកនាំដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងមានការចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ម៉ៅ ហាក់ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត មកពីក្រសួងការពារជាតិបានឯកភាពគ្នាបង្កើតទីបញ្ជាការឈរជើងថ្នាក់ជាតិជាអចិន្រៃ្តយ៍នៅទីតាំងសំខាន់ៗចំនួន ២ កន្លែងជាបឋម ក្នុងចំណាម ៥ កន្លែងនៅបឹងទន្លេសាប ដើម្បីតាមដានត្រួតពិនិត្យជាប្រចាំ នូវរាល់សកម្មភាពល្មើសជលផលជាប្រចាំ និងធ្វើអន្តរាគមន៍តាមការចាំបាច់។
កិច្ចប្រជុំនេះក៏បានឯកភាពឱ្យគណៈបញ្ជាការឯកភាពថ្នាក់ខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប បង្កើតទីបញ្ជាការស្រាលនៅតាមបណ្តាទីតាំងចាំបាច់សំខាន់ៗដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចាត់តាំងមន្ត្រីក្រោមឱវាទរបស់ខ្លួន ធ្វើការផ្សព្វផ្សាយជាបន្ទាន់នូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសជលផល តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
ចាត់មន្ត្រីចុះធ្វើជំរឿន និងការស្រាវជ្រាវរកឧបករណ៍ និងមធ្យោបាយដែលប្រព្រឹត្តបទល្មើសជាបន្ទាន់។ ផ្តល់ការគាំទ្រ កិច្ចសហការ និងកិច្ចសម្របសម្រួលចាំបាច់នានាប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់ក្រុមការងារថ្នាក់ជាតិ និងសមត្ថកិច្ចអនុវត្តច្បាប់ក្នុងការចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងសមត្ថកិច្ចនៃបណ្តាខេត្តដែលជាប់នឹងបឹងទន្លេសាប។ ជាពិសេស «ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការយោគយល់ ចំពោះបទ-ល្មើសនេសាទ និងជនល្មើសនេសាទដែលបំផ្លិចបំផ្លាញធនធានជលផលនៅតំបន់បឹងទន្លេសាប»។
លោកបន្តថា យោងតាមស្មារតីនៃកិច្ចប្រជុំនោះ គណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបនឹងត្រូវធ្វើការកែសម្រួលឱ្យស្របតាមតម្រូវការជាក់ស្តែងក្នុងនោះលេខាធិការដ្ឋានថ្នាក់ជាតិមួយត្រូវបានបង្កើតឡើងនៅទីស្តីការក្រសួងកសិកម្ម ដើម្បីធ្វើការសម្របសម្រួលរាល់សកម្មភាពរបស់ក្រុមការងារចម្រុះថ្នាក់ជាតិ និងថ្នាក់ខេត្ត៕